ជាតិ
បទសម្ភាសន៍
វីដេអូ
សម័យបច្ចេកវិទ្យា៖ ចាស់ៗ ប្តូរពីស្តាប់វិទ្យុ មកប្រើប្រាស់ទូរស័ព្ទយ៉ាងទាន់សម័យ
05, Jun 2024 , 8:59 am        
រូបភាព
ដោយ៖ តុប វណ្ណារ៉ា

ភ្នំពេញ៖ សម័យកាលកាន់តែជឿនលឿន បរិបទសង្គមកាន់តែផ្លាស់ប្តូរ បានរុញច្រានឱ្យបច្ចិមវ័យ កែប្រែទម្លាប់ខ្លួន ជាពិសេសអ្នករស់នៅតាមជនបទ។ ផ្លាស់ប្ដូរពីការស្ដាប់វិទ្យុ និងទូរទស្សន៍ បច្ចិមវ័យបច្ចុប្បន្ន និយមប្រើប្រាស់ទូរសព្ទឆ្លាតវៃ ឬស្មាតហ្វូន ស្ទើគ្រប់គ្នា។

 
បើក្រឡេកទៅមើលអតីតកាលពី២០ឆ្នាំ ទៅ៣០ឆ្នាំមុន គេប្រាកដជាឃើញ មនុស្សចាស់ ឬបច្ចិមវ័យ ភាគច្រើនកាន់វិទ្យុតូច ឬធំល្មមតាមខ្លួន ដើម្បីស្ដាប់ព័ត៌មាន និងស្ដាប់ព្រះសង្ឃទេសនាជាដើម។ បច្ចិមវ័យខ្លះទៀត កាន់វិទ្យុមកអង្គុយស្ដាប់ព័ត៌មានជុំគ្នា នៅតាមហាងកាហ្វេ រោងជំនុំ ឬសាលាឆទានជាដើម។ ប៉ុន្តែសម័យបច្ចេកវិទ្យា ឬសម័យអ៊ីនធឺណិតនេះ គេលែងសូវឃើញរូបភាពបែបនេះទៀតហើយ ដោយសារមនុស្សចាស់នៅតាមភូមិស្រុកបច្ចុប្បន្ន និយមប្រើប្រាស់ទូរសព្ទឆ្លាតវៃ ឬស្មាតហ្វូន ជំនួសឱ្យការប្រើប្រាស់វិទ្យុ។ នោះក៏ព្រោះតែទូរស័ព្ទស្រាល និងងាយស្រួលដាក់តាមខ្លួន ហើយមើលឃើញទាំងរូបភាព ស្តាប់បានទាំងសំឡេង និងមានកម្មវិធីសម្បូរបែបជាងវិទ្យុ។
 
អង្អុយក្បែរសួនផ្កា មុខព្រះបរមរាជវាំង ដោយសន្តូកជើងត្រង់ទៅមុខ ជើងស្តាំគងលើជើងឆ្វេង ហើយដៃចុចទូរស័ព្ទអូសចុះអូសឡើង លោក លេង ធី កំពុងប្រើកែវភ្នែកទាំងគូ សម្លឹងមើលព័ត៌មាន និងវីដេអូកម្សាន្ត ក្នុងបណ្ដាញសង្គម។ ភ្នែកទាំងគូរបស់លោក ធី ស្ទើរតែមិនព្រិចភ្នែកសោះ ហាក់ដូចជាកំពុងជក់ចិត្តនឹងអ្វីមួយ នៅក្នុងទូរសព្ទដៃ។ អង្គុយមួយសន្ទុះ ប្រហែលចុកចង្កេះហើយ ទើបលោក ធី តម្រេតខ្លួនលើស្មៅ ដោយដៃម្ខាងទ្រក្បាល ហើយដៃម្ខាងទៀត កាន់ទូរស័ព្ទ មើលបន្ត។ 
 
សារព័ត៌មានថ្មីៗ ក៏បានដើរសំដៅទៅលោក លេង ធី ដើម្បីសាកសួរ និងជជែកពីការប្រើប្រាស់ទូរសព្ទ។ ជាអ្នកស្រុកពញាឮ ខេត្តកណ្តាល បុរសវ័យ៦៦ឆ្នាំរូបនេះ បានរៀបរាប់ថា កាលពីទូរស័ព្ទមិនទាន់និយមប្រើប្រាស់ទ្រង់ទ្រាយធំនោះ លោកនៅប្រើប្រាស់វិទ្យុ ដើម្បីស្តាប់ព័ត៌មាន និងកម្មវិធីកម្សាន្តនៅឡើយ។ តែបច្ចុប្បន្ននេះ លោក ងាកមកប្រើទូរស័ព្ទវិញ ដោយសារទូរស័ព្ទតូចស្រាល និងងាយស្រួលដាក់តាមខ្លូន។ ម្យ៉ាងទៀត វាមានមុខងារសម្បូរបែប ដោយអាចស្តាប់បានទាំងសំឡេង និងមើលឃើញទាំងរូបភាព។ «ទូរស័ព្ទងាយស្រួលដាក់តាមហោប៉ៅ ចង់មើលត្រង់ណា កន្លែងណាបានត្រង់នឹង»។ លោក លេង ធី មកភ្នំពេញរស់នៅជាមួយកូន ដើម្បីព្យាបាលជំងឺ បានបញ្ជាក់បែបនេះ។
 
លោក លេង ធី មានវ័យ៦៦ឆ្នាំ ជាពលរដ្ឋរស់នៅស្រុកពញាឮ ខេត្តកណ្ដាល
 
ក្នុងកាយវិការយឺតៗ និងសម្តីបង្អូសមួយៗ អ្នកខេត្តកណ្តាលរូបនេះ ប្រាប់ថា លោកចេះប្រើប្រាស់ទូរស័ព្ទបានតិចតួចប៉ុណ្ណោះ ដោយសារចៅជួយបង្រៀន។ « ខ្ញុំមើលបានត្រឹមតែមើលទេ ចង់បង្ហោះរូបភាព លុបរូបភាព ទាល់តែចៅប្រាប់»។ នេះបើតាមលោក ធី ដែលបានបន្ថែមថា លោកចូលចិត្តតាមដានព័ត៌មានតាមទូរស័ព្ទ ជាពិសេសព័ត៌មានសង្គមទាន់ហេតុការណ៍ ដូចជាគ្រោះថ្នាក់ចរាចរណ៍ អគ្គិភ័យ និងវិវាទដីធ្លីជាដើម។
 
លោក​ នួន ដា ក៏បានផ្លាស់ប្ដូរទម្លាប់ពីការស្តាប់វិទ្យុ មកប្រើប្រាស់ទូរស័ព្ទវិញដែរ ។ អង្គុយលើខឿនសួនច្បារ ខាងមុខព្រះបរមរាជវាំង ដោយបង់ករកូនកន្សែងពោះគោ អ្នកខេត្តស្វាយរៀង វ័យ ៥៦ឆ្នាំរូបនេះ ចូលចិត្តមើលព័ត៌មានទូទៅទាំងអស់ ដើម្បីបានដឹងពីស្ថានការណ៍ និងការអភិវឌ្ឍសង្គម។
 
លោក នួន ដា មានវ័យ៥៦ឆ្នាំ ជាពលរដ្ឋរស់នៅខេត្តស្វាយរៀង 
 
តែយ៉ាងណាទាំងលោក នួន ដា និងលោក លេង ធី ក៏បង្ហាញពីក្តីបារម្ភចំពោះភាពសម្បូរបែប លើប្រព័ន្ធផ្សព្វផ្សាយតាមទូរសព្ទនាពេលបច្ចុប្បន្ន ដែលធ្វើឱ្យមនុស្សចាស់ ចេះប្រើប្រាស់ទូរស័ព្ទនៅមានកម្រិត ប្រឈមនឹងការទទួលបានព័ត៌មានមិនពិត។
 
ត្រង់ចំណុចនេះ លោក លេង ធី បានបន្ថែមថា ការផលិតមាតិកា ឬវីដេអូ ដើម្បីធ្វើជាអាជីវកម្មផ្សព្វផ្សាយតាមបណ្ដាញសង្គមក្នុងទូរសព្ទដៃ ក៏កាន់តែកើនឡើង ខណៈចំណេះដឹងអ្នកប្រើប្រាស់នៅមានកម្រិត ។ ជាពិសេសអ្នកផលិតមាតិកាផ្សព្វផ្សាយក្នុងបណ្តាញសង្គម មានក្រមសីលធម៌វិជ្ជាជីវៈតិចតួចនៅឡើយ។ បុរសវ័យចំណាស់រូបនេះលើកឡើងដូច្នេះ៖ « ពេលខ្លះរឿងតែបន្តិចបន្តួចទេ តែអ្នកផ្សព្វផ្សាយមួយចំនួន ផ្សាយផ្ទាល់ កាត់ត ដូររូបភាព ផ្សព្វផ្សាយពីភាពអាក្រក់ ហើយរឿងតូចពង្រីកទៅជារឿងធំ លើសពីវិជ្ជាជីវៈសារព័ត៌មាន»។ 
 
លោក នួន ដា ទទូចឱ្យអ្នកផលិតមាតិកាក្នុងបណ្តាញសង្គម ផ្សព្វផ្សាយអ្វីដែលជាការពិតជាក់ស្តែង ដើម្បីជាប្រយោជន៍ដល់អ្នកតាមដាន គ្រប់ស្រទាប់វណ្ណៈ។ « អ្នកផ្សព្វផ្សាយតាមទូរស័ព្ទមួយចំនួន ចង់បានការគាំទ្រច្រើន ដើម្បីអាជីវកម្មរបស់ខ្លួនបំប៉ោងរឿងតូចទៅជារឿងធំ កាត់តរូបភាព សរសេរបញ្ចេញបញ្ចូលនាំឱ្យមានការយល់ច្រឡំ»។ នេះជាការយល់ឃើញរបស់លោក នួន ដា ដែលបានបន្ថែមថា ការផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ ក្នុងការបញ្រ្ជាបចំណេះដឹង ភាពជាគំរូល្អ ការលើកទឹកចិត្ត ជាពិសេសជួយផ្លាស់ប្តូរសង្គមឱ្យវិវឌ្ឍន៍ទៅមុខ។
 
និយាយដល់ត្រង់ចំណុចនេះ បុរសចំណាស់ទាំងពីររូប ក៏បានប្រៀបធៀបការផ្សព្វផ្សាយរវាងវិទ្យុ និងបណ្ដាញសង្គមតាមទូរស័ព្ទដៃថា ទោះបីជាទូរស័ព្ទទំនើបអាចមើលឃើញរូបភាព និងស្តាប់សំឡេងបានពិតមែន ប៉ុន្តែរាល់ការផ្សាយមិនប្រាដកថា ជាការពិតទាំងអស់ឡើយ ដែលផ្ទុយពីវិទ្យុ មានភាពសុក្រឹត និងការពិតភាគច្រើន ក្នុងការផ្សាយ៕

Tag:
 វិទ្យុ
© រក្សាសិទ្ធិដោយ thmeythmey.com