រោងចក្រកែច្នៃគ្រាប់ និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈ របស់ក្រុមហ៊ុនជប៉ុន MIRATH GREEN TECH ត្រូវបានសម្ពោធដាក់ឱ្យដំណើរការផ្លូវការហើយ នាថ្ងៃទី៤ ខែមិថុនា នៅខេត្តកំពង់ធំ។ រោងចក្រ កែច្នៃខ្នាតតូចនេះ ប្រើប្រាស់ទុនជាង១លានដុល្លារ និងមានសមត្ថភាពកែច្នៃស្វាយចន្ទី ១,៥០០ តោន នៅក្នុងឆ្នាំដំបូង និងប្រមាណ ៣០០០តោននៅឆ្នាំបន្តបន្ទាប់។
លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា សមិទ្ធផលនេះកើតចេញពីការគាំទ្ររបស់ស្ថាប័នរដ្ឋ វិស័យឯកជន និងជំនួយបច្ចេកទេសពីក្រុមហ៊ុន TOP Planning Japan និងJICA។ ខណៈការកែច្នៃក្នុងស្រុកនៅមានកម្រិត ការទទួលបានរោងចក្រថ្មីនេះ នឹងជួយបង្កើនតម្លៃបន្ថែម បង្កើតការងារ និងលើកកម្ពស់ពិពិធកម្មសេដ្ឋកិច្ចជាតិ។
សមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) បានដាក់គោលដៅកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទី ទៅវៀតណាមឱ្យបាន៧០ភាគរយ ក្នុងទិសដៅបង្កើនការកែច្នៃក្នុងស្រុក។ បច្ចុប្បន្ន កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីទាំងជាប់សំបក ក្នុងរង្វង់ពី៧០ទៅ៨០ម៉ឺនតោន ក្នុងមួយឆ្នាំ ដោយទទួលបានតម្លៃចន្លោះពី១ដុល្លារ ទៅ១,៥ដុល្លារ ក្នុង១គីឡូក្រាម ដែលមានទំហំទឹកប្រាក់ប្រហែល ១ពាន់លានដុល្លារ។ ក្នុងចំនួននេះ ប្រសិនបើកម្ពុជាមានលទ្ធភាពកែច្នៃ ហើយនាំចេញដោយខ្លួនឯង វិស័យមួយនេះ នឹងមានសក្តានុពលខ្លាំងជាងមុន ដោយនាំមកនូវតម្លៃបន្ថែមរហូត៣ទៅ៤ដង។
បើតាម លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា កម្ពុជាត្រូវការរោងចក្រកែច្នៃ ខ្នាតមធ្យមយ៉ាងតិច៣៥ កន្លែង ដើម្បីសម្រេចបានមហិច្ឆតាកាត់បន្ថយការនាំចេញ។ បច្ចុប្បន្ន កម្ពុជាមានរោងចក្រ៤៥កន្លែង ប៉ុន្តែក្នុងនោះមានសហគ្រាសមធ្យមតែ៦កន្លែងប៉ុណ្ណោះ។
រដ្ឋាភិបាលបានដាក់ចេញនូវ «គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ ២០២២-២០២៧» ក្នុងគោលដៅកែច្នៃ និងពង្រីកការនាំចេញ ដើម្បីក្លាយជាប្រទេសផលិតស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។ បន្ថែមពីលើនេះ រដ្ឋាភិបាលក៏បានបង្កើតច្បាប់វិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះ ដើម្បីជំរុញការវិនិយោគ និងបង្កើនការប្រកួតប្រជែងផងដែរ។
បើតាម លោក តូច ប៊ុនហួរ ក្នុងអាណត្តិទី៧នេះ រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការបន្តជំរុញអភិវឌ្ឍស្វាយចន្ទី និងវិស័យកសិកម្ម ដោយការចាប់ផ្តើមកែច្នៃនាំចេញពីផលិតផលពាក់កណ្តាលសម្រេច ការបន្តពង្រឹងធ្វើម៉ាកនិងទីផ្សារ ការជំរុញចងក្រង និងបង្កើតសហគមន៍ស្វាយចន្ទី ការពិនិត្យលទ្ធភាពបង្កើនទុនបង្វិលសម្រាប់ប្រមូល ស្តុក និងកែច្នៃគ្រាប់ស្វាយចន្ទី។
វិធានការរបស់រដ្ឋាភិបាលមួយទៀត គឺដោះស្រាយបញ្ហាប្រឈមសម្រាប់ការវិនិយោគ ការសម្របសម្រួលពាណិជ្ជកម្ម និងការអនុគ្រោះផងដែរ។ បច្ចុប្បន្ន មានធនាគារ ARDB WING និងដៃគូដទៃទៀត ក្នុងការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប សម្រាប់គាំទ្រដល់ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ជាពិសេសការកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ។
កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅ បានចំនួន ៧១៦ ០០០តោន ចាប់ពីខែមករាដល់ឧសភា ក្នុងនោះ បរិមាណគ្រាប់ស្វាយចន្ទីចំនួន ៦៦៧ ០០០ តោនត្រូវបាននាំចេញទៅប្រទេសវៀតណាម។
ទំហំនាំចេញ គិតជាទឹកប្រាក់ ស្មើនឹងប្រមាណ ៨៥១លានដុល្លារ ខណៈបរិមាណនាំចេញកើនឡើងប្រមាណ ៣៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមានត្រឹម ៤៨៣ ០០០តោន ឬស្មើ ៦៦០លានដុល្លារ។ គិតជាទឹកប្រាក់ពីការនាំចេញស្វាយចន្ទីវិញ គឺកើនជិត៣០ភាគរយ។ នេះបើយោងតាមទិន្នន័យរបស់ សមាគមស្វាយចន្ទីកម្ពុជា៕