ជាតិ
ព្រះវិហារចំណាស់អាយុកាលជាង១០០ឆ្នាំ នៃសម្បត្តិបេតិកភណ្ឌជាតិ ត្រូវបានជួលជុលនិងអភិរក្ស
22, Jun 2024 , 9:09 pm        
រូបភាព
ដំបុលព្រះវិហារ និងរចនាសម្ពន្ធនៃព្រះវិហារក្នុងវត្ដដំណាក់។ រូបភាព អាជ្ញាធរជាតិអប្សរា
ដំបុលព្រះវិហារ និងរចនាសម្ពន្ធនៃព្រះវិហារក្នុងវត្ដដំណាក់។ រូបភាព អាជ្ញាធរជាតិអប្សរា
                                       
ដោយ អោត រត់
សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានជួសជុលដំបូល រចនាសម្ពន្ធ គ្រឿងបង្គំដំបូល សរសរគ្រឹះនៃព្រះវិហារក្នុងវត្ដដំណាក់។ នេះបើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២២ មិថុនា។

 
ព្រះវិហារចំណាស់មួយនេះ ស្ថិតក្នុងវត្ដដំណាក់ដែលមានអាយុកាលជាង១០០ឆ្នាំហើយ ជាសម្បត្ដិបេតិកភណ្ឌជាតិ ស្ថិតនៅតាមបណ្ដោយស្ទឹងសៀមរាប ក្រុងសៀមរាប។ បើតាមភស្ដុតាងបានចារឹកនៅលើជញ្ជាំងប្រាសាទ និងព្រះថេរដីការបស់ព្រះគ្រូចៅអធិការវត្ដ  សំណង់ព្រះវិហារនេះ ត្រូវបានកសាងក្នុងព.ស២៤៦២ ដែលសាងឡើងសម្រាប់បូជាដល់ព្រះរតនត្រ័យនៃព្រះពុទ្ធសាសនា ដែលក្នុងព្រះវិហារនោះ មានព្រះពុទ្ធរូបមួយអង្គ ហៅថា ព្រះជីគង់ ជាអធិបតី។                                             
 
ព្រះវិហារនេះសង់ឡើងនៅលើខឿនមួយជាន់ មានទទឹង១៥.៤ម៉ែត្រ និងបណ្ដោយ៣៧ម៉ែត្រ សង់ពីប៉េតុង និងឈើ។ ដោយសារអាយុកាលកាន់តែច្រើន បូករួមបញ្ហាផ្សេងទៀត បានធ្វើឱ្យដំបូលព្រះវិហារនេះ មានការខូចខាត ធ្លុះធ្លាយតាមកន្លែង បណ្ដាលឱ្យទឹកជ្រាប ចូលក្នុងវិហារ។ ជាពិសេសរចនាសម្ពន្ធ គ្រឿងបង្គំដំបូល សរសរ គ្រឹះ មានសភាពទ្រុឌទ្រោម ពុកផុយ ដែលទាមទារឱ្យមានការជួសជុលជាបន្ទាន់។ 
 

បង្កាន់ដៃនៃព្រះវិហារវត្ដដំណាក់។ រូបភាពអាជ្ញាធរជាតិអប្សរា

សម្រាប់គម្រោងជួសជុលព្រះវិហារនេះ អាជ្ញាធរជាតិអប្សរ បានចាប់ផ្ដើមដំណើរការហើយ ទាំងផ្នែកបច្ចេកទេសនិងការចំណាយថវិកា ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤។
«ការជួសជុលនេះបានរួមចំណែកក្នុងការរក្សាកេរដំណែល និងតម្លៃនៃស្ថាបត្យកម្មដ៍ចំណាស់ សម្រាប់ព្រះសង្ឃបំពេញកិច្ចក្នុងវត្ដ និងពុទ្ធសាសនិកបំពេញបុណ្យកុសល»។ នេះបើតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌៕
 

ការជួសជុលដំបូលព្រះវិហារក្នុងវត្ដដំណាក់។ រូបភាពអាជ្ញាធរជាតិអប្សរា


© រក្សាសិទ្ធិដោយ thmeythmey.com