ជាតិ
វ័យ៦៩ឆ្នាំ លោកយាយ ម៉ៅ មឿត ចង់ឱ្យពលរដ្ឋខ្មែរបន្តជួយគាំទ្រកន្ទេលរំចេក
23, Jun 2024 , 7:59 am        
រូបភាព
ដោយ៖ អោត រត់ 
សៀមរាប៖ ជាអ្នកភូមិជួយចក្រី ឃុំត្រីញ័រ ស្រុកពួក លោកយាយ ម៉ៅ មឿត​ វ័យ៦៩ឆ្នាំ  បានយកកន្ទេលរំចេក ដែលលោកយាយត្បាញផ្ទាល់ដៃ មកដាក់បង្ហាញក្នុងវេទិកាផ្គូផ្គងផលិតផលក្នុងស្រុក ដែលរៀបចំនៅផ្សារម៉ាក្រូ ខេត្តសៀមរាប។

ស្រ្តីចំណាស់រូបនេះ បានប្រកបរបរត្បាញកន្ទេលនេះប្រមាណ២០ឆ្នាំមកហើយ គឺនៅពេលលោកយាយអាយុ៤៩ឆ្នាំ។ ដើម្បីបានកន្ទេល គេត្រូវចំណាយពេលពី៤ទៅ៥ថ្ងៃ រាប់ចាប់ពីរកវត្ថុធាតុដើម រហូតត្បាញរួច។ ចំពោះកន្ទេលមួយអាចលក់បានតម្លៃចាប់ពី
៣៥,០០០ ទៅ៤០,០០០រៀល។ 
 


បើតាមការរៀបរាប់របស់លោកយាយ ម៉ៅ មឿត ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ បច្ចុប្បន្ននេះនៅក្នុងភូមិមិនសូវសម្បូរដើមរំចេកទេ ហើយអ្នកភូមិផ្សេងទៀត ក៏មិនសូវប្រកបរបរនេះច្រើនដូចមុនៗដែរ។ ទោះបីបែបនេះក្ដី លោកយាយនៅតែលក់កន្ទេលតម្លៃដូចធម្មតា មិនឡើងថ្លៃឡើយ ដោយហេតុចង់ឱ្យពលរដ្ឋខ្មែរ​ជួយគាំទ្រផលិតផលក្នុងស្រុក និងផលិតដោយស្នាដៃពលរដ្ឋខ្មែរទាំងអស់គ្នា។ 
 


សូមបញ្ជាក់ថា គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ បានរៀបចំវេទិកាផ្គូផ្គងរវាងអ្នកលក់ និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោងទទួលបានទីផ្សារសម្រាប់អ្នកផលិត ក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅផ្សារម៉ាក្រូ រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២១ ដល់២៣ មិថុនា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com