ជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ណែនាំពលរដ្ឋដាំដើមឈើ ដើម្បីប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ
09, Jun 2024 , 3:09 pm        
រូបភាព
រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញពលរដ្ឋដាំដើមឈើ ដើម្បីចូលរួមប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាម​សេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពី«ការចាត់តាំងអនុវត្តន៍ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក» នៅថ្ងៃទី៧ មិថុនា។​



រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់រដ្ឋបាលខណ្ឌ សង្កាត់ គ្រឹះស្ថានសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូរអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលរស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចូលរួមធ្វើអនាម័យ ដាំដើមឈើ និងវេចខ្ចប់សំរាម ឬកាកសំណល់ត្រឹមត្រូវ ជៀសវាងការដុត ឬបោះចោល មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលអាចបង្កការ ប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងគុណភាពបរិស្ថាន។ 
 
ទន្ទឹមនោះ សាធារណជនត្រូវចូលរួមផ្សព្វផ្សាយតាមរយៈសកម្មភាពអប់រំផ្សេងៗ មានជាអាទិ៍ ការនិពន្ធអត្ថបទ ផ្ទាំងរូបភាពនៅតាមសាលារៀន ការដាំដើមឈើ ការកែច្នៃសំណល់នានា យុទ្ធនាការសម្អាត និងចាត់ចែងធ្វើអនាម័យទាំងក្នុង និងក្រៅបរិវេណគ្រឹះស្ថានសាធារណៈ សាលារៀន វត្តអារាម និងមន្ទីរពេទ្យ ជាដើម។ 



រដ្ឋបាលរាជធានីភ្នំពេញ ក៏លើកទឹកចិត្តឱ្យគ្រប់បណ្តាប្រព័ន្ធផ្សព្វផ្សាយ ចូលរួមលើកកម្ពស់អំពីគុណតម្លៃនៃបរិស្ថាន និងគោលនយោបាយ សំខាន់ៗ ពាក់ព័ន្ធនឹងវិស័យបរិស្ថានដល់សាធារណជន ដើម្បីបង្កើនការយល់ដឹង និងបំផុសការចូលរួមរបស់សាធារណជន ក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ 
 
សូមជម្រាបថា កាលពីខែមីនា ដល់ដើមខែឧសភា កម្ពុជានិងប្រទេសក្នុងតំបន់ បានរងការកើនឡើងកម្ដៅខ្លាំង រហូតដល់៤០ទៅ៤២អង្សា។ ការ​កើនឡើងកម្ដៅនេះ បណ្ដាលមកពីបាតុភូត អែលនីញ៉ា ដែលវាយប្រហារទូទាំងពិភពលោក ក្នុងនោះ តំបន់អាស៊ី រងគ្រោះខ្លាំងជាងគេ។
 
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានអះអាងថា ផែនដីបានកើនឡើងជារៀងរាល់ឆ្នាំ ដោយក្នុង១ឆ្នាំជាមធ្យមអាចកើនក្នុងរង្វង់០,៣ ឬ០,៥ អង្សា។ ដោយឡែកឆ្នាំ២០២៤នេះវិញ កម្ដៅហក់ឡើងដល់១,៣៧អង្សា ដែលខ្ពស់ខ្លាំងធៀបនឹងមធ្យមភាគរាល់ឆ្នាំ៕

Tag:
 រដ្ឋបាលរាជធានីភ្នំពេញ
  បរិស្ថាន
  ដើមឈើ
© រក្សាសិទ្ធិដោយ thmeythmey.com