ជាតិ
វីដេអូ
យុទ្ធនាការសម្អាតសំរាមប្លាស្ទិក ជំរុញសហគមន៍កំពង់ឃ្លាំង កាន់តែទាក់ទាញទេសចរ
06, Jun 2024 , 7:59 pm        
រូបភាព
ការសម្អាតបរិស្ថានប្រមូលសំរាមប្លាស្ទិកនៅសហគមន៍កំពង់ឃ្លាំង។
ការសម្អាតបរិស្ថានប្រមូលសំរាមប្លាស្ទិកនៅសហគមន៍កំពង់ឃ្លាំង។
សៀមរាប៖ វិស័យរដ្ឋ និងឯកជន បានបន្តជំរុញឱ្យសហគមន៍មូលដ្ឋានមានភាពស្អាត ពិសេសទុកដាក់សំរាមប្លាស្ទិកឱ្យបានត្រឹមត្រូវ។ នៅសហគមន៍កំពង់ឃ្លាំង ដែលជាតំបន់ទេសចរណ៍​បឹងទន្លេសាប​ដ៏ទាក់ទាញមួយ ក៏គួរមានរបៀបទុកសំរាមប្លាស្ទិកឱ្យត្រឹមត្រូវដែរ ដើម្បីទាក់ទាញទេសចរ។

 

ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) លោកស្រី ឆាយ ស៊ីវលីន លើកឡើងថា ទេសចរគ្រប់រូបសុទ្ធសឹងស្រឡាញ់ភាពស្អាត និងកន្លែងមានអនាម័យ។ ដូច្នេះដើម្បីឱ្យទេសចរមកលេង តំបន់ផ្សេងៗបាន នៅមូលដ្ឋាននោះត្រូវតែមានភាពស្អាត ប្រជាជនមានការយល់ដឹងខ្ពស់ពីការប្រើប្រាស់ និងទុកដាក់សំរាមឱ្យបានល្អ។ ក្នុងពិធីបិទយុទ្ធនាការសម្អាតបរិស្ថានប្រមូលសំរាមប្លាស្ទិករដូវទឹកសម្រក និងកម្មវិធីបើកយុទ្ធនាការថ្មីប្រមូលសំរាមពេលទឹកទន្លេសាបឡើងវិញ ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នាថ្ងៃទី៦ មិថុនា លោកស្រី ឆាយ ស៊ីវលីន សង្កត់ធ្ងន់ដូច្នេះថា៖« កាលណាកន្លែងយើងស្អាត ធ្វើឱ្យគេចាប់អារម្មណ៍។ ត្រូវចាប់អារម្មណ៍ថា អ្នកដែលដើរលេង គេចង់ដើរតែកន្លែងស្អាត»។
 
វិស័យទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែង និងងាយស្រួលទទួលបានចំណូល ប្រសិនបើមានការរៀបចំ បានល្អ។ លោកស្រី ឆាយ ស៊ីវលីន ផ្តាំទៅសហគមន៍កំពង់ឃ្លាំង ដែលភាគច្រើនជាអ្នកនេសាទថា សហគមន៍នេះមានសក្កានុពលណាស់ទាំងដែនដីគោក និងទឹក នោះគឺបឹងទន្លេសាបតែម្ដង។ លោកស្រីបន្តថា៖« ទីនេះសំណាង យើងមានទឹកមានដី ក្នុងទឹកមានជីវចម្រុះអាចចិញ្ចឹមពលរដ្ឋ និងទេសចរមើលបាន។ ប្រសិនយើងស្អាត ចេះបម្រើទេសចរ គេយកលុយមកឱ្យយើងទីនេះ យើងទទួលបានចំណូលពីទេសចរណ៍ អាចចិញ្ចឹមជីវិតបានស្រួល មិនបាច់ប្រើកម្លាំងហត់ច្រើនទេ»។ 
 

អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ ចង់ឱ្យយុវសិស្សដែលជាធនធានជំនាន់ក្រោយៗ រៀន និងយល់ពីបញ្ហាប្លាស្ទិក។ ថ្លែងទៅកាន់អ្នកចូលរួមប្រមាណជាង៣០០នាក់ ដែលភាគច្រើនជាសិស្ស លោក យុន លីនណេ លើកទឹកចិត្តឱ្យពួកគេត្រឡប់ទៅផ្ទះវិញរៀបចំផ្ទះសម្បែងឱ្យបានស្អាត កុំបោះចោលសំរាមពាសកាល ដាំផ្កាលម្អផ្ទះ និងដាំកូនឈើឱ្យបានច្រើន។ 
 
លោក លីនណេ ថ្លែងដូច្នេះថា៖« រាល់ថ្ងៃយើងមានការប្រើប្រាស់ប្លាស្ទិកដែរ ប៉ុន្តែការទុកដាក់ប្លាស្ទិកដោយមិនពង្រាយបោះចោលនិងថ្នល់ដូច្នេះ គឺជារឿងមួយដែលយើងគួរអនុវត្ត  ដូច្នេះការប្រើប្រាស់ត្រូវទុកដាក់ឱ្យបានត្រឹមត្រូវ។ ឥឡូវនេះក្រសួងបរិស្ថានមានយុទ្ធនាការ កម្ពុជាស្អាត បរិស្ថានយើងស្អាត មិនប្រើថង់ប្លាស្ទិក ដូច្នេះយើងរួមគ្នាដើម្បីបរិស្ថានស្អាតទាំងអស់គ្នា»។
 
គួររំឭកថា យុទ្ធនាការប្រមូលសំរាមប្លាស្ទិក ផ្តួចផ្តើមបង្កើតឡើងដោយអង្គការមូលនិធិទំពាំងស្នងឫស្សី សហការជាមួយសហគមន៍មូលដ្ឋាន ដោយមានការចូលរួមពីសមាគម CATA។ បង្កើតឡើងរយៈពេល៧ឆ្នាំមកនេះ យុទ្ធនាការខាងលើបានបំផុសចលនាសហគមន៍តាមតំបន់​ជាប់បឹងទន្លេសាបក្នុងខេត្តសៀមរាប ឱ្យទុកដាក់សំរាមបានត្រឹមត្រូវ មិនបោះចោលក្នុងទឹក និងការលើកទឹកចិត្តដូចជាផ្តល់ការឧបត្ថម្ភ ជំរុញចលនាប្រកួតប្រជែងយករង្វាន់ក្នុងសហគមន៍ជាដើម។ល៕







Tag:
 សំរាម
  ប្លាស្ទិក
  សហគមន៍កំពង់ឃ្លាំង
© រក្សាសិទ្ធិដោយ thmeythmey.com