ជាតិ
ដើម្បីលុបបំបាត់គ្រឿងញៀន សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យពង្រឹងគោលនយោបាយ ភូមិ-ឃុំ សុវត្ថិភាព
21, Jun 2024 , 11:59 am        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ រូបភាព Samdech Thipadei Hun Manet
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ រូបភាព Samdech Thipadei Hun Manet
ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យអភិបាលរាជធានី-ខេត្ត បន្តពង្រឹងគោននយោបាយ ភូមិ ឃុំ សង្កាត់ សុវត្ថិភាព ដើម្បីលុបបំបាត់ករណីគ្រឿងញៀន។ ការបញ្ជាបែបនេះ ធ្វើឡើងក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ នេះបើតាមសារលិខិតរបស់សម្ដេច ហ៊ុន ម៉ាណែត។

 
ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦មិថុនាឆ្នាំនេះ សម្ដេច ហ៊ុន ម៉ាណែត បានចាត់ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពខ្ពស់មួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដើម្បីឈានទៅសម្រេចទស្សនវិស័យច្បាស់លាស់ ក្នុងការកសាងកម្ពុជា ទៅជាប្រទេសមួយ ដែលគ្រឿងញៀនលែងជាឧបសគ្គ និងបញ្ហារបស់សង្គមជាតិ។
 
ក្នុងឆ្នាំនេះ កម្ពុជានឹងរៀបចំឱ្យមានការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទូទាំង២៥រាជធានី ខេត្ត ក្រោមប្រធានបទ«រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន»។ គោលបំណងនៃការរៀបចំទិវានេះ គឺបន្តបំផុស និងដាស់តឿនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី កម្មករ កម្មការនី និស្សិត និងសិស្សានុសិស្សទាំងអស់ ឱ្យយល់កាន់តែស៊ីជម្រៅថែមទៀត អំពីផលប៉ះពាល់ និងគ្រោះថ្នាក់។ 
 
ដើម្បីឆ្លើយតបនឹងបញ្ហាគ្រឿងញៀន សម្ដេច ហ៊ុន​ ម៉ាណែត បានប្ដេជ្ញាចិត្តយកគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាអាទិភាពដើម្បីបន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់បែបនេះ ទៅអភិបាលរាជធានីខេត្ត ៖ «គណៈបញ្ជាការឯកភាពរាជធានី ខេត្ត ត្រូវបន្តពង្រឹងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយត្រូវលុបបំបាត់ការចែកចាយនិងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ជាពិសេសតាមក្លឹបកម្សាន្តនិងទីតាំងសប្បាយដ្ឋាននានា ដោយឈរលើស្មារតី ៣កុំនិង១រាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំបន្ធូរបន្ថយ និងត្រូវរាយការណ៍»។ 
 
ទន្ទឹមនឹងនេះ សម្តេច បានធ្វើកំណែទម្រង់ក្បាលម៉ាស៊ីនដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានដាក់ឧបនាយករដ្ឋមន្ត្រីចំនួន៤រូប ក្នុងនោះ ១រូបជាប្រធាន ៣រូបជាអនុប្រធាន ហើយទេសរដ្ឋមន្ដ្រី១រូប ជាអនុប្រធានប្រចាំការ រួមជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នផ្សេងទៀត ជាសហមាជិក។  
 
ជាមួយគ្នាដែរ សម្ដេច បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមទាញយក និងប្រើប្រាស់ឱ្យបានទូលាយនូវកម្មវិធីទូរស័ព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធ
ប្រឆាំងគ្រឿងញៀន ដើម្បីទទួលបានការអប់រំ ខ្លឹមសារមេរៀន ព័ត៌មាន សេវាព្យាបាលនិងស្តារនីតិសម្បទា និងរាយការណ៍មកសមត្ថកិច្ច ក្នុងករណីមានការប្រើប្រាស់ ឬចែកចាយគ្រឿងញៀនក្នុងសហគមន៍។
 
សម្តេច ហ៊ុន ម៉ាណែត ក៏បានរំឮកជាថ្មីថា មន្ត្រីប្រើប្រាស់គ្រឿងញៀន នឹងត្រូវបណ្ដេញ ចេញពីក្របខ័ណ្ឌ ហើយឱ្យទៅទទួលការបន្សាប ព្យាបាល និងស្តារនីតិសម្បទា ដើម្បីមានឱកាសធ្វើសមាហរណកម្មចូលក្នុងសង្គមវិញ៕ 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com