ជាតិ
កុមារាម្នាក់ នៅមណ្ឌលគិរី ស្លាប់ដោយសារសត្វថ្លែនខាំ
02, Jun 2024 , 12:59 pm        
រូបភាព
ដៃរបស់កុមារា ដែលត្រូវ​សត្វថ្លែនខាំ។ រូបភាពពី​អគ្គស្នងការដ្ឋាននគរបាលជាតិ។
ដៃរបស់កុមារា ដែលត្រូវ​សត្វថ្លែនខាំ។ រូបភាពពី​អគ្គស្នងការដ្ឋាននគរបាលជាតិ។
កុមារាអាយុ៧ឆ្នាំ ម្នាក់រស់នៅ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានបាត់បង់ជីវិត បន្ទាប់ពី សត្វថ្លែនមួយក្បាល ខាំមេដៃខាងឆ្វេងរបស់គេ កាលពីម៉ោង១ និង២០នាទី រំលងអធ្រាត្រ ថ្ងៃទី៣១ ខែឧសភា។ នេះបើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។

 

 
អគ្គស្នងការដ្ឋាននគរបាលជាតិបានចុះផ្សាយសម្តីរបស់ ឪពុកម្ដាយជនរងគ្រោះ ដែលបានរៀបរាប់ ប្រាប់សមត្ថកិច្ចថា កូនប្រុសរបស់ពួកគេ ត្រូវសត្វថ្លែនមួយក្បាលខាំមេដៃខាងឆ្វេង រហូតចេញឈាម នៅថ្ងៃកើតហេតុនោះ។ ដោយសារឈឺចុកចាប់ខ្លាំង ពួកគេ បានយកកូនទៅប៉ុស្តិ៍សុខភាព ដែលនៅក្បែរបំផុតទីតាំងដែលខ្លួនរស់ ប៉ុន្តែ កូនបានស្លាប់ នៅតាមផ្លូវ។ 
 
«ដល់ម៉ោង០២និង០០នាទី(ថ្ងៃទី៣១ឧសភា) ក៏បានយកកូនទៅប៉ុស្តិ៍សុខភាពឃុំពូជ្រៃ ដោយផ្លូវឆ្ងាយហើយ មានការលំបាកមានភ្លៀងធ្លាក់ហើយក៏រអិលផងនោះ ទៅដល់ពាក់កណ្តាលផ្លូវ កូនក៏ធ្វើទុក្ខយ៉ាងខ្លាំងដោយដកចង្កាមាន់ និងកន្ត្រាក់ដៃជើង ពេលដឹកទៅដល់ប៉ុស្តិ៍សុខភាព នៅវេលាម៉ោង០៥ និង៣០នាទីព្រឹក ក្រុមគ្រូពេទ្យបានប្រាប់ខ្ញុំថា កូនរបស់ខ្ញុំបានស្លាប់បាត់ទៅហើយ»។ នេះជាការចុះផ្សាយអគ្គស្នងការដ្ឋាននគរបាលជាតិ តាមសម្តីរៀបរាប់ ឪពុកម្ដាយជនរងគ្រោះ ប្រាប់សមត្ថកិច្ច។
 
ទាក់ទងនឹងករណីនេះ សមត្ថកិច្ចជំនាញ ក៏បានត្រួតពិនិត្យលើដងខ្លួនសពផ្នែកក្បាល ផ្នែកដងខ្លួន និងផ្នែកអវយវៈផងដែរ។ តាមការពិនិត្យសពកុមារារងគ្រោះ ពុំឃើញមានស្លាកស្នាមដាច់រលាត់ ក្រៅពីស្នាមខាំលើមេដៃខាងឆ្វេងឡើយ។ នេះបើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិដដែល៕

Tag:
 ថ្លែន
  មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com