ជាតិ
អ្នក​ឃ្លាំ​មើល​សង្គម​ ចាត់ទុក​ការ​យក​ទុក្ខសោក​អ្នក​ដទៃ ទៅផ្សាយពាណិជ្ជកម្ម​​​ខ្លួនជា​ទង្វើ«អសីលធម៌»
22, Jun 2024 , 10:39 am        
រូបភាព
ភ្នំពេញ៖ ក្រោយ​មាន​សោក​នាដកម្ម ឬអំពើ​ឃាតកម្ម​ផ្សេងៗ គេ​តែង​ឃើញ​មាន​សកម្មភាព​​ឆ្លៀត​ឱកាស​របស់​បុគ្គ​លមួយចំនួន ដែល​យក​ទុក្ខ​សោក​របស់​អ្នក​ដទៃ ដើម្បី​ផ្សាយ​ពាណិជ្ជកម្ម ឬទាក់ទាញ​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន។ ចំពោះ​សកម្ម​ភាព​បែបនេះ អ្នក​ឃ្លាំ​មើល​សង្គម លោកបណ្ឌិត ប៉ា ច័ន្ទរឿន ចាត់ទុក​ថា​ ជា​ទង្វើ​អសីល​ធម៌។

ក្នុង​សម័យ​បច្ចេកវិទ្យាជឿន​លឿន ជាពិសេស​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដ៏​សម្បូរ​បែប​ បាន​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​មួយចំនួន លែង​បាន​គិត​ពី​សីលធម៌ សុជីវធម៌ ក្នុង​ការ​រស់​នៅ។ ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា មាន​ឃាតកម្ម​មួយ​បាន​កើត​ឡើង​នៅ​​រាជធានី​ភ្នំពេញ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ប្រុស​ស្រី ២នាក់​ បាន​ស្លាប់ ដោយសារ​ឧកញ៉ា ស្រី ស៊ីណា បាញ់ជាច្រើន​គ្រាប់។ ក្រោយហេតុការណ៍នេះ​ ព្រះមហាក្សត្រ បានត្រាស់បង្គាប់ដកគោរមងារ«ឧកញ៉ា» ពីលោក ស្រី ស៊ីណា។
  

គូដណ្ដឹងដែលឧកញ៉ាបាញ់សម្លាប់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤

ចំពោះករណី​ឃាតកម្មនេះ ​បាន​នាំ​ឱ្យ​អ្នក​ប្រើ​​​ប្រាស់​ជាច្រើន សម្ដែង​ការ​សោកស្ដាយដល់​គូដណ្ដឹង​វ័យ​ក្មេង​មួយគូនេះ។ ប៉ុន្តែ​ក៏​មាន​បុគ្គល​ឆ្លៀត​ឱកាស​មួយចំនួន បាន​យក​បញ្ហា និង​ទុក្ខ​សោក​សង្រេង​របស់​ជន​រង​គ្រោះ ធ្វើ​ជា​រឿង​កំប្លែង ខ្លះ​រៀបចំ​សាច់រឿង​ថត​សម្ដែង​ ខ្លះ​យក​ទៅ​ផលិត​មាតិកាអមដោយការ​ផ្សាយពាណិជ្ជកម្ម​ ដើម្បី​បម្រើ​ផល​ប្រយោជន៍ និង​អាជីវ​កម្ម​របស់​ខ្លួន។ 
 
តើ​កត្តា​អ្វី​នាំឱ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ ឆក់​ឱកាស​ ដែល​មិនខ្វល់​ពី​កិត្តិយស​គ្រួសារ​ជន​រងគ្រោះបែបនេះ​? នោះក៏ព្រោះតែឥទ្ធិពលលុយ ដែលធ្វើឱ្យមនុស្សលែងគិតពីសីលធម៌សង្គម។ លោកបណ្ឌិត ប៉ា ច័ន្ទ​រឿន នាយក​ប្រតិបត្តិវិទ្យាស្ថាន​ប្រជាធិបតេយ្យកម្ពុជា​ និង​ជាអ្នក​ជំនាញ​ទស្សនវិជ្ជា និង​លើក​កម្ពស់​សីលធម៌ បានលើកឡើងបែបនេះ។ 
 
​លោកបណ្ឌិត ប៉ា ច័ន្ទ​រឿន មើល​ឃើញថា នៅ​ក្នុង​សង្គម​កម្ពុជាបច្ចុប្បន្ន អ្នក​រក​ស៊ីមួយចំនួន តែង​តែ​ប្រើ​ប្រាស់​​បុគ្គលមាន​ប្រជា​ប្រិយ ឬ​អ្នកមាន​ភាព​ល្បីល្បាញ​ ដើម្បី​​ជា​អ្នក​​តំណាង​ផលិតផល និង​អាជីវកម្ម​របស់​ខ្លួន​​។ ទន្ទឹម​នឹង​នេះ អ្នក​រកស៊ី​មួយចំនួន នៅតាម​ប្រព័ន្ធ​អនឡាញ បាន​ផ្សព្វផ្សាយ​ ឬសេវាកម្ម​របស់​ខ្លួន ដោយ​ភ្ជាប់រឿង​​អណោចអធ័ម សោកសង្រេង​ ឬសព​ជាដើម។ 
 
«ពេល​ខ្លះ​យក​រឿង​​អណោចអធ័ម សោកសង្រេង​ រឿងសពនៃ​ការ​ស្លាប់​របស់​បុគ្គលខ្លះ​ ដូចករណី​បាញ់សម្លាប់គូដណ្ដឹងប៉ុន្មានថ្ងៃនេះ។ អ្នក​ខ្លះ​យក​រឿងនឹង​ មកធ្វើ​ជា​ឧបករណ៍​សម្រាប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ឬសេវាកម្ម​របស់​ខ្លួន​ ដែល​ខ្ញុំ​មើល​ទៅ​​អាណោចហួស។ គ្រួសារ​គ្នា​កំពុង​ប្រឈមមុខនឹង​ទុក្ខសោក​សង្រេង ប៉ុន្តែ​អ្នកខ្លះ​ក៏​ឆ្លៀត​ យក​ទុក្ខ​របស់​អ្នក​ដទៃ ដើម្បី​បម្រើ​ប្រយោជន៍​ការ​រកស៊ីរបស់ខ្លួន។ សកម្មភាពបែបនេះ អសីលធម៌ អមនុស្ស​ខ្លះណាស់»។​ នេះ​ជា​យល់ឃើញ​របស់​លោកបណ្ឌិត ប៉ា ច័ន្ទ​រឿន។ 
  

លោកបណ្ឌិត ប៉ា ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកជំនាញទស្សនវិជ្ជា និងលើកកម្ពស់សីលធម៌ 

សម្រាប់​លោកបណ្ឌិត ប៉ា ច័ន្ទ​រឿន សកម្មភាព​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ដែល​តែង​តែ​ឆក់​ឱកាសបែបនេះ​ មិនមែន​ជា​រឿង​ត្រឹម​ត្រូវ​នោះទេ។ លើសពីនេះ​ មិន​ត្រឹម​តែ​ប៉ះពាល់ដល់កិត្តិយស សេចក្ដី​ថ្លៃ​ថ្នូររបស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះប៉ុណ្ណោះទេ វាក៏​ប៉ះពាល់​ដល់​សីលធម៌សង្គម​​ និង​មនុស្ស​ធម៌​របស់​ជាតិផងដែរ។ 
 
បើតាមអ្នក​ឃ្លាំមើល​សង្គមរូបនេះ ក្នុង​សម័យ​បច្ចុប្បន្ន មនុស្ស​មួយចំនួន ហាក់​មើលឃើញ​លុយ​ជាធំ លែង​សូវ​ឱ្យ​តម្លៃ​លើ​រឿង​សីលធម៌ គុណធម៌ និង​មនុស្សធម៌។ លោក បន្ថែមថា ​បញ្ហាទាំងនេះ តម្រូវឱ្យអ្នក​ធ្វើ​កិច្ចការ​ទាក់ទង​នឹង​សីលធម៌​សង្គម រួមទាំង​ប្រព័ន្ធផ្សព្វផ្សាយ និង​អាជ្ញាធរ​ គួរ​តែ​យកចិត្ត​ទុក​ដាក់​ ដើម្បី​បង្ការកុំ​ឱ្យ​សកម្មភាពទាំងនេះកើតឡើងទៀត។
អត្ថបទទាក់ទង

 
លោក​បណ្ឌិត ​ប៉ា ច័ន្ទ​រឿន បាន​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា យក​ចិត្ត​ទុក​ដាក់​លើ​សីលធម៌​ឡើង​វិញ។ អ្នក​ជំនាញ​ទស្សនវិជ្ជា និង​លើក​កម្ពស់​សីលធម៌រូបនេះ បញ្ជាក់បែបនេះ៖«កុំ​គិតថា ដើម្បី​តែ​ការ​លក់ដូរផលិតផល ឬ​សេវាកម្ម​របស់​ខ្លួន​​ដាច់ លែង​គិត​គូ​រ​រឿង​សីលធម៌ គុណ​ធម៌ មនុស្ស​ធម៌អស់។  រក​ស៊ីលក់ដូរ​ទៅ​ ប៉ុន្តែ​ធ្វើ​​ម៉េច​ឱ្យមាន​សីលធម៌ ​គុណ​ធម៌ មនុស្សធម៌ ដែលនេះ​មិន​បង្ក​ការក្ដៅក្រហាយ ឬ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​ និង​កិត្តិ​របស់​អ្នក​ដទៃ​ ហើយក៏​ជា​ការឱ្យ​តម្លៃ​ដល់​ខ្លួនឯង​ផងដែរ»៕​
 

Tag:
 សង្គម
  សីលធម៌​សង្គម
  អសីលធម៌
© រក្សាសិទ្ធិដោយ thmeythmey.com