ជាតិ
ទ្វារទឹកសំខាន់ៗនៅតំបន់អង្គរកំពុងជួសជុលឡើងវិញដើម្បីត្រៀមទទួលទឹកពីផ្នែកខាងលើ
09, Jun 2024 , 7:59 am        
រូបភាព
ការដ្ឋានជួសជុលសំណង់ទ្វារទឹកលាងដៃ
ការដ្ឋានជួសជុលសំណង់ទ្វារទឹកលាងដៃ
សៀមរាប៖ ស្របពេលដែលភ្លៀងចាប់ផ្តើមធ្លាក់ជាបណ្ដើរៗនោះ ការងារគ្រប់គ្រងទឹកនៅតំបន់អង្គរ ក៏មានសកម្មភាពមមាញឹកផងដែរ។ មែនទែនទៅ មិនថារដូវវស្សា ឬប្រាំងទេ ការងារទឹកជាកិច្ចការសំខាន់​មួយនៅតំបន់អង្គរ ក្រៅពីការអភិរក្សប្រាសាទ។

 
នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ដែលរួមបញ្ចូលជំនាញ៣បញ្ចូលគ្នា មានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ។ ការងារទឹកមានវិសាលភាពធំធេង ដែលរៀបចំ ចាត់ចែង និងគ្រប់គ្រងទឹកនៅតំបន់ប្រាសាទ។ ប្រសិនមិនមានការគ្រប់គ្រងត្រឹមត្រូវទេ នោះក៏មិនមានទឹក​នៅតាមកសិន្ធុ ឬក៏បារាយណ៍ដែលយើងបានឃើញសព្វថ្ងៃនេះដែរ។
 
មន្រ្តីជំនាញទឹកនៃអាជ្ញាធរជាតិអប្សរា លោក ញ៉ែម រស្មី បានឱ្យដឹងថា ដូចឆ្នាំទៅមុនៗដែរ គឺមុនពេលរដូវវស្សាមកដល់ ក្រុមការងារទឹករបស់លោកតែងចុះពិនិត្យសំណង់ទ្វារទឹកសំខាន់ៗ ដើម្បីត្រៀមលក្ខណៈរួចរាល់ក្នុងការទទួលទឹក ហូរចាក់មកក្នុងតំបន់រមណីយដ្ឋានអង្គរ។ ប្រភពទឹកដែល ចេញពីភ្នំគូលែន បានហូរធ្លាក់ចុះមកតាមស្ទឹងបន្ទាយស្រី ហូរចុះមកបត់បែនតាមសំណង់ទ្វារទឹកនានា នៅតំបន់អង្គរ។ សំណង់ទ្វារខ្វាត់ខ្វែង ត្រូវបានសង់ឡើងដើម្បីទាញយកទឹកទុក ក៏ដូចជាបញ្ជៀសទឹកជំនន់ផង ពេលបរិមាណទឹកហួសពីតម្រូវការប្រើប្រាស់។ 
 
លោក ញ៉ែម រស្មី ដែលបានផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗនៅសំណង់ទ្វារទឹកលាងដៃ ស្ថិតនៅភូមិលាងដៃ ស្រុកអង្គរធំ នាថ្ងៃទី៥ មិថុនា បានរៀបរាប់ថា នៅឆ្នាំនេះទ្វារទឹក២កំពុងរៀបចំ​ជួសជុល​ឡើងវិញ ដ្បិតវាខូតខាតខ្លាំង គឺទឹកខួងច្រោះនៅប៉ែកខាងក្រោយ។ លោកបន្តថា ក្រៅពីនេះ សំណង់ទ្វារទឹកផ្សេងទៀត មិនមានបញ្ហាចោទខ្លាំងទេ គឺគ្រាន់តែត្រួតពិនិត្យមេកានិច និងលាបប្រេង ឬខ្នាញ់គោ ដើម្បីឱ្យវារត់ល្អឡើងវិញ។ 
 
លោក ញ៉ែម រស្មី កំពុងបង្ហាញពីការគ្រប់គ្រង និងថែទាំសំណង់ទ្វារទឹកលាងដៃ

សំណង់ទ្វារទឹក២កន្លែងដែលអាជ្ញាធរជាតិអប្សរាកំពុងជួសជុល មានដូចជាទី១ សំណង់លូជ្រុងនៅភូមិភ្លង់ និងសំណង់ទ្វារទឹកលាងដៃ។ មកដល់ពេលនេះ ការងារនៅស្ពានអូរភ្លង់រួចរាល់ប្រមាន៩០ភាគរយហើយ រីឯទ្វារទឹកលាងដៃ ក្រុមការងារទើបចាប់ផ្តើមជួសជុលនាដើមខែមិថុនា។ នេះជាការបញ្ជាក់ពីលោក ញ៉ែម រស្មី ដោយបន្ថែមថា៖« ជាធម្មតាមុនរដូវភ្លៀងម្ដងៗ យើងតែងដើរពិនិត្យមើលទ្វារទឹកសំខាន់ៗ តើវាខូចខាត ឬគាំងយ៉ាងណា ប្រសិនវាគាំង ឬខូច យើងចាប់ផ្តើមជួសជុលឱ្យបានទាន់ពេល កុំឱ្យមានបញ្ហាពេលមានទឹកច្រើន និងត្រៀមប្រមូលទឹកទៅតាមអាង បារាយណ៍តាមបរិមាណ​កម្រិត​អតិរមាតាមអាចធ្វើបាន»។ 
 
ក្រៅពីការងារជួសជុលតាមទ្វារទឹកនេះ ក្នុងនោះក្រុមការងារគ្រប់គ្រងទឹកក៏បានរៀបចំស្ដារប្រឡាយតូចៗ នៅក្នុងបរិវេណប្រាសាទផងដែរ។ លោក ញ៉ែម រស្មី បានបញ្ជាក់ថា កាលថ្មីៗកន្លងទៅនេះ ក្រុមការងារបានរៀបចំស្ដារប្រឡាយនៅក្នុងប្រាសាទបាយ័នបានខ្ទង់១ពាន់ម៉ែត្រ និងប្រាសាទព្រះខ័ន (ស្ដារវិលជុំ) បានប្រហែល៣ពាន់ម៉ែត្រ។ ការណ៍នេះដើម្បីបញ្ជៀសកុំឱ្យទឹកដក់ និងជន់ផ្នែកខ្លះនៅក្នុង ប្រាសាទ ដោយសារចរន្តទឹកហូរមិនទាន់ ព្រោះមានកំណកដី ឬស្លឹកឈើ។ 

ទ្វារទឹកលាងដៃ

លើការងារគ្រប់គ្រងទឹកនៅតំបន់អង្គរនេះ អាជ្ញាធរជាតិអប្សរាបានសាងសង់ទ្វារទឹកសរុបជាង២០០ ដើម្បីរក្សាទឹក និងរំដោះទឹកជំនន់។ សំណង់ទ្វារទឹកទី១ គឺទ្វារទឹកតាសោម សម្រាប់គ្រប់គ្រងទឹកស្ទឹងសៀមរាប និងបញ្ជៀសទឹកជន់លិចប្រាសាទ និងក្រុងសៀមរាប។ បន្ទាប់មកគឺនៅខាងកើត មានសំណង់ទ្វារទឹកតាកុស មានតួនាទីគ្រប់គ្រងនិងបញ្ជូនទឹក​ទៅខាងស្ទឹងរលួស រីឯខាងលិចមានសំណង់បញ្ចូលទឹកនៅបារាយណ៍ខាងជើង ហើយទ្វារទឹកលាងដៃ​បញ្ជូនទឹកទៅបារាយណ៍ខាងលិច បញ្ចូលតាមកសិន្ធុផ្សេងៗ។ លោក រស្មី បន្ថែមថា៖« បើទឹកប្រើលើសតម្រូវការ យើងនឹងបង្ហូរទៅស្ទឹងពួក និងស្ទឹងរលួស (ចុះទៅបឹងទន្លេសាប)»។
 
ក្រៅពីជាអាងស្ដុកទឹកសំខាន់នៅក្នុងតំបន់អង្គរ ប្រឡាយឬសំណង់ទ្វារទឹកនានាក្នុងតំបន់អង្គរ ក៏ជាប្រភពទឹកសម្រាប់ស្រោចស្រពផលដំណាំកសិករនៅតំបន់ជុំវិញផងដែរ ពិសេសអ្នកភូមិលាងដៃ ស្រុកអង្គរធំ។ លោក រស្មី ពន្យល់ថា ពលរដ្ឋនៅតំបន់ជុំវិញអាចទាញទឹកពីប្រឡាយ ឬទំនប់ប្រើប្រាស់ តាមរយៈបូម ឬទាញតាមប្រឡាយតូចៗដែលជីកទម្លាក់ទៅ។ បច្ចុប្បន្ន អ្នកភូមិលាងដៃរាប់សិបគ្រួសារ បានប្រើប្រាស់ទឹកទាំងនេះដើម្បីដំណាំចម្រុះនានា ដូចជាត្រសក់ ពោតជាដើម។
 
ទាំងនេះសុទ្ធសឹងជាអត្ថប្រយោជន៍ដ៏លើសលុបនៃសំណង់ទ្វារទឹកនៅតំបន់អង្គរ។ ប្រសិនបើពុំមានការគ្រប់គ្រងច្បាស់លាស់ ឬមានការខូចខាតទ្វារទឹកនៅចំណុចណាមួយនោះ វានឹងធ្វើឱ្យតំបន់ប៉ែកខាងលើជន់លិចជាមិនខាន អាចជន់លិចតំបន់ប្រាសាទ ហើយរដូវប្រាំងគ្មានទឹកបំពេញតាមកសិន្ធុ ឬបារាយណ៍ដូចសព្វថ្ងៃឡើយ៕

Tag:
 ទ្វារទឹក
  តំបន់អង្គរ
  គ្រប់គ្រងទឹក
© រក្សាសិទ្ធិដោយ thmeythmey.com