ជាតិ
ការប្រឡងជ្រើសរើស​គ្រូបឋមសិក្សា លើកទី១ នឹង​​រៀបចំ​នៅ​ខែ​កក្កដា
21, Jun 2024 , 6:59 pm        
រូបភាព
Front លោក ហ៊ុន ម៉ានី ដឹកនាំ​កិច្ច​ប្រជុំអន្តរក្រសួង​ ដើម្បីរៀបចំការប្រឡងប្រជែង​ជ្រើសរើសគ្រូបង្រៀនបឋមសិក្សា។ រូបភាពពី​ក្រសួង​មុខងារសាធារណៈ។
Front លោក ហ៊ុន ម៉ានី ដឹកនាំ​កិច្ច​ប្រជុំអន្តរក្រសួង​ ដើម្បីរៀបចំការប្រឡងប្រជែង​ជ្រើសរើសគ្រូបង្រៀនបឋមសិក្សា។ រូបភាពពី​ក្រសួង​មុខងារសាធារណៈ។
ភ្នំពេញ៖ បន្ទាប់​ពី​បញ្ចប់​ការ​ប្រឡង​ប្រជែង​ជ្រើ​ស​រើស​គ្រូ​បង្រៀន​អនុ​វិទ្យាល័យ កាល​ពី​ខែ​ឧសភា ក្រសួង​មុខងារ​សាធារណៈ គ្រោង​នឹង​រៀបចំ​ការ​ប្រឡង​ប្រជែង​ជ្រើសរើស​គ្រូ​បង្រៀន​បឋម​សិក្សា លើក​ទី១ ដើម្បី​សម្រាំង​បេក្ខជន នៅ​ខែ​កក្កដាខាង​មុខ។ នេះ​បើតាម​ក្រសួង​មុខងារសាធារណៈ។



ដើម្បីពិនិត្យវឌ្ឍនភាព និងតម្រង់ទិសការងាររៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន​បឋមសិក្សាចំនួន ១ ៣៤៧នាក់​​ ​លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បាន​ដឹកនាំ​កិច្ច​ប្រជុំអន្តរក្រសួង កាល​ពី​ថ្ងៃទី២០ ខែមិថុនា នៅសាលាភូមិន្ទរដ្ឋបាល។ ក្នុង​កិច្ច​ប្រជុំ​នេះ គណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ បាន​ពិភាក្សាពីទិដ្ឋភាពនានា ដើម្បីឱ្យការប្រឡងប្រជែង ប្រព្រឹត្តទៅកាន់តែល្អប្រសើរ។​
 
តាមរយៈ​កិច្ចប្រជុំនេះ គណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ បានកំណត់កាលបរិច្ឆេទ សម្រាប់ការប្រឡងនៅថ្ងៃទី១៣-១៤ និងថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៤ តាមមណ្ឌលប្រឡងផ្សេងៗគ្នា។ ប្រសិនបើ​មិនមានការប្រែប្រួលនោះទេ ការ​ប្រឡងនេះ នឹង​អាច​ចាប់​ផ្ដើម តាមកាលបរិច្ឆេទនេះ។
  
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ។ រូបភាពពី​ក្រសួង​មុខងារសាធារណៈ។ 

​ដំណើរ​ការ​ប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា នឹង​រៀបចំ​ជា​ពីរលើក ដោយ​លើកទី១ សម្រាំង​បេក្ខជន ដើម្បី​បន្ត​ទៅ​ប្រឡង​ក្នុង​ដំណាក់​កាលទី២។ ជុំ​វិញ​ការ​ប្រឡង​ប្រជែង​លើក​ទី១ ដើម្បី​សម្រាំង​បេក្ខជននេះ​ លោក ហ៊ុន ម៉ានី បាន​លើក​ឡើងថា៖«បេក្ខជនចំនួន ៤,០៤១នាក់ ឬស្មើបីដងនៃចំនួនដែលត្រូវជ្រើសរើសជាប់ស្ថាពរចុងក្រោយ  (១,៣៤៧នាក់) នឹងត្រូវបានជ្រើសរើស សម្រាប់ការប្រឡងលើកទី១»។
 
សូម​បញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា លើកទី១ នឹង មាន​បេក្ខជន​ចូលរួម​ចំនួន ៣៨ ១៦៨នាក់ ក្នុង​នោះ​ស្រី​ចំនួន ២៨ ៤៥៦នាក់ ដែល​មក​ពី​២៥​រាជធានី-ខេត្ត​។ ការ​ប្រឡងនេះ ជ្រើសរើសគ្រូបង្រៀន​ត្រឹមតែ ១ ៣៤៧នាក់ប៉ុណ្ណោះ៕​

កិច្ចប្រជុំ​អន្តរក្រសួង។ រូបភាពពី​ក្រសួង​មុខងារសាធារណៈ។

Tag:
 ប្រឡង​
  គ្រូ​បង្រៀន
  អប់រំ
  មុខងារ​សាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com