ជាតិ
«ដង្កូវហ្វូង» រាលដាលដល់១២ខេត្តហើយ ដោយបង្កផលប៉ះពាល់ដំណាំកសិករជាង១ម៉ឺនហិកតា
21, Jun 2024 , 3:59 pm        
រូបភាព
រូបភាព៖ ក្រសួងកសិកម្ម
រូបភាព៖ ក្រសួងកសិកម្ម
«ដង្កូវហ្វូង» បានរីករាលដាលដល់១២ខេត្តហើយ ដែលធ្វើឱ្យប៉ះពាល់ដំណាំប្រហែល១៣,៨០៥ហិកតា ។ នេះបើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមថ្ងៃទី២០ ខែមិថុនា។



លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២១ ខែមិថុនានេះថា ទំហំនៃផលប៉ះពាល់ចំពោះដំណាំនៅពេលនេះ មានប្រហែល១ភាគរយប៉ុណ្ណោះ នៃផ្ទៃដីដាំដុះសរុបនៅកម្ពុជា។ ទោះជាយ៉ាងណា ក្រសួងកសិកម្ម កំពុងយកចិត្តទុកដាក់លើករណីនេះ ខណៈមន្រ្តីជំនាញ បានចុះទៅគ្រប់ខេត្តទាំងអស់ ដើម្បីអន្តរាគមន៍ និងផ្សព្វផ្សាយអំពីវិធានការដោះស្រាយ បើទោះជាតំបន់ខ្លះមិនផ្ទុះវត្តមាន «ដង្កូវហ្វូង» នេះក៏ដោយ។ 
 
លោក ប្រាប់ដូច្នេះថា៖«យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីដង្កូវហ្វូងនេះ។ សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រុមការមន្រ្តីជំនាញរបស់ក្រសួងបានចុះទៅគ្រប់មូលដ្ឋានអស់ហើយ ដើម្បីអន្តរាគមន៍ និងផ្សព្វផ្សាយអំពីវិធានការដោះស្រាយ បើទោះជាតំបន់ខ្លះមិនផ្ទុះក៏ដោយ»។ 
 
បើមានភ្លៀងធ្លាក់ខ្លាំងដូចការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ពិតមែននោះ ករណីដង្កូវហ្វូងនេះ នឹងលែងជាបញ្ហាចោទទៀតហើយ ពោលគឺពួកវាមិនអាចត្រាំទឹកបានយូរឡើយ ហើយវានឹងងាប់។  ប៉ុន្តែក្នុងករណីនេះ មិនអាចពឹងផ្អែកលើទឹកភ្លៀងបានឡើយ​ ក្រុមការងារជំនាញនៃក្រសួងកសិកម្ម នឹងត្រៀមកិច្ចអន្តរាគមន៍បន្ថែមទៀត តាមភាពចាំបាច់។ នេះបើតាមលោក ហ្វីណង់ ដោយពន្យល់បែបនេះ៖«តាមពិតទៅយើងមិនចាំចាច់តែទឹកភ្លៀងនោះទេ! បើមានប្រភពទឹក យើងអាចបង្ហូរទឹកចូលទៅក្នុងស្រែឱ្យលិចសន្ទូង ឬសំណាប។ ប៉ុន្តែ រដូវនេះគឺមេឃនៅរាំងនៅឡើយ ដូច្នេះ ភាគច្រើនគឺយើងរងចាំទឹកភ្លៀងហ្នឹងហើយ។ ជាទូទៅដង្កូវប្រភេទនេះ បើសិនជាលិចទឹក វាមិនអាចធ្វើសកម្មភាពបានទេ ដូច្នេះ វានឹងងាប់»។
  


មកដល់ពេលនេះ «ដង្កូវហ្វូង» បានរីករាលដាលដល់១២ខេត្តហើយ ដែលធ្វើឱ្យប៉ះពាល់ដំណាំប្រហែល១៣,៨០៥ហិកតា ក្នុងនោះ មានស្រូវ១០,៦៨៩ហិកតា ប៉ុន្តែជួយសង្រ្គបាន១,៩៨៤ហិកតា, សាកវប្បកម្ម និងដំណាំរួមផ្សំ៥២ហិកតា និងឧស្សាហកម្ម ៣,០៦៤ហិកតា។ ខេត្តរងផលប៉ះពាល់ រួមមាន កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ ក្រចេះ ព្រះវិហារ សៀមរាប ស្ទឹងត្រែង តាកែវ បាត់ដំបង ប៉ៃលិន ត្បូងឃ្មុំ និងស្ទឹងត្រែង។ 
 
បើតាមអគ្គនាយកដ្ឋានកសិកម្ម បច្ចុប្បន្នស្ថានភាពនៃការបំផ្លាញដោយប្រជាករដង្កូវហ្វូងនេះ កំពុងតែស្ថិតក្នុងស្ថានភាពតាមដាន និងអន្តរាគមន៍ ដើម្បីឈានទៅរកស្ថានភាពល្អប្រសើរ ដែលអាចគ្រប់គ្រងបាន។  
 
យោងតាម វិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (International Rice Research Institute) ដង្កូវហ្វូងប្រភេទថ្មីនេះ កើតចេញពីមេអំបៅ ដែលមានដើមកំណើតមកពីទ្វីបអាមេរិកខាងត្បូង ហើយបានរាលដាលយ៉ាងឆាប់រហ័សដល់អាហ្រ្វិក ឥណ្ឌា ចិន ស្រីលង្ការ បង់ក្លាដេស ថែ មីយ៉ាន់ម៉ា និងឡាវ។ នៅកម្ពុជា ដង្កូវប្រភេទនេះ ត្រូវបានរកឃើញកាលពីខែឧសភា ឆ្នាំ២០១៩ លើដំណាំពោត១១ ១៨២​ហិកតា​ នៅខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងត្បូងឃ្មុំ៕ 
 

Tag:
 កសិកម្ម
  ដង្កូវហ្វូង
  ឃឹម ហ្វីណង់
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com