ជាតិ
បទសម្ភាសន៍
វីដេអូ
ពិការដៃ​ តែមិនពិការចិត្ត យុវតី ឈឿន សំណាង ប្រឹងនិពន្ធសៀវភៅដោយប្រើជើង​ ព្រោះចង់ក្លាយជាស្មេរ
22, Jun 2024 , 9:39 pm        
រូបភាព
ដោយ៖ តុប វណ្ណារ៉ា
ភ្នំពេញ៖ យុវតី ឈឿន សំណាង ជាសិស្សមួយរូបដែលមានពិការភាពដៃទាំងសងខាង តាំងពីកំណើត។ យុវតីរូបនេះ ជាអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ និងការតែងនិពន្ធ។ បើទោះលក្ខខណ្ឌធម្មជាតិតម្រូវបែបនេះ ក៏ សំណាង មិនចុះចាញ់នឹងព្រហ្មលិខិតឡើយ។ ពិការដៃ តែមិនពិការចិត្ត​ កញ្ញា ឈឿន សំណាង បានយកជើងដើម្បីសរសេរសៀវភៅ និងវាយកុំព្យូទ័រ ព្រោះចង់ក្លាយជាស្មេរដ៏ពូកែមួយរូប។

 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាបទ​សម្ភាស​រវាង​លោក តុប វណ្ណារ៉ា អ្នកសារព័ត៌មាន​ និងកញ្ញា ឈឿន សំណាង ដូចតទៅ៖​ 

 
ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកវិទ្យា និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ នេះ វិទ្យល័យព្រែកលៀប នា​រាជធានី​ភ្នំពេញ​ បាននាំយកស្នាដៃសិស្សចំនួន ៤ក្រុមមកតាំងបង្ហាញ រួមមានក្រុម ភាសាខ្មែរ រូប គីមី និងជីវវិទ្យា។ ក្នុងចំណោមសិស្សជាច្រើនមកពីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រែកលៀប ក៏មានវត្តមានរបស់យុវតី​ ឈឿន សំណាងផងដែរ។ 
 

ស្នាដៃក្រុមរបស់ យុវតី ឈឿន សំណាង និងមិត្តភក្តិ 

សំណាង ជាសិស្សថា្នក់ទី ១១ និងជាសមាជិកក្រុមមុខវិជ្ជាភាសាខ្មែរ ស្ថិតក្នុងក្លិបតែងនិពន្ធ នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប។ ស្ថិតក្នុងការតាំងពិព័រណ៍នោះ​ យុវតី​ ឈឿន សំណាង និងសមាជិកក្រុម បានយកសៀវភៅជាច្រើនចំណងជើង មកដាក់បង្ហាញពីស្នាដៃក្រុមខ្លួនខិតខំកន្លងមក។ 
 
ឈឿន សំណាង ជាសិស្សមានពិការភាពដៃទាំងទ្វេ ដែលមានទីកន្លែងកំណើតនៅរាជធានីភ្នំពេញ។ ជាអ្នកចូលចិត្តអាន និងសរសេរ យុវតីវ័យ១៧ឆ្នាំរូបនេះ ចង់ប្រែក្លាយខ្លួនជាអ្នកនិពន្ធ នាពេលអនាគត។ បើទោះកាយសម្បទា មិនដូចគេ ក៏ សំណាង មិនចុះចាញ់​នឹងឧបសគ្គនេះឡើយ។ សំណាង បានយកជើងជំនួសដៃ សម្រាប់សរសេរ និងធ្វើកិច្ចការនានា។ 
 
សំណាង បានរៀបរាប់ពីបទពិសោធរបស់ខ្លួនថា  ទម្រាំនិពន្ធបានសៀវភៅមួយក្បាលៗ គឺពុំងាយស្រួលឡើយ ស្មេរត្រូវយល់ឱ្យច្បាស់ពីមូលដ្ឋានគ្រឹះតែងនិពន្ធ អត្ថន័យ អត្ថរូប អត្ថរស រួមបញ្ចូលជាមួយទេពកោសល្យ​ផ្ទាល់ខ្លួន ការបញ្ចូលអារម្មណ៍ ការតាំងចិត្ត និងចំណាយពេលវេលាច្រើន។ សិស្សវិទ្យាល័យ​រូបនេះ រៀបរាប់ទាំងទឹកមុខស្រពោនថា៖ «សរសេរនឹងជើងគឺមានផលលំបាក គេមានដៃគេសរសេរស្រួល សរសេរបានលឿន ជាងយើងប្រើជើងសរសេរ»។
 
ចង់ក្លាយជាអ្នកនិពន្ធជារឿងមួយ កញ្ញា សំណាង បានយកឱកាសនេះជាវេទិកាជំរុញទឹកចិត្ត ដល់សិស្សដទៃទៀត​ ជាពិសេសអ្នកមានពិការភាពដូចខ្លួន ត្រូវចេះលើកទឹកចិត្ត និងមិនត្រូវបោះបង់ខ្លួនឯងឡើយ។  កញ្ញា បានបន្ថែមថា បច្ចុប្បន្នក្រុមរបស់នាង​ និពន្ធសៀវភៅបាន ៥ក្បាល ជាប្រភេទសៀវភៅរឿងខ្លីបែបលើកទឹកចិត្ត និងផ្តល់ឱកាសដល់ជនពិការផងដែរ៕
 

Tag:
 ThmeyThmey តាំងពិព័រណ៍
  ពិការ
© រក្សាសិទ្ធិដោយ thmeythmey.com