ជាតិ
វេទិកាផ្គូផ្គងផលិតផលក្នុងស្រុក ជួយឱ្យអ្នកលក់និងអ្នកទិញកាន់តែយល់ពីគ្នា
22, Jun 2024 , 7:59 am        
រូបភាព
វេទិកាផ្គផ្គងផលិតផលក្នុងស្រុកដែលរៀបចំនៅផ្សារម៉ាក្រូ។
វេទិកាផ្គផ្គងផលិតផលក្នុងស្រុកដែលរៀបចំនៅផ្សារម៉ាក្រូ។
សៀមរាប៖ ផលិតផលក្នុងស្រុកចម្រុះជាច្រើន ត្រូវបានបង្ហាញនៅក្នុងវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ ដើម្បីជំរុញឱ្យអ្នកទាំងពីរយល់ពីគ្នា ជួយគាំទ្រផលិតផលក្នុងស្រុក។

 
អនុប្រធាននៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ លោក សួង ណយ បានឱ្យដឹងថា វេទិកាផ្គូផ្គងផលិតផលនេះ ជាផ្នែកមួយនៃគោលនយោបាយផ្សព្វផ្សាយ និងជំរុញទីផ្សារ​ផលិតផលក្នុងស្រុក។ លោកបន្តថា កន្លងមក​គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ មានគោលនយោបាយតម្រង់ផ្លូវ និងផែនការយុទ្ធសាស្រ្ត ដោយបានចងក្រងសមាជិក ជាពិសេសរៀបចំតាំងពិព័រណ៍ផ្សព្វផ្សាយផលិតផលរបស់សមាជិកឱ្យគេស្គាល់។ លោក សួង ណយ បន្ថែមថា វេទិកានេះសំខាន់ណាស់ ដើម្បីឱ្យអ្នកផលិត មានឱកាស​តាំងបង្ហាញផលិតផលរបស់ពួកគេ ហើយអ្នកទិញជាអ្នកដាក់ពិន្ទុកម្រិតស្ដង់ដា ដែលពួកគេចង់បាន។ 
 
លោក សួង ណយ ពន្យល់ថា ជាទូទៅអតិថិជន ជាអ្នកដាក់កម្រិតស្ដង់ដាទៅផលិតផលអ្វីមួយ ហើយអ្នកផលិតវិញ ត្រូវផលិតអ្វីទៅតាមអ្នកទិញ មិនមែនផលិតទៅតាមចិត្តខ្លួនឯងទេ។ 
 
ចំពោះសន្ទុះនៃការគាំទ្រវិញ មន្រ្តីជំរុញចលនាភូមិមួយផលិតផលមួយ បានបញ្ជាក់ថា ពលរដ្ឋខ្មែរចាប់ផ្តើមគាំទ្រផលិតផលក្នុងស្រុកកើនឡើងគួរឱ្យកត់សម្គាល់។ រីឯអ្នកផលិតវិញ ចាប់ផ្តើមគិតគូរពីគុណភាព រសជាតិ វេចខ្ចប់ និងអនាម័យបានល្អប្រសើរជាបន្តបន្ទាប់។
 


អ្នកស្រី នី សុវណ្ណធីតា ម្ចាស់សហគ្រាសស្វាយអង្គរ ចាត់ទុកវេទិកាផ្គូផ្គងផលិតផលខាងលើនេះ ជាឱកាសល្អសម្រាប់អ្នកផលិតនិងអ្នកទិញស្វែងយល់ពីគ្នាទៅវិញទៅមក។ ម្ចាស់សហគ្រាសរូបនេះ បាននាំយកផលិតផលជាង២០មុខ​ដែលច្នៃបាន មកដាក់បង្ហាញឱ្យអ្នកទិញបានស្គាល់ និងរំពឹងថា ពួកគេបន្តគាំទ្រផលិតផលដែលកែច្នៃក្នុងស្រុកបន្ថែមទៀត។ 
 
ម្ចាស់សហគ្រាសស្វាយអង្គរបន្តថា ផលិតផលជាង២០មុខក្នុងសហគ្រាសរបស់ខ្លួន គឺ៩០ភាគរយ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ក្នុងនោះរួមមាន ស្វាយ ដូង ម្នាស់ សណ្ដែក ល្ពៅ ធុរេន ល្ង និងគ្រាប់ស្វាយចន្ទីជាដើម។ សម្រាប់អតិថិជនគោលដៅសម្រាប់អ្នកស្រី នី សុវណ្ណធីតា មាន៣ គឺភ្ញៀវទេសចរ ផ្សារទំនើប និងតាមអនឡាញ។ 
 


លោក ថង វណ្ណា ពលរដ្ឋខេត្តសៀមរាប ដែលបានមកចូលរួមក្នុងវេទិកាផ្គូផ្គងនៅផ្សារម៉ាក្រូ បានបង្ហាញអារម្មណ៍រីករាយ នៅពេលបានឃើញផលិតផលក្នុងស្រុកជាច្រើនសន្ធឹក និងចម្រុះផលិតផល។ លោក វណ្ណា ទិញបានត្រីងៀត និងបន្លែខ្លះ ដែលលោកថាជាទំនិញផលិតដោយ កសិករខ្មែរ និងមានសុវត្ថិភាព។ 
 
សម្រាប់វេទិកាខាងលើ លោក វណ្ណា យល់ថា វាធ្វើឱ្យអ្នកទិញបានដឹងច្បាស់ពីទំនិញដែលចង់បាន និងមានទំនុកចិត្ត ហើយបានមកទិញ និងជួបអ្នកផលិតដោយផ្ទាល់ ដែលអាចឱ្យពួកគេដឹងពីចង្វាក់ផលិតកម្មមួយចំនួនផង។ 


គួបញ្ជាក់ថា វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ធ្វើឡើងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២១ ដល់ទី២៣ ខែមិថុនា នៅផ្សារទំនើបម៉ាក្រូ ខេត្តសៀមរាប៕
 
 

Tag:
 ផលិតផលក្នុងស្រុក
© រក្សាសិទ្ធិដោយ thmeythmey.com