ជាតិ
សេដ្ឋកិច្ចអន្តរជាតិ
ក្រសួងអភិវឌ្ឍន៍ជនបទប្តេជ្ញាធ្វើផ្លូវកៅស៊ូ និងបេតុងនៅជនបទឲ្យបាន ៧៥ភាគរយនៅឆ្នាំ២០៣០ ![រូបភាព ៖ ក្រសួងអភិវឌ្ឍន៍ជនបទ](https://image.thmeythmey.com/pictures/2024/06/04/d__1_.jpg)
រូបភាព ៖ ក្រសួងអភិវឌ្ឍន៍ជនបទ
×![]()
ក្រសួងអភិវឌ្ឍន៍ជនបទ ប្តេជ្ញាកសាងផ្លូវដោយការចាក់បេតុង និងកៅស៊ូឲ្យបាន ៧៥ភាគរយនៃផ្លូវជនបទទាំងអស់ដែលមានប្រវែងជិត ៥ម៉ឺនគីឡូម៉ែត្រ។ បច្ចុប្បន្ន ផ្លូវភូមិដែលធន់នឹងការប្រែប្រួលអាកាសធាតុដោយការក្រាលកៅស៊ូ និងបេតុងមានចំនួនតែ ១៧ភាគរយប៉ុណ្ណោះ។
រហូតមកដល់បច្ចុប្បន្នផ្លូវជនបទដែលក្រាលកៅស៊ូ និងបេតុងមានប្រវែងប្រហែល ១ម៉ឺនគីឡូម៉ែត្រ។ ដើម្បីសម្រេចបានទៅតាមចក្ខុវិស័យ និងស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទនឹងខិតខំកសាងផ្លូវបេតុង និងក្រាលកៅស៊ូឲ្យបានច្រើនទៅតាមលទ្ធភាព។
«ជាពិសេសនៅឆ្នាំ ២០៣០ ធ្វើយ៉ាងណាឲ្យគ្រប់ភូមិ ឬ៧៥ភាគរយនៃភូមិទាំង ១៤៥៧៧ភូមិ មានផ្លូវតភ្ជាប់ដោយផ្លូវក្រាលកៅស៊ូ និងបេតុង»។ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់បែបនេះ ក្នុងវេទិកាពិភាក្សាលើប្រធានបទ«អ្វីទៅជាកិច្ចការអភិវឌ្ឍន៍ជនបទនៅកម្ពុជា» នៅថ្ងៃទី៤ ខែមិថុនា។
បើតាមលោក ឆាយ ឫទ្ធិសែន បច្ចុប្បន្នផ្លូវភូមិទូទាំងប្រទេសប្រមាណ ៩០ភាគរយត្រូវបានតភ្ជាប់គ្នា។ បន្ថែមពីនេះ ដោយសារតែមានការអភិវឌ្ឍទីក្រុង បច្ចុប្បន្នតំបន់ជនបទមានប្រមាណ ៦១ភាគរយនៃផ្ទៃដីសរុបទូទាំងប្រទេស។
រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន (ឆ្វេង) និង លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតនៃកម្ពុជា ។ រូបភាព ៖ CCJ
ពីទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋមន្រ្តីរូបនេះបានលើកឡើងថា ដោយសារថវិការជាតិផ្តល់ឲ្យក្រសួងអភិវឌ្ឍន៍ជនបទមានចំនួនតែ ៧៥លានដុល្លារក្នុងឆ្នាំ២០២៤ គឺមិនអាចឆ្លើយតបគ្រប់គ្រាន់ជាមួយកង្វះខាតការជុសជុលផ្លូវ និងកសាងផ្លូវថ្មីនោះទេ។ ដូច្នេះ ក្រសួងបានពឹងពាក់ជំនួយពីដៃគូអភិវឌ្ឍន៍ទាំងក្នុង និងក្រៅស្រុកដើម្បីសម្រេចតាមចក្ខុវិស័យ។
គួរបញ្ជាក់ថា ផ្លូវជនបទចែកចេញជា ៤ប្រភេទ គឺសំដៅលើផ្លូវដែលតភ្ជាប់ពីស្រុកទៅស្រុក ស្រុកទៅឃុំ ឃុំទៅឃុំ និងភូមិទៅភូមិ។
គិតត្រឹមដើមឆ្នាំ២០២៤ ផ្លូវជនបទមានចំនួន ១៦ ៦៧៤ខ្សែ ស្មើនឹង ៤៩ ១០៥គីឡូម៉ែត្រ។ ក្នុងនោះ ផ្លូវប្រភេទទី១ មានចំនួន ៧០៨ខ្សែ ស្មើនឹង ១០ ០៩២គីឡូម៉ែត ខណៈផ្លូវប្រភេទទី២ មានចំនួន ១ ១៤៩ខ្សែ ស្មើនឹង ៨ ៩៧០គីឡូម៉ែត្រ។ ទន្ទឹមនេះ ផ្លូវប្រភេទី៣ មានចំនួន ២ ៩៨៨ខ្សែ ស្មើនឹង ១២ ៣៦៤គីឡូម៉េត្រ និងផ្លូវប្រភេទទី៤ មានចំនួន ១១ ៨២៩ខ្សែ ស្មើនឹង ១៧ ៦៧៩គីឡូម៉ែត្រ៕
Tag:
ក្រសួងអភិវឌ្ឍន៍ជនបទ
ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com