តួកគី នឹងដាក់អត្រាពន្ធថ្មីចំនួន៤០ភាគរយ លើរថយន្តដែលនាំចូលពីចិន ដើម្បីការពារផលិតកម្មក្នុងស្រុក ចាប់ពីថ្ងៃទី៧ ខែកក្កដា ។
អត្រាពន្ធថ្មីត្រូវបានគណនាលើតម្លៃរថយន្តនាំចូលពីចិន ហើយកើនឡើង ៣០ភាគរយបើប្រៀបធៀបទៅនឹងបទប្បញ្ញត្តិចាស់ លើកលែងតែរថយន្តអគ្គិសនី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងពាណិជ្ជកម្មតួកគីបានបញ្ជាក់ថា ការសម្រេចចិត្តដាក់ពន្ធបន្ថែម គឺផ្អែកលើគោលដៅកាត់បន្ថយឱនភាពគណនីចរន្ត និងការលើកទឹកចិត្តដល់ការវិនិយោគ និងផលិតកម្មក្នុងស្រុក។
«ពន្ធបន្ថែមនឹងអនុវត្តចំពោះរថយន្តដឹកអ្នកដំណើរធម្មតា និងរថយន្តកូនកាត់ (រថយន្តកូនកាត់សាំង-អគ្គិសនី) ពីចិន ដើម្បីការពារ និងបង្កើនចំណែកទីផ្សារនៃផលិតកម្មក្នុងស្រុក»។ នេះបើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មតួកគី។
កាលពីឆ្នាំមុន ប្រទេសនេះបានដាក់ពន្ធ ៤០ភាគរយលើរថយន្តអគ្គិសនីដែលនាំចូលពីចិន ហើយបានដាក់ចេញបទប្បញ្ញត្តិមួយចំនួនទាក់ទងនឹងសេវាកម្ម និងការថែទាំរថយន្តទាំងនេះ។ តួកគីកំពុងលើកទឹកចិត្តដល់ការផលិត និងការនាំចេញកាន់តែច្រើន ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មដ៏លំបាករបស់ខ្លួនដែលមានចំនួន ៤៥,២ពាន់លានដុល្លារកាលពីឆ្នាំមុន។ នេះបើតាមសារព័ត៌មាន Reuters។
ម៉ាករថយន្តធំៗរបស់ចិនដូចជា Cherry, BYD Skywell, MG, Leapmotor, Seres, DFSK, Maxus, Hongqi, NETA និង SWM មានចំនួនជិត ១០ភាគរយនៃចំណែកទីផ្សាររថយន្តនៅតួកគី។
នៅឆ្នាំ ២០២២ រថយន្តដែលផលិតនៅចិនប្រហែល ៣៤៥៦គ្រឿងត្រូវលក់នៅតួកគី។ ចំនួននេះបានកើនឡើងជិត ១៣ដងក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២៣ ស្មើនឹង ៤៣៥៦២គ្រឿង។ រថយន្តរបស់ចិនមានការពេញនិយមខ្លាំង ដោយសារតែតម្លៃ និងគុណភាព។ នេះបើតាមកាសែតតួកគី Hurriyet Daily ។
លោក Baran Çelik ប្រធានសមាគមអ្នកនាំចេញរថយន្ត Uludağ (OİB) បាននិយាយថា ៖« វាហាក់បីដូចជាវាមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ក្នុងរយៈពេលខ្លី។ ប៉ុន្តែក្នុងរយៈពេលវែង ការប្រកួតប្រជែងមិនយុត្តិធម៌អាចកើតឡើងនៅពេលដែលពួកគេទទួលបានចំណែកទីផ្សារ»។
វិស័យរថយន្តជាឧស្សាហកម្មនាំចេញដ៏ធំបំផុតរបស់តួកគីក្នុងរយៈពេល ១៥ឆ្នាំកន្លងមក ហើយបាននាំមកនូវអតិរេកពាណិជ្ជកម្ម ប៉ុន្តែបានចាប់ផ្តើមឱនភាពវិញកាលពីឆ្នាំមុន។ បើតាមលោក Çelik ឱនភាពអាចឈានដល់ចន្លោះពី ៣,៥-៤ ពាន់លានដុល្លារនាពេលអនាគត។
គួរបញ្ជាក់ថា ចិនកំពុងប្រឈមនឹងសម្ពាធពាណិជ្ជកម្មកើនឡើងពីប្រទេសមួយចំនួន ខណៈការនាំចេញរថយន្តអគ្គិសនីរបស់ខ្លួនត្រូវបានចោទប្រកាន់ថា ទទួលបានការឧបត្ថម្ភធនដើម្បីលក់ក្នុងតម្លៃទាប។ កាលពីពាក់កណ្តាលខែឧសភា អាម៉េរិក បានដាក់ពន្ធលើសពី ១០០ភាគរយលើយានយន្តអគ្គិសនីរបស់ចិន ដោយមានហេតុផលរារាំងទំនិញថោកៗមានច្រើនក្នុងប្រទេស។
នៅសប្តាហ៍ក្រោយ គណៈកម្មការអឺរ៉ុបរំពឹងថានឹងប្រកាសថាតើខ្លួននឹងដាក់ពន្ធបន្ថែមបណ្តោះអាសន្នលើរថយន្តអគ្គិសនីរបស់ចិន ឬយ៉ាងណា៕