ជាតិ
ភាពយន្ត១៥៣រឿង មកពី៤១ប្រទេស នឹងចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា
22, Jun 2024 , 4:39 pm        
រូបភាព
Front (រូបពី CIFF)
Front (រូបពី CIFF)
ភ្នំពេញ៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) លើកទី១៣ នឹងបង្ហាញខ្សែភាពយន្តចំនួន១៥៣រឿង មកពី៤១ប្រទេស ដោយក្នុងនោះមានភាពយន្តខ្មែរ ៤៨រឿង ទាំងភាពយន្តខ្នាតខ្លី និងខ្នាតវែង ,ភាពយន្តឯកសារ និងគំនូរជីវចល។

មហោស្រព CIFF លើកទី១៣ នឹងនាំចាក់បញ្ចាំងភាពយន្ត និងព្រឹត្តិការណ៍ជាង១២០ ដែលបើកឱ្យសាធារណជនចូលរួមទស្សនាដោយឥតគិតថ្លៃ នៅគ្រប់រោងភាពយន្តធំៗ និងទីតាំងជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា។ ក្នុងនោះមានរោងភាពយន្ត Legend Olympia និង Exchange Square រោងភាពយន្ត Major Cineplex Aeon 1 និង Mean Chey វិទ្យាស្ថានបារាំង មជ្ឈមណ្ឌលបុប្ផាណា សណ្ឋាគារ Rosewood ភ្នំពេញ និងរោងភាពយន្ត Fable ដែលទើបបើកថ្មី។
 
លោក Cedric Eloy នាយកមហោស្រព CIFF បានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) លើកទី១៣ មានកម្មវិធីចាក់បញ្ចាំងភាពយន្តល្អៗជាច្រើន ទាំងភាពយន្តជាតិនិងអន្តរជាតិ។ 
  

 លោក Cedric Eloy នាយកមហោស្រព CIFF (Credit)

ក្នុងនោះមានកម្មវិធី រឿងប្រតិដ្ឋកម្ពុជា (Cambodian Fiction), រឿងប្រតិដ្ឋអន្តរជាតិ (International Fiction), ពិភពពណ៌ចម្រុះ (Colorful World), ភាពយន្តឯកសារ (Documentaries), ភពផែនដីដ៏ស្រស់ស្អាត (Beautiful Planet), CIFF សម្រាប់គ្រួសារ (CIFF for Family), “ការសិក្សាពេញមួយជីវិត” (Lifelong Learning) “វិថីឆ្ពោះទៅអូឡាំពិក” (Road to Olympia)។ កម្មវិធីទាំងអស់នេះ មានកម្មវិធី​តូចៗនៅក្នុងនោះជាច្រើនទៀត។ 
 
«ការសិក្សាពេញមួយជីវិត គឺជាកម្មវិធីមួយដែលបំផុតគំនិត នៃការបង្កើតមាតិការសម្រាប់យុវជន និងមាតិកាកំប្លែងបែបកម្សាន្តផង។ ក៏មានបង្ហាញពីការបំពេញក្ដីស្រមៃ នៃអាជីពការងារផងដែរ»។ នេះជាការបន្ថែមរបស់លោក Cedric Eloy។
 
អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ ភាពយន្តល្អៗជាច្រើន ត្រូវបានចាក់បញ្ចាំងជាលើកដំបូង ក្នុងមហោស្រពនេះ។ បន្ថែមពីនោះ ភាពយន្តឯកសារ ស្ដីពីអធិរាជសំឡេងនៃកម្ពុជា គឺលោក ស៊ីន ស៊ីសាមុត ក្រោមចំណងជើងថា ELVIS OF CAMBODIA ក៏នឹងចាក់បញ្ចាំងក្នុងមហោស្រពនេះដែរ។ នេះគឺជាភាពយន្តឯកសារដំបូងរបស់ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត រួមទាំងគ្រួសាររបស់លោក។
 
សូមបញ្ជាក់ថា កម្មវិធីកម្រាលព្រំក្រហម នៃពិធីបើកមហោស្រព CIFF លើកទី១៣ នឹងប្រព្រឹត្តទៅ នៅសាលមហោស្រពចតុម្មុខ នៅថ្ងៃទី២៥ ខែមិថុនា។ ចំណែកកម្មវិធីបិទ នឹងធ្វើនៅថ្ងៃទី៣០ ខែមិថុនា នៅរោងភាពយន្ត Legend Olympia។ ព្រឹត្តិការណ៍ទាំងពីរនេះ សម្រាប់តែភ្ញៀវកិត្តិយស ដែលត្រូវបានអញ្ជើញតែប៉ុណ្ណោះ។ 
 
សូមរំលឹកថា សំបុត្រចូលរួមទស្សនា គឺមិនគិតថ្លៃឡើយ។ សំបុត្រនឹងចាប់ផ្ដើមចែក ១ម៉ោងមុនការចាក់បញ្ចាំងភាពយន្តនីមួយៗ នៅតាមបញ្ជរនានា របស់មហោស្រព៕
 

Tag:
 ភាពយន្ត
  មហោស្រព
  កុន
  រឿង
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com