ជាតិ
សេដ្ឋកិច្ច
ធនាគារពិភពលោក ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា មាន ៥,៨ភាគរយនៅឆ្នាំ២០២៤
06, Jun 2024 , 8:59 pm        
រូបភាព
សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានកើនឡើងខ្ពស់នៅក្នុងត្រីមាសទី​១ ឆ្នាំនេះ ដោយសារតែការងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ ទោះបីជាតម្រូវការក្នុងស្រុកបានធ្លាក់ចុះក៏ដោយ។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោកខែមិថុនា។

 
​កំណើនសេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្តិចពីកម្រិត ៥,៦ភាគរយក្នុងឆ្នាំ ២០២៣​ ទៅ ៥,៨ភាគរយនៅឆ្នាំ២០២៤ ។ ធនាគារពិភពលោក ក៏បានព្យាករកំណើនសេដ្ឋកិច្ច សម្រាប់ឆ្នាំ ​២០២៥ នៅកម្រិត៦,១ភាគរយ និងឆ្នាំ២០២៦ នឹងប្រសើរឡើងបន្ថែមទៀតនៅកម្រិត ៦,៤ភាគរយ។ សន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជានេះ ដោយសារតែភាពប្រសើរឡើងនៃការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួមទាំងកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។​
 
បើតាមការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ប្រសើរជាងគេបើធៀបប្រទេសក្នុងតំបន់ដូចជា ថៃ (២,៨ភាគរយ) វៀតណាម (៥,៥ភាគរយ) ឡាវ(៤ភាគរយ) មីយ៉ាន់ម៉ា (១,៣ភាគរយ) ហ្វីលីពីន (៥,៨ភាគរយ) ម៉ាឡេស៊ី (៤,៣ភាគរយ) និងឥណ្ឌូណេស៊ី (៤,៩ភាគរយ) សម្រាប់ឆ្នាំ២០២៤។ 
 
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា ៖« ដើម្បីរក្សាកំណើនសេដ្ឋកិច្ចបន្ត កម្ពុជាត្រូវរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ ដោយការស្ដារឡើងវិញនូវលំហសារពើពន្ធ និងការការពារវិស័យហិរញ្ញវត្ថុរបស់ខ្លួន»។
 
ថ្លែង​នៅក្នុងកម្មវិធីផ្សព្ធផ្សាយបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជានៅ Raffles Hotel Le Royal នាព្រឹកថ្ងៃទី៦ ខែមិថុនា លោកស្រី ម៉ារីយ៉ាម សាលីម បន្តថា​ កម្ពុជា អាចពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន តាមរយៈការកែលម្អបរិយាកាសធុរកិច្ច សម្រួលនីតិវិធីពាណិជ្ជកម្មនៅតាមព្រំដែន ធ្វើឱ្យការផ្គត់ផ្គង់ថាមពលកាន់តែអាចទុកចិត្តបាន ជាពិសេសពង្រឹងវិស័យអប់រំ។
 
 ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម ។ រូបភាព ៖ World Bank Cambodia
 
កំណើនភ្ញៀវទេសចរអន្តរជាតិនៅត្រីមាសទី១ កើនដល់ ៨៤ភាគរយបើធៀបការមកដល់មុនពេលមានជំងឺរាលដាលកូវីដ-១៩។ ទន្ទឹមនេះ ការ​នាំ​ចេញ​សម្លៀក​បំពាក់ ទំនិញ​ធ្វើ​ដំណើរ និង​ស្បែក​ជើង ​បាន​ស្ទុះ​ងើប​ឡើង​វិញ ខណៈ​ដែល​ការ​នាំ​ចេញ​ទំនិញមិន​មែន​សម្លៀក​បំពាក់ ជា​ពិសេស​ទំនិញ​កសិកម្ម​ នៅ​តែ​មាន​ភាព​ធន់ល្អ។ 
 
ទន្ទឹមនេះ អាស៊ានបានក្លាយជាទីផ្សារនាំចេញធំទី២ របស់កម្ពុជាបន្ទាប់ពីអាម៉េរិក។ ការកើនឡើងនៃការវិនិយោគពីបរទេសក្នុងវិស័យផលិតកម្ម និងកសិកម្ម ក៏បានរួមចំណែកដល់ការងើបឡើងវិញដែរ។ 
 
លើសពីនេះ អតិផរណាកម្ពុជាបានធ្លាក់ចុះដល់កម្រតសូន្យក្នុងខែមីនា ដោយសារតម្លៃម្ហូបអាហារបានធ្លាក់ចុះ ខណៈគណនីចរន្តបានកត់ត្រានូវអតិរេក ដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំ២០២៣ ដោយសារឱនភាពពាណិជ្ជកម្មរួមតូច និងការកើនឡើងនៃភ្ញៀវទេសចរ។​
 
យ៉ាងណាមិញ សកម្មភាពក្នុងវិស័យសំណង់នៅតែមានមានភាពលូតលាស់តិចតួច ខណៈដែលទីផ្សារអចលនទ្រព្យនៅតែបន្តធ្លាក់ចុះ។ ជាលទ្ធផល កំណើនឥណទានក្នុងស្រុកបានធ្លាក់ចុះយ៉ាងខ្លាំង បណ្ដាលឱ្យមានការកាត់បន្ថយការចំណាយឯកជន និងប៉ះពាល់ដល់ការប្រមូលចំណូលក្នុងស្រុក។
 
លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់ធនាគារពិភពលោកប្រចាំកម្ពុជា
បានលើកឡើងថា ការចំណាយពេល ដើម្បីទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការអាជីវកម្មយូរ មានរយៈពេល៣០ថ្ងៃ ស្របពេលនៅវៀតណាម ១៣ថ្ងៃ ឥណ្ឌូណេស៊ី ៩ថ្ងៃ និងសិង្ហបុរីត្រឹមតែ ១៧ថ្ងៃ។ ការណ៍នេះបានធ្វើឲ្យវិនិយោគិននៅក្រៅស្រុក រួញរាក្នុងការមកបោះទុនរកស៊ីនៅស្រុកខ្មែរ។ 
 
«យើងមើលប្រទេសជិតខាងដូចជាវៀតណាមគេប្រើពេលតិចដោយសារគេប្រើ Technology (បច្ចេកវិទ្យា) ដើម្បីដាក់ប្រើក្នុងប្រព័ន្ធទាំងអស់ ដូច្នេះប្រសិនបើមិនប្រើប្រព័ន្ធបច្ចេកវិទ្យាឌីជីលថលទេ ចឹងយើងនៅតែជួបបញ្ហាស្មុគស្មាញ»។ លោក លី សូដេតបានលើកឡើងបែបនេះ ដោយស្នើឲ្យកម្ពុជាបំពាក់ប្រព័ន្ធបច្ចេកវិទ្យាបន្ថែម ដើម្បីពន្លឿនការចុះបញ្ជីប្រតិបត្តិការអាជីវកម្ម។ 
 
 សេដ្ឋវិទូជាន់ខ្ពស់ធនាគារពិភពលោកប្រចាំកម្ពុជា លោក លី សូដេត ។ រូបភាព ៖ World Bank Cambodia
 
នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចប្រចាំឆមាសទី១នេះ  ក៏បានផ្ដោតពិសេសទៅលើការពិនិត្យមើលរបៀប ដែលកម្ពុជាអាចពង្រឹងប្រព័ន្ធអប់រំរបស់ខ្លួន ដើម្បីបង្កើនពលកម្មដែលមានជំនាញ និងបង្កើនផលិតភាព។ របាយការណ៍នេះបានផ្ដល់អនុសាសន៍ដល់កម្ពុជាមួយចំនួនដូចជា ត្រូវបង្កើនការវិនិយោគលើការអប់រំកុមារតូច និងនៅបឋមសិក្សា លើកកម្ពស់ប្រសិទ្ធភាពគ្រូបង្រៀន និងធ្វើឲ្យការបែងចែកធនធានកាន់តែមានសមធម៌៕ ​
 

Tag:
 សេដ្ឋកិច្ច
  ធនាគារពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com