ជាតិ
សេដ្ឋកិច្ច
កំពង់ផែពហុបំណងកំពត​ ដំណាក់កាលទី១ តម្លៃជាង១៤០លានដុល្លារ ត្រូវបានដាក់ឱ្យ​ប្រើ​ប្រាស់​​​ផ្លូវការ
06, Jun 2024 , 10:13 am        
រូបភាព
កំពង់ផែពហុបំណងកំពត ដែលស្ថាបនារួចដំណាក់កាលទី១ ដោយចំណាយទឹកប្រាក់​ប្រ​មាណ ១៤០លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ នៅថ្ងៃទី៦​មិ​ថុនានេះ ក្រោមវត្តមាន សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ កំពង់ផែ​ពហុ​បំណង​កំពតនេះ ស្ថិត​នៅភូមិគីឡូ១២ សង្កាត់កោះតូច និង​សង្កាត់​បឹង​ទូក ក្រុងបូកគោ​។

 
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ក្នុងពិធី បើក​សម្ពោធនេះថា ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ដែលត្រូវបានស្ថាបនានៅក្នុងដំណាក់កាលទី១ នេះមានចំណតនាវា មានបណ្តោយប្រវែង ៤៥០ម៉ែត្រ និងទទឹងប្រវែង ៦០ម៉ែត្រ, ទីលានកុងតឺន័រ ​ទំហំផ្ទៃសរុប ៥,៥ម៉ឺនម៉ែត្រការ៉េ, ឃ្លាំងស្តុកទំនិញមានទំហំ​ ៨ ៨០០ម៉ែត្រ​ការ៉េ, អគារត្រួតពិនិត្យទំនិញមានទំហំ ១ ៣៣០ម៉ែត្រការ៉េ និងអគាររដ្ឋបាលជាដើម។

ចំពោះដែនទឹករបស់កំពង់ផែ គឺជាសម្បត្តិរបស់រដ្ឋដែលរាជរដ្ឋាភិបាល បានកំណត់ផ្តល់សិទ្ធិប្រើប្រាស់ក្នុងទំហំសរុប ៦៧៨ហិកតា រួមជាមួយការស្ថាបនាប្រឡាយនាវាចរណ៍ មានបណ្តោយ ២ ៦០០ម៉ែត្រ ទទឹងប្រវែង ១៧០ម៉ែត្រ និងជម្រៅទឹក ១០ម៉ែត្រ ដែលអាចអនុញ្ញាតឱ្យនាវាចំណុះ ១០ ០០០តោន ឬស្មើនឹង ៦៦៦TEU ចូលចតបាន។ នេះបើតាមលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ ដោយលោក បន្ថែមទៀតថា  ហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែ ក៏គ្រោងនឹងពង្រីកបន្ថែមដែរ ដោយនៅដំណាក់កាលទី២ និងដំណាក់កាលទី៣ គ្រោងសាងសង់ឡើងដោយមានជម្រៅទឹករហូតដល់ ១៣ម៉ែត្រ ដែលអាចអនុញ្ញាតឱ្យនាវាចំណុះ ២០ ០០០តោន អាចចេញ-ចូលបាន។  

បើតាមលោករដ្ឋមន្ត្រី កំពង់ផែនេះ ត្រូវបានរំពឹងថា នឹង​ក្លាយ​ជាសរសៃ​ឈាម​ដ៏សំខាន់ ​សម្រាប់​​​ការដឹក​ជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា និងជួយជំរុញសេដ្ឋកិច្ច​បន្ថែមទៀត។ «កំពង់ផែ​ពហុបំណងកំពតនេះ ត្រូវបានរំពឹងថា នឹងក្លាយជាសរសៃឈាមដ៏សំខាន់​សម្រាប់​ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ដែលនឹងចូលរួមចំណែកជំរុ​ញ​សេដ្ឋ​កិច្ច​កម្ពុជា ឱ្យ​មានកំណើន​បន្ថែមទៀត ហើយនឹងក្លាយជាកំពង់ផែទឹកជ្រៅមួយបន្ថែម​ទៀត​របស់កម្ពុជា ដែល​នឹងជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ»​។ លោក ប៉េង ពោធិ៍នា បញ្ជាក់ដូច្នេះ មុននឹងបន្តថា ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ពីកំពង់​ផែ​នេះ​ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏អាចដំណើរការទៅបាន ដោយពុំចាំបាច់​ប្តូរ​នាវា​​លើកលែងតែការដឹក​ជញ្ជូនទំនិញទៅកាន់​សហរដ្ឋ​អា​ម៉េរិក និងអឺរ៉ុបប៉ុណ្ណោះ។
សូមបញ្ជាក់ថា គម្រោងសាងសង់មណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នៅ​ខេត្តកំពត មានទុនវិនិយោគចំនួន ១ ៣០០លានដុល្លារ អភិវឌ្ឍន៍ដោយ​ក្រុម​ហ៊ុន KAMPOT LOGISTICS AND PORT COMPANY LIMITED។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ផ្ដល់លិខិត​អនុញ្ញាតឱ្យកំ​ពង់​ផែ​នេះ ធ្វើ​ប្រតិបត្តិការ​អាជីវ​កម្ម កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដែលមានសេវាកម្ម​សំ​ខាន់​ៗ ដូច​ជាសេវាកម្ម​នាវាចរ កណ្ណធារ, សេវាកម្មផ្ទេរផ្ទុក លើកដាក់ និងដឹកជញ្ជូន​ទំនិញ, សេវាកម្ម​ស្ដុក និង​ថែរក្សាទំនិញ, សេវាកម្មនាវាទេសចរណ៍អន្តរជាតិ និងតំបន់​សេដ្ឋកិច្ច​ពិសេស៕​​

© រក្សាសិទ្ធិដោយ thmeythmey.com