ជាតិ
សម្តេច ហ៊ុន ម៉ាណែត៖«យើងត្រូវ​រួមគ្នាថែរក្សា​សន្តិភាព ដែលបានដោយលំបាកបំផុត»
20, Jun 2024 , 6:29 pm        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យរួបរួមគ្នា ថែរក្សាសន្តិភាព ដែល​កម្ពុជាទទួលបាន​ដោយ​លំបាក​ឱ្យបានគង់វង្ស។ ​

 
​ក្នុងពិធីរំឭកខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៤ និងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 នៅខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ មិថុនានេះ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិភាព មានតម្លៃមិនអាចកាត់​ថ្លៃបាន ហើយការបង្កើតបាននូវសុខសន្តិភាព គឺជារឿងដែលលំបាកបំផុត។ ​
សម្តេច នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ថ្លែងដូច្នេះថា «សន្តិភាព មានតម្លៃជាទីបំផុត។ ការបំផ្លាញសន្តិភាព មិនពិបាកទេ តែការបង្កើតសន្តិភាព គឺពិបាកណាស់។ ពុំនោះសោត រាប់តំណមនុស្ស ពុំអាចបង្កើតសន្តិភាពបានដែរ។ អាស្រ័យហេតុនេះ យើងត្រូវសាមគ្គិគ្នា រួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាព​ដែលបានដោយលំបាកបំផុត ឱ្យបានគង់វង្ស ស្ថិតស្ថិរ មិនឱ្យអនុភាពណាបំផ្លាញបានឡើយ ទោះបីជាក្នុងតម្លៃណាក៏ដោយ»។ 
 
រាជរដ្ឋាភិបាលកម្ពុជា នៅតែដឹងគុណ និងចង់ចាំជានិច្ច ចំពោះការលះបង់របស់ប្រជាពល​រដ្ឋ​គ្រប់រូប កងកម្លាំងប្រដាប់អាវុធដែលបាន​ពលិជីវិត​ ​ ដើម្បីបុព្វហេតុជាតិ។ ​ការពលីរបស់ជនរួមជាតិ នៅគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រ ជាការរួមចំណែកក្នុងការការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គម។ នេះបើតាមប្រមុខរាជរដ្ឋាភិបាល។

© រក្សាសិទ្ធិដោយ thmeythmey.com