ជាតិ
ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តម្លៃជិត២៥០លានដុល្លារ នឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៥
07, Jun 2024 , 11:46 am        
រូបភាព
ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលតភ្ជាប់រាជធានីភ្នំពេញ ទៅតំបន់អរិយក្ស​ត្រ ក្នុងស្រុកល្វាឯម ខេត្ត​​​កណ្តាល ​​គ្រោងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ២០២៥ ខាងមុខ។ នេះបើតាម​ការ​បញ្ជាក់ របស់ លោក ផាក ជុងវុក (Park Jung-wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ​កូរ៉េប្រចាំ​កម្ពុ​ជា នៅ គ្រាដែលលោកជួប​​​ពិភាក្សាការងារ ជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី៦ មិថុ​នា។

 
«ការរៀបចំសាងសង់ស្ពាននេះ មានដំណើរការទៅរលូន ហើយនឹងចុះបឋមសិលា​ចាប់​ផ្ដើម​សាង​​​សង់នៅឆ្នាំ២០២៥ខាងមុខនេះ»។ លោក ផាក ជុងវុក ថ្លែងដូច្នេះ តបនឹងបំណងរបស់​​សម្តេច ហ៊ុន សែ​ន ប្រចាំ​កម្ពុ​ជា នៅ គ្រាដែលលោកជួប​​​ពិភាក្សាការងារ ជាមួយសម្តេច ហ៊ុន សែន ប្រធាន ដែលចង់ឃើញស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតនេះ ក្នុងពេលឆាប់ៗ។
 
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-​កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ ជ្រោយចង្វារ-អរិយក្សត្រ)​ ​​ មា​ន​​តម្លៃ​ជិត ២៥០លានដុល្លារ ដែលគម្រោងនេះ នឹងជួយសម្រួលដល់ការ​ដឹក​ជញ្ជូន​ទំនិញ និងការធ្វើ​ដំ​ណើរ​របស់​ពលរដ្ឋ ក៏​ដូចជាការតភ្ជាប់រាជធានីភ្នំពេញទៅ​ទីក្រុង អរិយក្សត្រ ​និងតំបន់ជុំវិញ​។ 
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា(ស្តាំ) ក្នុងជំនួបពិភាក្សាការងារជាមួយ លោក​​ Park Jung-wook​ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា(ឆ្វេង)​ កាលពីថ្ងៃទី៦ មិថុនា។ (រូបភាព៖ ទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន)
 
​ក្រៅពីបង្ហាញពីវឌ្ឍនភាព នៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ​ឯកអគ្គរដ្ឋ​ទូតផាក ជុងវុក ក៏គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធ ​ជាមួយគណៈ​កម្មាធិការ​ចម្រុះ CKFTA និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យរួមគ្នាលើ​គម្រោង​នានាផ្សេងទៀត ដែល​ប្រ​ទេសទាំង២ និងឯកភាពគ្នាកន្លងមក ឱ្យមានដំណើរការកាន់តែរលូន។ 
 
គួររំឭកដែរថា កម្ពុជា-កូរ៉េ បានឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្រ្ត​​​» នៅក្នុងដំណើរទស្សនកិច្ចរបស់ សម្តេច ហ៊ុន ម៉ាណែត ទៅកាន់កូរ៉េខាងត្បូងនាអំឡុងខែ​​ឧសភា ឆ្នាំ២០២៤កន្លងទៅ។ នៅក្នុងឱកាសនេះ ​ភាគីទាំង២ ក៏បានចុះហត្ថលេខាលើកិច្ចព្រម​​ព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នា​សំខាន់ៗជាច្រើន ដើម្បីលើកកម្ពស់នូវកិច្ចសហ​​​ប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ ទំនាក់ទំនងប្រជាជន និងប្រជាជននិងកិច្ចសហប្រតិបត្តិការកម្រិតតំបន់ឱ្យកាន់​តែ​ស៊ីជម្រៅថែមទៀត។
 
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូងមានទំហំប្រមាណ៧៥១លានដុ​ល្លារ នៅក្នុងឆ្នាំ២០២៣។ កម្ពុជានាំចេញទៅកូរ៉េខាងត្បូងមានចំនួន ២៨១លានដុល្លារ និងនាំចូលពីប្រទេសមួយនេះមានទំហំ ៤៧០លានដុល្លារ៕

 សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា(ស្តាំ) ក្នុងជំនួបពិភាក្សាការងារជាមួយ លោក​​ Park Jung-wook​ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា(ឆ្វេង)​ កាលពីថ្ងៃទី៦ មិថុនា។ (រូបភាព៖ ទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន)

© រក្សាសិទ្ធិដោយ thmeythmey.com