គណៈកម្មការអឺរ៉ុប ត្រូវបានរំពឹងថានឹងប្រកាសពន្ធថ្មីលើរថយន្តអគ្គិសនីដែលនាំចូលពីចិនក្នុងសប្តាហ៍នេះ ដោយព្យាករថានឹងកើនឡើងដល់ ២៥ភាគរយ។
មិនដល់មួយខែ បន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានដំឡើងពន្ធ ៤ដងលើរថយន្តអគ្គិសនីរបស់ចិនលើសពី១០០ភាគរយ សហភាពអឺរ៉ុបអាចនឹងអនុវត្តតាម ប៉ុន្តែអត្រាពន្ធដែលដាក់ការនាំចូលរថយន្តអគ្គិសនីរបស់ចិនអាចទាបជាងច្រើនបើធៀបអាម៉េរិក។
សហភាពអឺរ៉ុបកំពុងអនុវត្តអត្រាពន្ធ ១០ភាគរយលើការនាំចូលរថយន្តអគ្គិសនីដែលផលិតនៅចិន។ អ្នកវិភាគព្យាករថា អត្រាពន្ធថ្មីនឹងមានចន្លោះពី ១០-២៥ភាគរយ។ ផ្អែកលើទិន្នន័យពាណិជ្ជកម្មឆ្នាំ២០២៣ សម្រាប់ការដាក់អត្រាពន្ធបន្ថែម ១០ភាគរយលើសពីកម្រិតបច្ចុប្បន្ន អ្នកនាំចូលរថយន្តអគ្គិសនីរបស់ចិននៅអឺរ៉ុបត្រូវបង់ប្រាក់ប្រហែល ១ពាន់លានដុល្លារបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការសម្រេចចិត្តដំឡើងពន្ធដែលអាចប្រកាសក្នុងសប្តាហ៍នេះ ជាវិធានការបណ្តោះអាសន្នមួយ ខណៈពេលដែលសហភាពអឺរ៉ុបបន្តការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនចំពោះរថយន្តអគ្គិសនីរបស់ចិន ដែលរំពឹងថានឹងមានរយៈពេលដល់ខែតុលា បន្ទាប់ពីលទ្ធផលត្រូវបានប្រកាស អត្រាពន្ធផ្លូវការនឹងអនុវត្ត លើកលែងតែមានការជំទាស់ពីរដ្ឋជាសមាជិកណាមួយ។
បច្ចុប្បន្ននេះ រថយន្តអគ្គិសនីដែលផលិតនៅចិនបាននាំចូលមកអឺរ៉ុបភាគច្រើន មកពីក្រុមហ៊ុនលោកខាងលិចដូចជា Tesla, Renault's Dacia និង BMW ។ ទោះជាយ៉ាងណាក៏ដោយ គណៈកម្មការអឺរ៉ុបបាននិយាយថា ចំណែកទីផ្សាររថយន្តអគ្គិសនីចិនផ្ទាល់នៅក្នុងសហភាពអឺរ៉ុបបានកើនឡើងពីតិចជាង ១ភាគរយទៅ ៨ភាគរយ ហើយត្រូវបានព្យាករថានឹងកើនឡើងដល់ ១៥ភាគរយនៅឆ្នាំ ២០២៥។
ម៉ូដែលរថយន្តម៉ាកយីហោចិនដែលបាននាំចេញទៅអឺរ៉ុបបច្ចុប្បន្នរួមមាន BYD's Atto 3, MG របស់ SAIC និង Geely's Volvo។ យោងតាមគណកម្មការអឺរ៉ុប រថយន្តទាំងនេះជាធម្មតាមានតម្លៃតិចជាងម៉ូដែលផលិតនៅអឺរ៉ុប ២០ភាគរយ។
ប្រធានគណកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយម្តងហើយម្តងទៀតថា ប្លុកនេះត្រូវតែធ្វើសកម្មភាពដើម្បីការពារចិនពីការបោះទំនិញថោកៗចូលទីផ្សារដូចជារថយន្តអគ្គិសនីដែលមានការឧបត្ថម្ភធនជាដើម។
យ៉ាងណាមិញ អាជីវកម្មរថយន្តស្ទើរតែទាំងអស់នៅអឺរ៉ុបមិនគាំទ្រការដំឡើងពន្ធទេ។ ដោយសារតែពួកគេក៏នាំចូលរថយន្តអគ្គិសនីដែលផលិតនៅរោងចក្រដែលមានទីតាំងនៅចិនដែរ។ លើសពីនេះ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ពឹងផ្អែកយ៉ាងខ្លាំងលើការលក់នៅក្នុងទីផ្សារនេះ ដូច្នេះពួកគេខ្លាចការសងសឹកពីទីក្រុងប៉េកាំង។
លោក Will Roberts ប្រធានផ្នែកស្រាវជ្រាវរថយន្តនៅក្រុមហ៊ុន Rho Motion បាននិយាយថា ប្រសិនបើចិនត្រូវបានញុះញង់ វាអាចនាំឱ្យមានសង្គ្រាមពាណិជ្ជកម្ម។ លោកបានថា ៖« នេះជាការបំផ្លិចបំផ្លាញសម្រាប់តំបន់មួយ (អឺរ៉ុប) ដែលនៅតែពឹងផ្អែកយ៉ាងខ្លាំងលើខ្សែច្រវាក់ផ្គត់ផ្គង់ដែលគ្រប់គ្រងដោយចិន ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុរបស់ខ្លួន»។ នេះបើតាមសារព័ត៌មាន Reuters ។
កាលពីមុន ចិនបានប្រតិកម្មចំពោះការស៊ើបអង្កេតរបស់គណកម្មការអឺរ៉ុប ចំពោះរថយន្តអគ្គិសនីប្រឆាំងនឹងការឧបត្ថម្ភធន។ ទីក្រុងប៉េកាំងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ និងការប្រមូលផ្តុំរដ្ឋសមាជិកសហភាពអឺរ៉ុបនីមួយៗ។ វាមិនច្បាស់ថាតើពួកគេនឹងមានប្រតិកម្មយ៉ាងណាចំពោះការដំឡើងពន្ធក្នុងសប្តាហ៍នេះ។
កាលពីខែមេសា ទីក្រុងប៉េកាំងបានអនុម័តច្បាប់ដើម្បីបង្កើនសមត្ថភាពឆ្លើយតប ប្រសិនបើអាម៉េរិក ឬសហភាពអឺរ៉ុបដាក់ពន្ធលើការនាំចេញរបស់ខ្លួន។ ចិនក៏បានបើកការស៊ើបអង្កេតប្រឆាំងនឹងការបង្ខូចកេរ្តិ៍ឈ្មោះលើស្រាដែលនាំចូលពីបារាំងដែរ៕