ជាតិ
វីដេអូ
មណ្ឌល​បុប្ផាណា ​រក្សាម៉ាស៊ីន​បញ្ចាំង​កុនបុរាណ​២គ្រឿង ដែល​ត្រូវ​បាន​សង្គ្រោះ​ពី​អេតចា​យ
22, Jun 2024 , 6:59 pm        
រូបភាព
ភ្នំពេញ៖ មជ្ឈមណ្ឌល​ធនធានសោតទស្ស​បុប្ផាណា បានបន្តរក្សាម៉ាស៊ីន​បញ្ចាំងកុនម៉ាក​អាល្លឺម៉ង់ ២គ្រឿង គឺ​ម៉ាក​ CARL ZEISS ប្រភេទ TK 35។ ម៉ាស៊ីនបញ្ចាំងកុនទាំង២នេះ ផលិត​ឆ្នាំ១៩៥៦ នៅ​ទីក្រុង Jena។ ​ម៉ាស៊ីន​បញ្ចាំង​ភាពយន្ដ​ទាំង​ពីរ​នេះ ត្រូវបាននាំចូលមកប្រទេស​កម្ពុជា ក្នុងអំឡុងឆ្នាំ១៩៦៥ កាល​ពីសម័យយុគមាស នៃភាពយន្តខ្មែរ។ គេ​បាន​ប្រើ​វាសម្រាប់​ការបញ្ចាំង​ចល័ត ដែលពេញនិ យម​ក្នុងប្រទេស ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និង​១៩៧០។ ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ ពួកខ្មែរក្រហម បានប្រើម៉ាស៊ីនបញ្ចាំងកុននេះ ដើម្បីចាក់បញ្ចាំងខ្សែភាពយន្តផ្សព្វផ្សាយអំពីរបៀបវារៈនយោបាយរបស់ពួកគេ។ ជាច្រើនឆ្នាំក្រោយរបបប្រល័យពូជសាសន៍ ពោលគឺនៅឆ្នាំ​២០០៤ វិចិត្រករខ្មែរ​បារាំង មីនគីម ដឺនី​វន្ថា បានទិញម៉ាស៊ីនបញ្ចាំងកុននេះ ពីអ្នកអូសរទេះអេតចាយ។ ដោយសារតែគាត់ជឿថា វាមានសារៈសំខាន់ចំពោះប្រវត្តិសាស្រ្តនៃវិស័យភាពយន្តនៅប្រទេសកម្ពុជា គាត់ក៏សម្រេចទិញម៉ាស៊ីន​ទាំង​ពីរនោះ នាំទៅមជ្ឈមណ្ឌលធនធាន​សោតទស្ស​បុប្ផាណា។

 
​ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖
 
មនុស្សម្នាកាន់តែច្រើន បានចាប់អារម្មណ៍វត្ថុប្រើប្រាស់ចាស់ៗ ហើយបានយកវត្ថុបុរាណទាំងនោះតាំងលម្អគេហដ្ឋាន ទីតាំងអាជីវកម្ម ឬបម្រើសកម្មភាពសង្គមរបស់ខ្លួន។ មជ្ឈមណ្ឌល​ធនធានសោតទស្ស​បុប្ផាណា ដែល​មាន​សកម្មភាពក្នុងវិស័យ​ភាពយន្ដ ក៏មានដាក់តាំងវត្ថុបុរាណ​ទាក់ទងនឹងការថតរូប និងថតភាពយន្តដែរ។ នៅទីនោះ មាន​ម៉ាស៊ីន​បញ្ចាំងកុន ២គ្រឿង ផលិត​ឆ្នាំ១៩៥៦ នៅ​ទីក្រុង Jena។ គឺជា​ម៉ាក​អាល្លឺម៉ង់ CARL ZEISS ប្រភេទ TK 35។ តួលេខ​នេះ ​បញ្ជាក់​​​ពី​ការ​បញ្ចាំង​កុន​ទំហំ​ហ្វ៊ីល ៣៥​មីលីម៉ែត្រ។ ម៉ាស៊ីន​បញ្ចាំង​ភាពយន្ដ​ទាំង​ពីរ​នេះ ត្រូវបាននាំចូលមកប្រទេស​កម្ពុជា ក្នុងអំឡុងឆ្នាំ១៩៦៥ កាល​ពីសម័យយុគមាស នៃភាពយន្តខ្មែរ។ គេ​បាន​ប្រើ​វាសម្រាប់​ការបញ្ចាំង​ចល័ត ដែលពេញនិ យម​ក្នុងប្រទេស ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និង​១៩៧០។ ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ ពួកខ្មែរក្រហម បានប្រើម៉ាស៊ីនបញ្ចាំងកុននេះ ដើម្បីចាក់បញ្ចាំងខ្សែភាពយន្តផ្សព្វផ្សាយអំពីរបៀបវារៈនយោបាយរបស់ពួកគេ។
 
ក្នុងអំឡុងពេលសម័យ​ខ្មែរក្រហម ការបញ្ចាំងភាពយន្ត ត្រូវបានរៀបចំឡើងជាញឹកញាប់ក្នុងកិច្ចប្រជុំ ដែលធ្វើឡើងដោយក្រុមការងារនៅតាមជនបទ។ ខ្សែភាពយន្ត​ដែលគេ​បញ្ចាំង ត្រូវ​បានប្រើដើម្បីបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងចាំបាច់ក្នុងការអភិវឌ្ឍរបបកម្ពុជាប្រជាធិបតេយ្យ​។ ខ្សែ​ភាពយន្ត​ឃោសនា​ទាំងនេះបង្ហាញ​ជា​ចម្បង​នូវ​កម្មករ​រោងចក្រ និងកសិករ។ ក៏​មាន​បង្ហាញ​អំពីកិច្ចប្រជុំគណបក្ស និងព្រឹត្តិការណ៍នយោបាយផ្សេងៗទៀត។ ការបញ្ចាំងខ្សែភាពយន្ត​បែប​ចល័ត​បានបន្តបន្ទាប់ពី​ពួកខ្មែរក្រហមឡើងកាន់អំណាច ឆ្នាំ១៩៧៩។ ឆ្នាំ​១៩៩៧ ក្រុម​ការងារ​ប៉ុស្តិ៍ទូរទស្សន៍​បារាំង France 2 បានរៀបចំ​ការបញ្ចាំងកុនបែប​ចល័ត នៅ​ប្រទេស​ខ្មែរ។
 
ថ្ងៃ​មួយ ឆ្នាំ​២០០៤ វិចិត្រករខ្មែរ​បារាំង មីនគីម ដឺនី​វន្ថា ដើរ​តាមបណ្ដោយមហាវិថីព្រះមុនីវង្ស នៅ​រាជធានីភ្នំពេញ។ គាត់ឃើញអ្នកទិញអេតចាយម្នាក់ទាញអូសរទេះ ដែលផ្ទុករបស់របរផ្សេងៗតាមផ្លូវ។ ក្នុង​នោះគាត់ឃើញម៉ាស៊ីន​ចាស់ៗពីរ​គ្រឿង។ មុន​ដំបូង គាត់​មិន​ច្បាស់​​ថាជា​អ្វី។ ដូច្នេះ​គាត់​ទៅ​មើល​ពី​ជិត។ លោក ដឺនី​វន្ថា យល់​ថា​ជា​ម៉ាស៊ីន​ភាពយន្ដ ពី​មុន​សង្គ្រាម។ ដោយសារតែគាត់ជឿថា វាមានសារៈសំខាន់ចំពោះប្រវត្តិសាស្រ្តនៃវិស័យភាពយន្តនៅប្រទេសកម្ពុជា គាត់ក៏សម្រេចទិញម៉ាស៊ីន​ទាំង​ពីរនោះ នាំទៅមជ្ឈមណ្ឌលធនធាន​សោតទស្ស​បុប្ផាណា។ គឺជា​ម៉ាស៊ីន​បញ្ជាំង​កុន CARL ZEISS TK 35… នៅ​ពេល​ដែល​គេ​កំពុង​ស៊ើបសួរ​ដឹង​អំពី​ប្រវត្តិ​ម៉ាស៊ីន​បញ្ចាំង​កុន​ទាំង​ពីរនោះ គាត់​បាន​រក្សាទុកវាជាបណ្តោះអាសន្ន នៅ​គេហដ្ឋាន​របស់​គាត់។ ជាអកុសល ​​​​​​​​មាន​នរណា​ម្នាក់​ បាន​លួច​​​​​ខ្សែ​ភ្លើង​តភ្ជាប់ម៉ាស៊ីន​បញ្ចាំង​ ដែល​ធ្វើ​ឱ្យ​វា​ដើរលែងកើត។ ទោះជាយ៉ាងណាក៏ដោយ ​គាត់បាន​ធ្វើ​អំណោយ​​ម៉ាស៊ីន​ទាំង​ពីរ​ ទៅ​ឱ្យមជ្ឈមណ្ឌលបុប្ផាណា ក្នុងឆ្នាំ២០០៩។
 
ការ​ថត និង​បញ្ចាំង​កុន ​ត្រូវ​បាន​បង្កើត​នា​ឆ្នាំ​១៨៩៤ នៅ​ទីក្រុង Lyon ​ប្រទេស​បារាំង ដោយ​បងប្អូន​បង្កើត​២រូប : LUMIÈRE Auguste និង Louis។ ដោយ​ចៃដន់ ពាក្យ​បារាំង lumière មាន​ន័យថា​ ពន្លឺ ហើយគ្រឿង​ផ្សំ​សំខាន់ជាគេ ​ដើម្បី​ថត និង​បញ្ចាំងភាពយន្ដ គឺ​ពន្លឺ​នោះហើយ! ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លង​មកនេះ នៅ​តែ​មាន​ការបញ្ចាំងភាពយន្តបែប​ចល័ត ជាពិសេសរៀបចំឡើង​ដោយ​ក្រុម​សិល្បៈផ្សេងៗ ដែល​សំដែង​ពេល​រាត្រីតាមជនបទ។
 
មជ្ឈមណ្ឌលធុនធានសោតទស្ស​បុប្ផាណា មាន​តួនាទី​ប្រមូល​ផ្តុំ​ទុកធនធាន​សោតទស្សន៍ ពី​សម័យ​មុន និងសម័យបច្ចុប្បន្ន ដែលទាក់ទង​នឹង​ប្រទេស​កម្ពុជា បណ្ដុះបណ្ដាលវិជ្ជាជីវៈ​អំពី​ភាពយន្ដ ផលិត​រឿងកុន​ ហើយ​រៀបចំ​ព្រឹត្តិការណ៍​នានា ដូចជា​តាំងពិព័រណ៍ និង​ផ្សាយ​ខ្សែ​ភាព​យន្ដ។ មណ្ឌល​បុប្ផាណា គឺស្ថិតនៅ​​អគារលេខ៦៤ ​ដែលស្ថាបនា​កាលពី៧០ឆ្នាំ​មុន ​​នៅ​វិថី ឧកញ៉ា ម៉ែន (ផ្លូវ២០០) ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ។ ទីតាំងនេះ បើក​ពី​ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃសុក្រ ពី​ម៉ោង​៨ព្រឹក ដល់​ម៉ោង​​១២​ថ្ងៃ​ត្រង់ និង​ពី​ម៉ោង​២រសៀល ដល់​ម៉ោង​៦​ល្ងាច។ ថ្ងៃ​សៅរ៍ ពី​ម៉ោង​២រសៀល ដល់​ម៉ោង​៦​ល្ងាច។ សាធារណជន ​អាចចូលទស្សនា​បាន​​ដោយ​ឥត​​គិត​ថ្លៃ៕
 
 

Tag:
 ម៉ាស៊ីន​បញ្ចាំង​កុន
  ភាពយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com