ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) លោកស្រី ឆាយ ស៊ីវលីន មើលឃើញពីសក្កានុពល ជាច្រើនក្នុងសហគមន៍កំពង់ឃ្លាំងដែលមាន១០ភូមិ ហើយភាគច្រើនប្រជាជនតំបន់នេះជាអ្នកនេសាទ។ ផ្ទះសង់ខ្ពង់ៗពីដី និងផុតទឹកនារដូវវស្សា នេះជាសោភ័ណភាពមួយដែលអ្នកស្រី ស៊ីវលីន យល់ថា បានទាក់ទាញទេសចររួចទៅហើយ។ ក្រៅពីនេះបឹងទន្លេសាប ព្រៃលិចទឹក និងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិ គឺសុទ្ធសឹងជាអ្វីដែលទេសចរចង់ឃើញពេលមកកម្សាន្ត។
យ៉ាងណាមិញ ដើម្បីទទួលទេសចរមកកម្សាន្តកាន់តែច្រើនទៀតនាពេលអនាគត ប្រធាន CATA ក៏ចង់ឃើញសហគមន៍កំពង់ឃ្លាំងពង្រឹងសេវាកម្ម និងផ្នែកអនាម័យឱ្យកាន់តែប្រសើរ។ លោកស្រី ស៊ីវលីន ប្រាប់សហគមន៍ថា ទេសចរដើរលេងតែកន្លែងស្អាត ហើយបើមានសេវាកម្មល្អៗនោះពួកគេនឹងមកទៀត។
ទន្ទឹមនឹងនេះដែរ ប្រធានសមាគម CATA ដែលមានបទពិសោធន៍ផ្នែកទេសចរណ៍ច្រើនឆ្នាំ កក់សម្គាល់ពីការរស់នៅរបស់ពលរដ្ឋសហគមន៍កំពង់ឃ្លាំង ថាមានភាពស្អាតសមរម្យហើយ ប៉ុន្តែតាមគេហដ្ឋានមួយៗ លោកស្រីចង់ឃើញពលរដ្ឋចេះតុបតែងផ្ទះបន្ថែម ដូចជាដាំផ្កា និងដាំរុក្ខជាតិចម្រុះឱ្យបានច្រើនតាមតែអាចធ្វើបាន។ ការណ៍នេះដើម្បីទាក់ទាញទេសចរហើយ ក៏រួមចំណែកបង្កើនគម្របព្រៃឈើលើភពផែនដី ទប់ស្កាត់ការប្រែប្រួលអាកាសធាតុបានផងដែរ។
ចំពោះសេវាផ្ទះស្នាក់វិញ បច្ចុប្បន្នសហគមន៍ទេសចរណ៍ឃុំកំពង់ឃ្លាំង មានផ្ទះស្នាក់សម្រាប់ទទួលទេសចរ ចំនួន៤ផ្ទះ ហើយក៏មានទទួលរៀបចំអាហារសម្រាប់ភ្ញៀវផងដែរ។ ភ្ញៀវទេសចរអាចធ្វើម្ហូបខ្លួនឯងក៏បាន និងឱ្យសហគមន៍ចម្អិនឱ្យក៏បាន។
ម្ចាស់ផ្ទះស្នាក់ ST 63 Home stay @Tour Kampong Khleang លោកស្រី សួង គក់ បានបង្កើតផ្ទះស្នាក់រយៈពេលប្រមាណ៨ឆ្នាំមកហើយ។ ដូរពីអ្នកលក់បន្លែតាមភូមិក្នុងបឹងទន្លេសាប មកបង្កើតផ្ទះស្នាក់នេះ ជួយឱ្យជីវភាពគ្រួសារលោកស្រី គក់ មានភាពធូរស្រាលច្រើន ដោយមិនចាំបាច់ប្រើកម្លាំងកាយច្រើនដូចមុន។
មានវ័យ៦៤ឆ្នាំ លោកស្រី គក់ ប្រាប់អ្នកសារព័ត៌មានថ្មីៗថា ផ្ទះលោកស្រីរៀបចំទៅតាមស្ដង់ដា និងអាចទទួលភ្ញៀវបាន២០នាក់ រីឯអាហារដ្ឋានដែលរៀបចំនៅល្វែងក្រោយផ្ទះ មានទេសភាពដងព្រែកកំពង់ឃ្លាំង អាចទទួលភ្ញៀវបាន៦០នាក់។ ចំពោះសេវាកម្មស្នាក់ ភ្ញៀវម្នាក់តម្លៃ៨ដុល្លារ រីឯម្ហូបមួយមុខ តម្លៃ៥ដុល្លារ។ ស្រ្តីរូបនេះបញ្ជាក់ថា ភ្ញៀវដែលមកស្នាក់ច្រើនជាទេសចរបរទេស ដែលពួកគេស្នាក់ពីមួយប់ ទៅពីរយប់ ឬអាចដល់៣យប់ក៏មាន ប្រសិនពួកគេមកជាដៃគូ ឬគ្រួសារ៕