ជាតិ
ធនាគារពិភពលោកផ្ដល់ជំនួយ ១៤៥លានដុល្លារ សម្រាប់គម្រោងសន្តិសុខទឹកនៅកម្ពុជា
22, Jun 2024 , 3:09 pm        
រូបភាព
រូបពី ក្រសួងសាធារណការ និង ដឹកជញ្ជូន
រូបពី ក្រសួងសាធារណការ និង ដឹកជញ្ជូន
ភ្នំពេញ៖ ក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ ធនាគារពិភពលោក “គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា” (Cambodia Water Security Improvement Project)  នឹងធ្វើឱ្យសន្តិសុខទឹកកាន់​តែ​មាន​ភាព​ប្រសើរឡើង។ វានឹងជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅ​នឹងហានិភ័យអាកាសធាតុ។ សម្រាប់​គម្រោងកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជានេះ គេរំពឹង​ថានឹង​ផ្តល់​អត្ថប្រយោជន៍​​ដល់​​ប្រជាជនជាង ១១៣ ០០០នាក់។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅ​កម្ពុជា លើកឡើងថា គម្រោងនេះ​នឹង​ជួយប្រទេសកម្ពុជា ឱ្យ​មានសន្តិសុខទឹកប្រកបដោយចីរភាព និងសម្រេច​បាន​ផលិតភាពកសិកម្មកាន់តែ​ច្រើន។ 
 
លោកស្រីពន្យល់៖«ការវិនិយោគនៅពេលនេះ ទៅ​លើភាពធន់ទៅ​នឹងអាកាស​ធាតុ នឹងធ្វើឱ្យផែនការនៃការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ​កាន់តែប្រសើរឡើង ដោយមិនត្រឹមតែអាច​ឆ្លើយ​តប​បានភ្លាម​ៗ​​ទៅនឹងតម្រូវការទឹករបស់កសិករ និងគ្រួសារ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងធ្វើ​ជាមូលដ្ឋានគ្រឹះសម្រាប់ការផ្តល់​សេវា​ទឹករយៈពេលវែងផងដែរ»។
 
លោកស្រី ម៉ារីយ៉ាម សាលីម បន្ថែមថា បើទោះបីជាប្រទេសកម្ពុជា មានប្រភពទឹកច្រើនក៏ដោយ ភាពខុសគ្នានៃ​ការ​ធ្លាក់​ភ្លៀងតាមរដូវ និងតាម​តំបន់នៅក្នុង​ប្រទេស បាន​បង្កបញ្ហា​ប្រឈមជា​ច្រើន​ដល់​ការផ្គត់ផ្គង់ទឹកនៅ​ក្នុងទីក្រុង និងនៅ​តាម​ទី​ជនបទ។ 
 
ការព្យាករណ៍​អាកាស​ធាតុបាន​ឱ្យ​ដឹង​ថា ទឹកជំនន់ និង​គ្រោះរាំងស្ងួត នឹងមាន​កាន់តែញឹកញាប់ និងសភាព​កាន់​តែ​ធ្ងន់ធ្ងរ ដែលដាក់សម្ពាធកាន់តែ​ខ្លាំង ទៅ​លើ​សមត្ថភាព​របស់​ប្រទេស​ ក្នុងការគ្រប់គ្រងធនធានទឹកសាបរបស់ខ្លួន។ បញ្ហា​នេះនឹងជះឥទ្ធិពល​ទៅលើផលិតកម្ម​ស្បៀង និងកំណើន​សេដ្ឋកិច្ច។
 
គម្រោងនេះនឹងត្រូវអនុវត្តក្នុងរយៈពេល៥ឆ្នាំ ដោយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ។ គម្រោងនឹងពង្រឹងការគ្រប់គ្រងធនធានទឹក តាមរយៈការពង្រីកស្ថានីយជលសាស្ត្រ ការ​ធ្វើបច្ចុប្បន្ន​ភាព​គោលនយោបាយ និងបទប្បញ្ញត្តិ ការរៀបចំផែនការគ្រប់គ្រងអាងទន្លេដែលមានព័ត៌មានអំពី​អាកាសធាតុ និងការ​ពង្រឹង​ការបំពេញមុខងារ របស់អាជ្ញាធរទឹកថ្នាក់​ជាតិ​ និងថ្នាក់​ខេត្ត។
 
ប្រព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់គ្រួសារ និងប្រព័ន្ធធារាសាស្រ្ត ​នឹង​ត្រូវ​បាន​ស្តារឡើងវិញ និងកែលម្អឱ្យ​ប្រសើរឡើង ហើយ​សហគមន៍កសិករ​អ្នកប្រើប្រាស់ទឹក ​​នឹងទទួល​បាន​ការ​បណ្តុះបណ្តាល​ និង​ជំនួយបច្ចេកទេស​តាម​រយៈគម្រោង សម្រាប់ធ្វើ​ប្រតិបត្តិការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធ ដែល​ត្រូវ​បាន​កែលម្អឡើងវិញ។ តាម​រយៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ជាតិ​ និងថ្នាក់​ខេត្ត វិធានការនានានឹងត្រូវធ្វើឡើងដើម្បីជួយកសិករឱ្យ​ចេះ ​ចាប់​យកបច្ចេកវិទ្យាឆ្លាតវៃអាកាសធាតុ សម្រាប់​បង្កើន​ផលិតភាព និងកាត់បន្ថយការបំភាយឧស្ម័ននៅ​ក្នុងវិស័យ​កសិកម្ម៕
 

Tag:
 ធនាគារពិភពលោក
  ជំនួយ
  ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com