អន្តរជាតិ
ការ​ប្រកួត​កីឡា​អូឡាំពិក​ក្លាយជា​ពាណិជ្ជកម្ម​រាប់​ពាន់​លាន​ដុល្លារ​ដែល​បង្កប់​ន័យ​នយោបាយ
23, Jun 2024 , 8:29 am        
រូបភាព
រូបឯកសារ៖ ទិដ្ឋភាព​ប៉ម Eiffel ក្នុង​អំឡុង​ត្រៀម​រៀបចំ​សម្រាប់​ការ​ប្រកួត​កីឡាអូឡាំពិក នៅទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។
រូបឯកសារ៖ ទិដ្ឋភាព​ប៉ម Eiffel ក្នុង​អំឡុង​ត្រៀម​រៀបចំ​សម្រាប់​ការ​ប្រកួត​កីឡាអូឡាំពិក នៅទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។
ដោយ: VOA
ការប្រកួត​កីឡាអូឡាំ​ពិក​នៅ​ទីក្រុង​ប៉ារីស​នឹង​ប្រព្រឹត្ត​ទៅពី​ថ្ងៃទី ២៦​ ខែកក្កដា ដល់​ថ្ងៃទី ១១ ខែសីហា​ ឆ្នាំ ២០២៤ នេះ​ ដោយ​មានអត្តពលិកប្រមាណ ​១ម៉ឺន ៥រយ​នាក់ ​ចូលរួម​មក​ពី​ប្រទេស​និង​តំបន់ចំនួន ២០០។​ ប៉ុន្តែ​ការប្រកួត​កីឡាអូឡាំ​ពិកមានលើ​ស​ពីការសប្បាយ​រីករាយនិងការប្រកួត​កីឡាទៅ​ទៀត។

ការ​ប្រកួត​កីឡាអូឡាំពិកជាពាណិជ្ជកម្ម​ដ៏ធំមួយ ដែល​រក​ប្រាក់​ចំណូលបាន​រាប់​ពាន់​លាន​ដុល្លារ​ដល់​គណៈកម្មាធិការអូឡាំពិក​អន្តរជាតិ។​ ការ​ប្រកួត​កីឡាទាំង​នេះក៏​ជា​តំណាងនៃ​ឥទ្ធិពលភូមិសាស្ត្រនយោបាយត្រូវឃើញតាមរយៈ​តារាង​មេដាយ វត្តមាន​នៃបណ្តា​មេដឹកនាំពិភពលោក​ នៅក្នុងពិធីបើកការប្រកួត​និង​ភ្លេង​ជាតិដែល​ត្រូវបានប្រគុំនៅ​ពេលប្រគល់មេដាយ​ដល់អ្នក​ឈ្នះ។​
 
គណៈកម្មាធិការអូឡាំពិក​អន្តរជាតិ​ជា​អង្គការក្រៅ​រដ្ឋាភិបាលមិនគិត​កម្រៃមានមូលដ្ឋាន​នៅក្រុង Lausanne ប្រទេស​ស្វីស។ គណៈកម្មាធិការ​នេះ​មានប្រាក់ចំណូល​ ៩១% ពីការលក់​សិទ្ធិ​ផ្សព្វផ្សាយ​តាមទូរទស្សរ៍​ចំនួន ៦១% និងការឧបត្ថម្ភ​ចំនួន​ ៣០%។ ប្រាក់​ចំណូល​ពីការប្រកួតកីឡា​នេះ​ក្នុង​រដូវធ្លាក់ទឹកកកនិង​រដូវ​ក្តៅកាលពីបួនឆ្នាំមុន​ ដែល​បាន​បញ្ចប់ជា​មួយ​កីឡា​អូឡាំពិក​នៅក្រុង​តូក្យូ​ កាលពី​ឆ្នាំ ២០២១ មាន​ទឹក​ប្រាក់ ៧ពាន់ ៦រយលានដុល្លារ​។​
 
បណ្តា​ប្រទេសចាត់ចែង​ការប្រកួតកីឡា​អូឡាំពិក​បង់​ចំណាយ​ភាគ​ច្រើន។ ការចំណាយ​ទៅលើការប្រកួត​កីឡា​នេះ​នៅ​ក្រុង​តូក្យូ​ត្រូវ​បានប្រាប់ឱ្យ​ដឹងជា​ផ្លូវការ​ថាដល់​ទៅ​ ១៣ពាន់លានដុល្លារ។ អង្គភាព​នានា​របស់​រដ្ឋាភិបាលជប៉ុន​បាន​បង់សោហ៊ុយ​ចំណាយ​នេះជាងពាក់កណ្តាល។ ការចំណាយ​ទៅការប្រកួតកី​ឡាអូឡាំពិក​ពិបាក​នឹង​តាមដាន ប៉ុន្តែសវនកម្មមួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ចែង​ថា ការចំណាយពិតប្រាកដ​អាចមានពីរ​ដងច្រើន​ជាង​ចំនួន​ដែល​មានចែង។
 
ការ​សិក្សាស្រាវជ្រាវមួយអំពី​កីឡាអូឡាំពិក​ដោយ​លោក Victor Matheson និង​លោក​ Robert Baade​ ដែលជាសាស្ត្រាចារ្យ​មហាវិទ្យាល័យ​នៅអាមេរិក បានសន្មត​ថា​៖ «ក្នុងករណី​ភាគ​ច្រើន​ការ​ប្រកួតកីឡា​អូឡាំពិក​ធ្វើ​ឱ្យ​ទីក្រុង​ដែល​រៀបចំ​នោះ​ខាតបង់​ថវិកា»។ ការ​និយាយបង្ហាញ​ហេតុផល​សំខាន់មួយគឺ​ថា កីឡាអូឡាំពិកត្រូវចំណាយ​ថវិកា​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ​ហើយ​អាចប៉ះពាល់​ដល់​អាទិភាព​ខ្លះ ​ដូចជា​សាលារៀននិងមន្ទីរ​ពេទ្យ​ជា​ដើម។
 
គណៈកម្មាធិការអូឡាំពិក​អន្តរជាតិ IOC ​ថា​ កីឡាអូឡាំពិក​ហួស​ពីនយោបាយ។ ប៉ុន្តែតាមការពិត​ជាក់ស្តែង កីឡានេះមាន​លក្ខណៈ​នយោបាយ​ខ្លាំង។​ ជាការគួរ​កត់​សម្គាល់​ថា គណៈកម្មាធិការ IOC ​មាន​ឋានៈជាអ្នក​សង្កត​ការណ៍នៅ​អង្គការ​សហប្រជាជាតិ ដែល​បញ្ជាក់​អំពី​មុខនាទី​ខ្លួន​ក្នុង​ពិភពលោក។​
 
អ្នកវិទ្យាសាស្ត្រនយោបាយលោក Jules Boykoff កត់សម្គាល់នៅក្នុង​សៀវភៅ​ថ្មី​បំផុតរបស់លោក​មានចំណងជើង​ថា «តើកីឡា​អូឡាំពិកធ្វើឡើង​ដើម្បីអ្វី?‍» ថាក្រុ មអត្តពលិក​ដើរក្បួន​ដង្ហែ​នៅក្នុង​ពិធីបើកការប្រកួត​ជា​ក្រុមៗនៃប្រទេស​នីមួយៗ។ លោក​កត់​សម្គាល់ថា​ ពួក​គេអាច​ដើរ​ជា​ក្រុមតាមប្រភេទកីឡា​ដែរ។​
 
ប៉ុន្តែ​ការណ៍​នេះអាចមិនផ្តល់​សារៈសំខាន់ដល់​កត្តាជាតិនិយម ដែល​ជា​គន្លឹះ​សំខាន់មួយនៃប្រជា​ប្រិយភាពរបស់ការ​ប្រកួតកីឡា​នេះ​។ Adolf Hitler​ បាន​ប្រើ​
ការប្រកួតកីឡា​អូឡាំពិក​នា​ក្រុងប៊ែរឡាំង កាលពីឆ្នាំ ១៩៣៦ ដើម្បី​ឧបត្ថម្ភ​ផ្ចុងផ្តើមរបៀបវារៈរបស់គាត់។ ​ការរត់​បណ្តាក់កាន់​គុបភ្លើងមាន​ប្រភព​ក្នុងក្រុងប៊ែឡាំង​។
 
ជាញឹកញយ ការ​ប្រកួត​កីឡាអូឡាំពិក​ក៏មានទាក់ទិននឹងរឿង​អាស្រូវ​ឬអំពើពុករលួយដែរ ប្រហែល​ដោយសារ​មាន​ទាក់ទិនជា​មួយថវិកា​សាធារណៈច្រើននិង​ពេល​កំណត់​ចុងក្រោយបង្អស់។​
 
ការ​ប្រកួត​កីឡាអូឡាំពិកថ្មីៗ​បំផុតនៅក្រុង​តូក្យូមានទាក់ទិននឹងរឿងអាស្រូវពុកលួយអំពី​កុងត្រា​ ការឧបត្ថម្ភ​ផ្ចុងផ្តើមនិងការដេញ​ថ្លៃ។ ការ​ចាត់ចែងការ​ប្រកួតកីឡា​អូឡាំពិកនៅ​ក្រុង​ Rio de Janeiro កាលពីឆ្នាំ ២០១៦​ អស់ថវិកានៅពេលបើក​ការប្រកួត​ទាំង​នេះ។​ លោក​ Carlos Nuzman សមាជិក​គណៈកម្មាធិការ IOC នៅពេលនោះ​ត្រូវ​បានចាប់ខ្លួន​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ពេលខ្លី​ក្រោយការប្រកួតចប់។
 
ការប្រកួតកីឡា​អួឡាំពិក​រដូវធ្លាក់ទឹកកក​នៅក្រុង Sochi ប្រទេស​រុស្ស៊ី មានរឿងអាស្រូវ​ប្រើថ្នាំកម្លាំង​និងការ​លាក់បាំង​រឿងនេះ។ អំពើពុករលួយនៅក្នុង​ការដេញថ្លៃក្នុងការ​ប្រកួតកីឡាអូឡាំពិក​រដូវ​ធ្លាក់ទឹកកក​នៅ Salt Lake កាល​ពីឆ្នាំ ២០០២ បាន​បង្ខំឱ្យ​មាន​ការកែទម្រង់​ខ្លះ​ខាង​សីលធម៌។
 
ហើយ​គេបានរាយការណ៍ជា​ច្រើន​ថា ​ក្រុម​អ្នក​ចាត់ចែងការប្រកួត​កីឡា​អូឡាំពិករដូវធ្លាក់ទឹកកក​នៅក្រុង Nagoya កាលពីឆ្នាំ ១៩៩៨ ​នៅប្រទេសជប៉ុន​បានបំផ្លាញឯកសារហិរញ្ញវត្ថុ ដែល​បង្ហាញថា ​ពួកគេ​បានចំណាយប្រាក់​រាប់លានដុល្លារសម្រាប់ការ​កម្សាន្ត​ហ៊ឺហាសម្រាប់ក្រុម​សមាជិក​គណៈកម្មាធិការ IOC៕
 

© រក្សាសិទ្ធិដោយ thmeythmey.com