ជាតិ
បេក្ខជនជិត ៤ម៉ឺន​នាក់ ត្រូវ​ប្រឡងជ្រើសរើសគ្រូបង្រៀនថ្នាក់ «បឋមសិក្សា»
04, Jun 2024 , 6:59 pm        
រូបភាព
រូបភាពតំណាង។
រូបភាពតំណាង។
ភ្នំពេញ៖ បេក្ខជនជិត ៤ម៉ឺន​នាក់ ត្រូវបានអនុញ្ញាតឱ្យចូល​ប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅ «បឋមសិក្សា» ក្រោយ​ចុះ​ឈ្មោះ និង​បំពេញតាមលក្ខខណ្ឌគ្រប់គ្រាន់​។ នេះ​បើតាម​សេចក្ដី​សម្រេចរបស់​ក្រសួង​មុខងារ​សាធារណៈ ​ស្ដី​ពីការ​ទទួល​ស្គាល់​បេក្ខជនសម្រាប់​ការ​​ប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋម​សិក្សា។



ក្រោយ​ប្រកាស​ទទួល​ពាក្យ​ប្រ​ឡង​ប្រជែង​ជ្រើសរើស​គ្រូបង្រៀន​នៅ​​​បឋម​សិក្សា កាល​ពី​ចុងខែ​មេសា ក្រសួង​មុខងារ​សាធារណៈ បាន​ប្រកាស​ទទួល​ស្គាល់​បេក្ខជន​ចំនួន ៣៨ ១៦៨នាក់ ដែល​មាន​សិទ្ធិ​ប្រឡង​។ ដំណើរ​កា​រប្រឡង​ប្រជែង​ជ្រើស​រើស​គ្រូ​បង្រៀន​​នៅ​បឋម​សិក្សា​ ឱ្យ​ចូល​បម្រើ​ការ​ងារ​ក្នុង​ក្រប​ខណ្ឌ​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ចាប់​ផ្ដើម​នា​ពេល​ឆាប់​ៗនេះ។ 
 
បេក្ខជនប្រឡង​ មាន​ចំនួន ៣៨ ១៦៨នាក់ ក្នុង​នោះ​ស្រី​ចំនួន ២៨ ៤៥៦នាក់ ដែល​មក​ពី​២៥​រាជធានី-ខេត្ត។ បើតាម​សេចក្ដី​សម្រេច​ទួល​ស្គាល់​បេក្ខជន​របស់​ក្រសួង​មុខងារសាធារណៈ ចេញផ្សាយ​ថ្ងៃទី​១ មិថុនា ខេត្ត​សៀមរាប មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​ច្រើន​ជាង​គេ រហូតដល់​ជាង ៤ពាន់​នាក់។ ដោយឡែកខេត្ត​បាត់ដំបង មាន​បេក្ខជន​ជាង ៣ពាន់នាក់ និង​ខេត្ត​ព្រៃវែង​ មាន​បេក្ខជន​ជិត​៣ពាន់នាក់។ 
 
​ការ​ប្រ​ឡងនេះ នឹងសម្រេច​ជ្រើសរើស​គ្រូបង្រៀន​នៅ​​​បឋម​សិក្សា ចំនួន ១៣៤៧នាក់ ក្នុង​នោះ​ជ្រើសរើស​គ្រូបង្រៀន​​​​បឋម​សិក្សា ១២+៤ ចំនួន ៣០០នាក់ និង​​គ្រូបង្រៀន​​​​បឋម​សិក្សា ១២+២ ចំនួន ១០៤៧នាក់។ ​បន្ទាប់​ពី​ប្រឡង​ជាប់ បេក្ខជន​ទាំង​អស់ នឹង​ទទួល​បាន​​ការ​បណ្ដុះ​បណ្ដាល​​​ ​រយៈ​ពេល​​​៤​ឆ្នាំ និង​២ឆ្នាំ ដោយ​ចាប់​ផ្ដើម​​​នៅ​ក្នុង​ឆ្នាំ​២០២៤ នៅតាម​វិទ្យាស្ថាន​គរុកោសល្យ​ និង​សាលា​គរុ​កោសល្យ​ និង​វិក្រឹតការ​ខេត្ត៕ 
 

Tag:
 ក្រសួង​មុខងារសាធារណៈ
  អប់រំ
  គ្រូ​បង្រៀន
  បឋម​សិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com