ក្រសួងសហគ្រាសរដ្ឋរបស់ឥណ្ឌូណេស៊ីបានចាប់ផ្តើមសាកល្បង១សប្តាហ៍ធ្វើការរយៈពេល៤ថ្ងៃ ដើម្បីកែលម្អសុខុមាលភាពបុគ្គលិក ដែលហៅថា «កាលវិភាគការងារប្រមូលផ្តុំ»។ កម្មវិធីចាប់ផ្តើមនៅសប្តាហ៍នេះ ហើយនឹងត្រូវបានសាកល្បងក្នុងរយៈពេលពីរខែបន្ទាប់។
អំឡុងពេលដាក់ដំណើរការសាកល្បង និយោជិតនៃសហគ្រាសរដ្ឋរបស់ឥណ្ឌូណេស៊ីអាចដាក់ពាក្យធ្វើការ ៤ថ្ងៃក្នុងមួយសប្តាហ៍ ហើយ១ខែអាចសុំបានយ៉ាងច្រើន២ដង។ ដើម្បីមានលក្ខណៈគ្រប់គ្រាន់ និយោជិតត្រូវធ្វើការយ៉ាងតិច ៤០ម៉ោងក្នុងរយៈពេល ៤ថ្ងៃ ជាមួយលទ្ធផល និងប្រសិទ្ធភាពដែលអាចវាស់វែងបាន អាស្រ័យមានការយល់ព្រមពីអ្នកគ្រប់គ្រង។
ការសាកល្បងនេះមានគោលបំណងដើម្បីរកមើលថាតើការធ្វើការ ៤ថ្ងៃក្នុងមួយសប្តាហ៍បង្កើនផលិតភាព និងធ្វើអោយសុខភាពផ្លូវចិត្តប្រសើរឡើងឬអត់។ អ្នកគ្រប់គ្រងក្រុមរយៈពេល៤ថ្ងៃនេះ ក៏ត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ផងដែរ ដើម្បីធានាថាបុគ្គលិកមានតុល្យភាពជីវិតការងារ និងកុំធ្វើការលើសបន្ទុក។
ធ្វើការរយៈពេល ៤ថ្ងៃក្នុងមួយសប្តាហ៍ ត្រូវបានស្នើឡើងដោយរដ្ឋមន្ត្រីសហគ្រាសរដ្ឋ លោក Erick Thohir ក្នុងខែមីនា ដើម្បីកែលម្អសុខភាពផ្លូវចិត្តរបស់បុគ្គលិក។ បើតាមរដ្ឋមន្រ្តីរូបនេះ ៧០ភាគរយនៃយុវជនវ័យក្មេងរបស់ប្រទេសនេះ មានបញ្ហាសុខភាពផ្លូវចិត្តដែលប៉ះពាល់ដល់ផលិតភាពការងារ។ ដោយសារតែនិយោជិតឈប់សម្រាក ៣ថ្ងៃក្នុងមួយសប្តាហ៍មិនមានន័យថាពួកគេអាចខ្ជិលនោះទេ ហើយសប្តាហ៍ធ្វើការបួនថ្ងៃគឺជាជម្រើសដែលពួកគេអាចជ្រើសរើសតែ ២ដងក្នុងមួយខែ។
វាមិនច្បាស់ទេថាតើការធ្វើតេស្តនេះនឹងពង្រីកដល់ក្រសួងផ្សេងទៀតរបស់ឥណ្ឌូណេស៊ី ឬយ៉ាងណា។ ទោះជាយ៉ាងណា លោក Thohir ធ្លាប់បាននិយាយថា សហគ្រាសរដ្ឋអាចពិចារណាជម្រើសនេះ។
ជុំវិញពិភពលោក ប្រទេស និងក្រុមហ៊ុនជាច្រើនដូចជា អាល្លឺម៉ង់ បែលហ្ស៊ិក អង់គ្លេស អេស្ប៉ាញ និងព័រទុយហ្កាល់ បានអនុវត្តសប្តាហ៍ធ្វើការរយៈពេល៤ថ្ងៃបន្ទាប់ពីជំងឺរាលដាលកូវីដ-១៩។
ចំណែកនៅអាស៊ី ទីក្រុងជាច្រើននៅជប៉ុនបានចាប់ផ្តើមសាកល្បងសប្តាហ៍ធ្វើការរយៈពេល ៤ថ្ងៃសម្រាប់បុគ្គលិកដែលមានទំនួលខុសត្រូវពិសេសដូចជាការមើលថែកុមារ ឬសមាជិកគ្រួសារផ្សេងទៀត។ ក្រុមហ៊ុនភាគច្រើននៅឥណ្ឌូណេស៊ីដែលទទួលយកសប្តាហ៍ការងាររយៈពេល ៤ថ្ងៃជាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មតួយ៉ាង ក្រុមហ៊ុនផ្តល់ប្រាក់កម្ចី Sharia fintech Alami វេទិកាទូទាត់តាមអេឡិចត្រូនិក Bolt និងវេទិការៃអង្គាសប្រាក់ Kickstarter ។
លោកបណ្ឌិត Eko Sakapurnama នៃសាកលវិទ្យាល័យឥណ្ឌូណេស៊ីបាននិយាយថា កាលវិភាគការងារដែលប្រមូលផ្តុំអាចនាំមកនូវអត្ថប្រយោជន៍ដូចជា ការកាត់បន្ថយភាពតានតឹង ការកែលម្អសុខភាពផ្លូវចិត្ត និងការបង្កើនការពេញចិត្តការងារ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីទទួលបានជោគជ័យ ក្រុមហ៊ុនត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យដូចជា មានការប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែង និងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។
បន្ថែមពីលើ១សប្តាហ៍ធ្វើការរយៈពេល ៤ថ្ងៃ ការរៀបចំការងារដែលអាចបត់បែនបានផ្សេងទៀត រួមទាំងការអនុញ្ញាតឱ្យនិយោជិតធ្វើការពីផ្ទះក៏ជាវិធានការមួយដើម្បីបង្កើនសុខុមាលភាពបុគ្គលិកផងដែរ៕