ជាតិ
មន្រ្តី ក.ប.ប. នឹងរងទណ្ឌកម្ម បើអនុវត្តវិធានការពិន័យ ដោយមិនចេញវិក្កយបត្របង់ប្រាក់ឱ្យពលរដ្ឋ
11, Jun 2024 , 7:59 pm        
រូបភាព
មន្ត្រីក.ប.ប. ចុះត្រួតពិនិត្យទំនិញលើទីផ្សារ ដើម្បីស្វែងរកទំនិញមិនមានអនុលោមភាព។ រូបភាព៖ ក.ប.ប
មន្ត្រីក.ប.ប. ចុះត្រួតពិនិត្យទំនិញលើទីផ្សារ ដើម្បីស្វែងរកទំនិញមិនមានអនុលោមភាព។ រូបភាព៖ ក.ប.ប
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) នឹងដាក់ទណ្ឌកម្មចំពោះមន្រ្តីណា ដែលអនុវត្តវិធានការពិន័យអន្តរការណ៍ ដោយពុំមានចេញវិក្កយបត្រ និងបង្កាន់ដៃបង់ប្រាក់ឱ្យបុគ្គលល្មើស។ ការព្រមាននេះ ធ្វើឡើងក្រោយពេលមន្រ្តី ក.ប.ប. ខេត្តកំពង់ឆ្នាំង៥នាក់ បានបំពានគោលការណ៍ ដោយឆ្លៀតយកលុយពីអាជីវករ នៅពេលចុះត្រួតពិនិត្យទំនិញនៅផ្សាររមាស ក្នុងឃុំអភិវឌ្ឍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។



យោងតាមសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋាន ក.ប.ប. នៅថ្ងៃទី១១ ខែមិថុនានេះ មន្រ្តីក.ប.ប. មានភារកិច្ចការពារសុខភាព និងផលប្រយោជន៍ជូនពលរដ្ឋ ព្រមទាំងទប់ស្កាត់នូវរាល់សកម្មភាព ឬអំពើទាំងឡាយណាដែលមិនសុចរិតក្នុងធុរកិច្ច។ ដើម្បីធានាបាននូវការអនុវត្តតួនាទីប្រកបដោយប្រសិទ្ធភាព ក.ប.ប. បានណែនាំឱ្យមន្រ្តីគ្រប់រាជធានី-ខេត្តទាំងអស់ ប្រកាន់ខ្ជាប់ក្រមសីលធម៌ និងវិជ្ជាជីវៈ។ 
 
ក្នុងករណីនេះ មន្ត្រីរូបណាដែលអនុវត្តវិធានការពិន័យអន្តរការណ៍ ដោយពុំមានចេញវិក្កយបត្របង់ប្រាក់ ពិន័យអន្តរការណ៍ និងបង្កាន់ដៃបង់ប្រាក់ឱ្យបុគ្គលល្មើស នឹងត្រូវទទួលរងទណ្ឌកម្មស្របតាមច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលកម្ពុជា។ 
 
ដោយឡែក សកម្មភាពចុះត្រួតពិនិត្យទីផ្សារ ឬទីតាំងលក់វិញ ប្រសិនបើរកឃើញបទល្មើសណាមួយ ក្នុងទ្រង់ទ្រាយតូចតាច ដោយមិនប៉ះពាល់ដល់សុខភាព សុវត្ថិភាព ឬមិនបង្កឱ្យមានពិការភាព ឬបាត់បង់អាយុជីវិតអ្នកប្រើប្រាស់ ត្រូវអនុវត្តវិធានការអប់រំណែនាំអំពីគោលការណ៍ នៃច្បាប់ និងទោសប្បញ្ញត្តិនានា ជំនួសឱ្យវិធានការពិន័យអន្តរការណ៍។ 
 
ប្រសិនបើរកឃើញនូវបទល្មើសណាមួយ ក្នុងទ្រង់ទ្រាយធំ ហើយបទល្មើសនោះ មិនប៉ះពាល់ដល់សុខភាព សុវត្ថិភាព ឬមិនបង្កឱ្យមានពិការភាពឬការបាត់បង់ អាយុ ជីវិតដល់អ្នកប្រើប្រាស់ ត្រូវអនុវត្តវិធានការពិន័យអន្តរការណ៍ ស្របតាមបែបបទនិង នីតិវិធី ដែលបានកំណត់ដោយប្រកាសអន្តរក្រសួងជាដាច់ខាត។ 
 
ចំពោះ បទល្មើសណាដែលបានបង្កឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាព ឬបង្កឱ្យមានពិការភាព ឬការបាត់បង់អាយុជីវិតដល់អ្នកប្រើប្រាស់ មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលទទួលបាននីតិសម្បទា ជាមន្ត្រីនគរបាលយុត្តិធម៌ ឬនគរបាលយុត្តិធម៌ ត្រូវអនុវត្តទណ្ឌកម្ម ដែលត្រូវបានបញ្ញត្តិដោយច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។ 
 
សូមជម្រាបថា​ កាលពីថ្ងៃទី៤ ខែមិថុនា មន្រ្តី ក.ប.ប. ទាំង៥នាក់ បានចុះពិនិត្យទីតាំងលក់គ្រឿងសម្អាងចំនួន៣កន្លែង និងបានយកលុយពីម្ចាស់ហាង។ ចំពោះលុយដែលមន្រ្តីទាំងនោះ បានទារពីម្ចាស់ហាង មានចំនួន១លាន២០ម៉ឺនរៀល ប៉ុន្តែម្ចាស់ហាងបានឱ្យតែ៧០ម៉ឺនរៀលតែប៉ុណ្ណោះ។ ក្រសួងពាណិជ្ជកម្ម បានដាក់ទោសមន្រ្តីទាំង៥នាក់ និងបានយកលុយឱ្យម្ចាស់ហាងលក់គ្រឿងសម្អាងវិញ៕ 
 

Tag:
 ក្រសួងពាណិជ្ជកម្ម
  ក.ប.ប.
© រក្សាសិទ្ធិដោយ thmeythmey.com