ជាតិ
សេដ្ឋកិច្ច
ឈ្មួញ ចិន ថៃ និងវៀតណាម សម្រុកទិញទុរេនពីកម្ពុជា ដើម្បីលក់បន្ត
06, Jun 2024 , 12:08 pm        
រូបភាព
ប៉ុន្មានថ្ងៃមកនេះ មានឈ្មួញចិន ថៃ និងវៀតណាម បានសម្រុកទិញផ្លែទុរេនពីកសិករខ្មែរ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីលក់បន្ត។ បើតាមកសិករ ការចូលទិញដោយផ្ទាល់ពីឈ្មួញបរទេសនៅពេលនេះ មានចំនួនច្រើនជាងបណ្ដាឆ្នាំមុនៗ ដោយសារតែ វិបត្តិអាកាសធាតុក្នុងឆ្នាំនេះ ទាញទម្លាក់ទិន្នផលទុរេនស្ទើរគ្រប់តំបន់ ដែលជាហេតុធ្វើឱ្យប្រទេសទាំងអស់នោះខ្វះខាត ទើបងាកមករកកម្ពុជា។



ម្ចាស់ចម្ការទុរេន ប៊ុនថេង​ នៅស្រុកថ្មបាំង បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៥ ខែមិថុនាថា រយៈពេល២ -៣ថ្ងៃ ចុងក្រោយនេះ មានឈ្មួញមកពីប្រទេសចិន ថៃ និងវៀតណាមជាច្រើន បានសម្រុកទិញផ្លែទុរេន ពីកសិករក្នុងស្រុកថ្មបាំង ដល់ចម្ការផ្ទាល់។ គិតត្រឹមថ្ងៃទី៤ ខែមិថុនា ថៃប្រមូលទិញផ្លែទុរេនបានប្រមាណ ៣០០តោន រីឯ ចិននិងវៀតណាមបានប្រហែល ៦០តោន។ ទុរេន ដែលឈ្មួញបរទេសប្រមូលទិញ សុទ្ធសឹងមានគុណភាពលេខ១ គ្មានសត្វល្អិតស៊ី ឬធ្វើឱ្យខូច ហើយអាយុនៃការទុំ ត្រឹម៨០ទៅ៨៥ភាគរយប៉ុណ្ណោះ។ 
 
កសិករក្នុងស្រុកថ្មបាំងមិនទាន់ដឹងថា ទុរេនដែលគេយកលក់បន្តនេះ ដាក់ឈ្មោះជាផលិតខ្មែរ ឬយ៉ាងណានោះទេ។ ទោះជាបែបណាក៏ដោយ ពួកគេសប្បាយចិត្តចំពោះទីផ្សារបរទេសនេះ។

តម្លៃដែលឈ្មួញចិន ថៃ និងវៀតណាម ផ្ដល់ឱ្យជាមធ្យម១៤០០០រៀល ក្នុង១គីឡូក្រាម។ តម្លៃនេះ គឺប្រហាក់ប្រហែលនឹងការលក់ឱ្យឈ្មួញក្នុងស្រុកដែរ។
  


អ្នកស្រី ប៊ុនថេង ប្រាប់ដូច្នេះថា៖«គេគ្រាន់តែប្រាប់ថា ទុរេនទាំងអស់នឹង គឺទិញដើម្បីនាំចេញ តែមិនដឹងថា គេដាក់ឈ្មោះជាកសិផលរបស់ខ្មែរយើង ឬអត់ទេ។ នៅពេលដែលមានទីផ្សារបែបនេះ គឺពួកយើងសប្បាយចិត្ត ហើយក៏អាចឱ្យគេស្គាល់ពីកសិផលនៅក្នុងស្រុកថ្មបាំងផង ព្រោះថាកន្លងទៅគេអត់ដឹងថា ស្រុកថ្មបាំងមានទុរេនទេ»។​
 
សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់ពី អ្នកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង និងកញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បាននោះទេថា «ការសម្រុកទិញរបស់ឈ្មួញបរទេសទាំងនេះ ជាការនាំចេញផ្លូវការ ឬក្រៅផ្លូវការ»។ 
 
ចំណែក លោក​ សឿន ប៊ុនថង ម្ចាស់ចម្ការម្នាក់ទៀតនៅស្រុកថ្មបាំង បានឱ្យដឹងដែរថា ឆ្នាំមុនៗ ក៏មានឈ្មួញចិន ថៃ និងវៀតណាម ចូលមកទិញផ្លែទុរេនដែរ ប៉ុន្តែឆ្នាំនេះ គឺមានចំនួនច្រើន។ លោកថា ការសម្រុកទិញរបស់ឈ្មួញបរទេសនៅពេលនេះ ដោយសារតែកម្ពុជា និងបណ្ដាប្រទេសជុំវិញ ជួបបញ្ហាការកើនឡើងកម្ដៅ និងរាំងស្ងួត ដែលធ្វើឱ្យដើមទុនរេនងាប់ ហើយផ្លែមិនសូវល្អ ឬខូចជាដើម។ ម្យ៉ាងទៀត មកទល់ពេលនេះ ថៃ និងវៀតណាម បានប្រមូលផលអស់មុនកម្ពុជា ដូច្នេះ ដើម្បីឆ្លើយតបនឹងតម្រូវការអ្នកបរិភោគ ពួកគេត្រូវតែងាកទិញពីកម្ពុជា។ 
  


លោក ប្រាប់ដូច្នេះថា៖«ការសម្រុកទិញរបស់ឈ្មួញបរទេសនេះ គឺទី១ទាក់ទងនឹងបញ្ហាអាកាសធាតុ។ ទី២ ទាក់ទងនឹងការប្រមូលផល មានន័យថា ខាងថៃ និងវៀតណាម គេប្រមូលផលផ្លែទុរេនអស់មុនយើង ដូច្នេះ ដើម្បីបំពេញតម្រូវការអ្នកហូប គេត្រូវតែមកទិញពីយើងហើយ»។ 
 
នៅឆ្នាំ២០២៤នេះ គ្រោះរាំងស្ងួត ដែលបណ្ដាលមកពីបាតុភូតសកលអែលនីញ៉ូ បានទាញទម្លាក់ទិន្នផលទុរេនសឹងគ្រប់តំបន់។ ដោយឡែក នៅស្រុកថ្មបាំងវិញ ទិន្នផលផ្លែទុរេនបែរជាកើនឡើងពី ២០ទៅ៣០ភាគរយ ដោយសារតែនៅតំបន់នោះ សម្បូរព្រៃភ្នំ និងមានភ្លៀងធ្លាក់ជាអន្លើ ដែលសមស្របបំផុតសម្រាប់ដំណាំទុរេន។
 
ក្នុងពេលដែលទិន្នផលកើនឡើង តម្លៃ និងទីផ្សារទុរេនឆ្នាំក៏សមប្រកប ដែលធ្វើឱ្យកសិករក្នុងស្រុកថ្មបាំង សប្បាយរីករាយ និងទទួលបានចំណូលច្រើន។ ជាក់ស្ដែង សូម្បីតែ អ្នកមានដើមទុរេនត្រឹម១០ ទៅ១៥ដើម ក៏អាចរកចំណូលបាន៤០លានរៀលដែរ។ នេះលើកឡើងរបស់ អ្នកស្រី ប៊ុន ថេង ដោយបន្ថែមថា៖« នៅស្រុកថ្មបាំងនេះ ធ្លាប់តែមួយឆ្នាំភ្លៀង១០ខែ តែនៅក្នុងបរិបទអាកាសធាតុប្រែប្រួលនេះ បែរទៅជាសមស្របវិញ។ ដូច្នេះ អាកាសធាតុមិនមែនជាបញ្ហានោះទេ ហើយភ្លៀងក៏ធ្លាក់ជាអន្លើដែរ អត់ដូចតំបន់ផ្សេងៗទេ។​ កត្តានេះ បានធ្វើឱ្យទិន្នផលបានកើនឡើងពី២០ទៅ៣០ភាគរយ ហើយអ្នកខ្លះកើនដល់៥០ភាគរយ ធៀបនឹងឆ្នាំមុន»៕ 
 

Tag:
 កសិកម្ម
  ទុរេន
  ស្រុកថ្មបាំង
© រក្សាសិទ្ធិដោយ thmeythmey.com