ជាតិ
សេដ្ឋកិច្ច
ខេត្តកំពត និងកែប មិនអនុញ្ញាតឱ្យបើកកាស៊ីណូឡើយ
06, Jun 2024 , 9:29 pm        
រូបភាព
រដ្ឋាភិបាល មិនឱ្យអនុញ្ញាតបើកកាស៊ីណូ នៅក្នុងខេត្តកំពត និងកែបឡើយ។ សម្ដេច ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅខេត្តកំពត នាព្រឹកថ្ងៃទី៦ មិថុនា។



សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ខេត្តកំពត និងខេត្តកែប មានសក្តានុពលវិស័យឧស្សាហកម្ម កម្មន្តសាល កសិកឧស្សាហកម្ម ឡូជីស្ទីក និងទេសចរណ៍ ដូច្នេះមិនត្រូវឱ្យមានវត្តមានកាស៊ីណូឡើយ លើកលែងតែនៅលើភ្នំបូកគោ និងតំបន់ព្រំដែន ដែលធ្លាប់បានអនុញ្ញាត និងដំណើការរួចមកហើយ។
 
«កន្លងទៅមានការស៊ើបសួរ អំពីការស្នើសុំអាជ្ញាបណ្ណបើកកាស៊ីណូនៅខេត្តកំពត ខ្ញុំសូមបញ្ជាក់ថា ការបើកកាស៊ីណូកន្លងទៅអនុញ្ញាតតែនៅច្រកព្រំដែន ហើយមានតែមួយទេនៅបូកគោ អ៊ឹចឹងពីនេះទៅមុខគឺក្រៅពីកន្លែងនេះ គឺមិនចេញអាជ្ញាបណ្ណសម្រាប់ធ្វើកាស៊ីណូនៅក្នុងខេត្តកំពតទៀតទេ»។ នេះបើតាមប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា បើចង់បើកកាស៊ីណូ គឺទៅបើកនៅច្រកព្រំដែន មិនអនុញ្ញាតឱ្យបើកកាស៊ីណូ នៅទីរួមខេត្តឡើយ។
 
សម្តេចនាយករដ្ឋមន្រ្តី ប្រកាសស្វាគមន៍រាល់ការវិនិយោគលើវិស័យទេសចរណ៍ សណ្ឋាគារ តំបន់សេដ្ឋកិច្ច កសិឧស្សាហកម្ម កម្មន្តសាល នៅខេត្តកំពត និងខេត្តកែប ដែលជាខេត្តជាប់មាត់សមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា។ ប៉ុន្តែការបើកកាស៊ីណូ គឺមិនអនុញ្ញាតនោះទេ ព្រោះរដ្ឋាភិបាលចង់ទុកឱ្យខេត្តទាំងពីរនេះបម្រើឱ្យវិស័យទេសចរណ៍ផ្សេងៗ។
 
និយាយដល់ចំណុចនេះ សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ខេត្តកំពត និងកែប ជាទីតាំងទេសចរណ៍ សម្រាកលំហែកាយបែបស្ងៀមស្ងាត់ ខុសពីខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍បែបចម្រុះ និងទំនើប។ សម្ដេច ហ៊ុន ម៉ាណែត បានសម្រេចជាគោលការណ៍បែបនេះ ដោយបានណែនាំឱ្យគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កត់ត្រា និងអនុវត្តបទបញ្ជារបស់សម្ដេច៕

Tag:
 ហ៊ុន ម៉ាណែត
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com