ជាតិ
សមត្ថកិច្ច បង្ក្រាបគ្រឿងញៀនបាន១៤៥គីឡូ នៅជ្រោយចង្វារ
22, Jun 2024 , 1:59 pm        
រូបភាព
ជនសង្ស័យ និងគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបានកាលពីថ្ងៃទី១៦និង១៧មិថុនា។ រូបពី GCNP
ជនសង្ស័យ និងគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបានកាលពីថ្ងៃទី១៦និង១៧មិថុនា។ រូបពី GCNP
ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនបាន១៤៥គីឡូក្រាម និងឃាត់ខ្លួនជនបរទេស៥នាក់ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នេះបើតាមការចេញផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២១មិថុនា ដោយបានអះអាងថា មុនឈានដល់ការបើកប្រតិបត្តិការនេះ ក្រុមស្រាវជ្រាវ បានស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃ លើមុខសញ្ញាជនជាតិតៃវ៉ាន់មួយក្រុម ដែលមានសកម្មភាពជួញដូរចែកចាយគ្រឿងញៀនយ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន។ 
 
តាមរយៈប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យជនជាតិតៃវ៉ាន់១នាក់ នៅបុរីមួយកន្លែង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ មិថុនា ហើយរកឃើញ ថ្នាំញៀនប្រភេទកេតាមីនចំនួន ៣ដុំ ស្មើនឹង៣គីឡូក្រាម។ តាមរយៈជនសង្ស័យជនជាតិតៃវ៉ាន់ដដែលនេះ កម្លាំងសមត្ថកិច្ចបានបន្តស្រាវជ្រាវ និងបង្ក្រាបបានបក្ខពួកជនសង្ស័យ៤នាក់បន្ថែមទៀត មានជនជាតិតៃវ៉ាន់៣នាក់ និងជនជាតិជប៉ុន១នាក់ នៅថ្ងៃទី១៧មិថុនា។ 
 
ទីតាំងទាំងពីរនេះ សមត្ថកិច្ច ឆែកឆេរឃើញថ្នាំញៀនប្រភេទកេតាមីនចំនួន១៤២ដុំ ស្មើនឹង១៤២គីឡូក្រាម រួមទាំងម្សៅសារធាតុផ្សំគ្រឿងញៀនចំនួន២គីឡូក្រាម។ ក្រៅពីនេះ សមត្ថកិច្ច រកឃើញជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន៣ និងឧបករណ៍សម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ នេះបើតាមអគ្គស្នងការរងនគរបាលជាតិ។
 
ក្រោយបង្ក្រាបបាននេះ កម្លាំងនគរបាលជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៥នាក់ និងវត្ថុតាងគ្រឿងញៀន នៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២មិថុនានេះ៕ 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com