សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
គោ​ថ្លៃ​បំផុត​លើលោក​​មាន​តម្លៃរហូតដល់​ ៤​លាន​ដុល្លារ
08, Jun 2024 , 9:29 am        
រូបភាព
គោ Viatina-19 នៅកសិដ្ឋាន Uberaba រដ្ឋ Minas Gerais ។ រូបភាព ៖ AP
គោ Viatina-19 នៅកសិដ្ឋាន Uberaba រដ្ឋ Minas Gerais ។ រូបភាព ៖ AP
ប្រេស៊ីល ៖ សត្វគោ Viatina-19 FIV Mara Movéis ជាគោដែលមានតម្លៃថ្លៃបំផុតលើពិភពលោកមិនធ្លាប់មាន ដោយមានតម្លៃដល់ ៤លានដុល្លារ។ នេះបើយោងតាមកំណត់ត្រាពិភពលោក Guinness ។

 
គោ Viatina-19 ជាគោពណ៌សមានទំងន់ ១,១តោន ដែលស្មើរនឹង ២ដងច្រើនជាងគោពេញវ័យនៃពូជដូចគ្នាដែលមានឈ្មោះ Nelore ។ គោ Viatina-19 នេះបានឈ្នះការប្រកួតថ្នាក់ជាតិរបស់ប្រេស៊ីល បន្ទាប់មកត្រូវបានដេញថ្លៃជាច្រើនជុំ ហើយបច្ចុប្បន្នមានតម្លៃ ៤លានដុល្លារ។ តម្លៃនេះ​ស្មើរនឹង​ ៣ដង​នៃ​គោ​ថ្លៃ​បំផុត​ដំបូង​គេ​ក្នុង​ពិភពលោក។
 
គោ​នេះ​ត្រូវបានចិញ្ចឹម​នៅក្នុង​កសិដ្ឋាន​មួយ​ក្នុង​ទីក្រុង Uberaba រដ្ឋ Minas Gerais។ វាត្រូវបានថែរក្សាជាលក្ខណៈឯកជនដោយកាមេរ៉ាសុវត្ថិភាព មានទាំងពេទ្យសត្វ និងឆ្មាំសន្តិសុខ។ 
 
ម្ចាស់គោនេះ បានរៀបចំផ្ទាំងប៉ាណូចំនួន២ នៅលើផ្លូវហាយវេដើម្បីសរសើរ Viatina-19 ដើម្បីទាក់ទាញអ្នកទស្សនា និងនិស្សិតពេទ្យសត្វឱ្យមកមើលគោមួយនេះ។
 
វិស័យចិញ្ចឹមគោក្របី ជាប្រភពសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រេស៊ីល ហើយរដ្ឋាភិបាលកំពុងធ្វើការដណ្តើមយកទីផ្សារនាំចេញថ្មីៗជាច្រើនទៀត។ ជាពិសេស Viatina-19 ជានិមិត្តរូបនៃមហិច្ឆតារបស់ប្រេស៊ីល ក្នុងការអភិវឌ្ឍសត្វគោដែលមានសាច់ប្រភេទល្អបែបនេះ។
 
គោ​ដ៏​មាន​តម្លៃ​ដូច​ជា Viatina-19 ត្រូវ​បាន​ចិញ្ចឹម​សម្រាប់​ការ​បង្កាត់​ពូជ ដើម្បី​បន្ត​អភិវឌ្ឍ​ជំនាន់​កាន់តែ​ល្អ​។ 
 
លោកស្រី Ney Pereira ដែលជាម្ចាស់ម្នាក់បាននិយាយថា ៖« យើងមិនសម្លាប់សត្វដែលល្អបំផុតនោះទេ ប៉ុន្តែយើងបង្កាត់ពូជពួកវា។ ចុងក្រោយ ពួកវានឹងចិញ្ចឹមពិភពលោក។ ខ្ញុំគិតថា Viatina នឹងធ្វើដូច្នេះ»។ នេះបើតាមសារព័ត៌មាន AP។ 
 
ពេទ្យសត្វ Lorrany Martins ដែលជាកូនស្រីរបស់អ្នកស្រី Ney Pereira ពន្យល់ថា Viatina-19 មានតម្លៃថ្លៃដោយសារតែការលូតលាស់សាច់ដុំឆាប់រហ័ស ការមានកូនល្អ និងសំខាន់គឺការបញ្ជូនលក្ខណៈល្អរបស់វាទៅកាន់កូនចៅ។ 
 
អ្នកបង្កាត់ពូជផ្សេងទៀតក៏បានកោតសរសើរចំពោះសត្វគោនេះដែរ ដោយសារវាមានរោមដ៏ស្រស់ស្អាត សមត្ថភាពជាម្តាយចិញ្ចឹមកូនល្អ និងរូបរាងដ៏ស្រស់ស្អាតរបស់វា។ Viatina-19 បានឈ្នះពានរង្វាន់អន្តរជាតិជាច្រើនដូចជា «បវរកញ្ញាអាម៉េរិកខាងត្បូង» និង «ជើងឯកពិភពលោក» ដែលការប្រលងនេះត្រូវបានចាត់ទុកថាជាបវរកញ្ញាគោដែលប្រារព្ធឡើងនៅទីក្រុង Fort Worth រដ្ឋតិចសាស់អាម៉េរិក។ បច្ចុប្បន្ន កសិករ​ដែល​ចង់​ទទួល​បាន​កូនគោពី Viatina-19 ត្រូវ​ចំណាយ​ប្រាក់​ប្រហែល ២៥​ម៉ឺន​ដុល្លារ​។ 
 
ប្រេស៊ីល​មាន​គោ​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក​ដែល​មាន​គោ​ជាង​ ២៣០​លាន​ក្បាល។ ប្រទេសនេះបាននាំចេញសាច់គោច្រើនជាង២លានតោនក្នុងឆ្នាំ ២០២២ និង ២០២៣ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីស្ថិតិបានចាប់ផ្តើមក្នុងឆ្នាំ១៩៩៧។ សាច់គោភាគច្រើនត្រូវបាននាំចេញទៅប្រទេសកំពុងអភិវឌ្ឍ ជាពិសេសចិន។
 
ប្រធានាធិបតី Luiz Inacio Lula da Silva កំពុងព្យាយាមស្វែងរកទីផ្សារថ្មីសម្រាប់សាច់គោរបស់ប្រទេសនេះ។ កាលពីខែមុន លោក Lula បានជួបជាមួយនាយករដ្ឋមន្ត្រីប្រទេសកំណើតសាច់គោ Wagyu ហើយបានអញ្ជើញលោក ហ៊្វូមីអូ គីស៊ីដា ឱ្យភ្លក្សរសជាតិសាច់គោប្រេស៊ីល៕ 

Tag:
 គោ
  ប្រេស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com