ជាតិ
លោក ស្រី ស៊ីណា ត្រូវបានចោទពីបទឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងប្រើអាវុធខុសច្បាប់
22, Jun 2024 , 7:35 pm        
រូបភាព
ភ្នំពេញ៖ តុលាការសម្រេចចោទ លោក ស្រី ស៊ីណា ពីបទឃាតកម្ម បទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានច្បាប់អនុញ្ញាត ខណៈជនសង្ស័យពីនាក់ទៀត ត្រូវបានដោះលែង ក្រោយរកពុំឃើញថាមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស។

 
តុលាការភ្នំពេញបានចេញសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២២មិថុនានេះ ពីចំណាត់ការផ្លូវច្បាប់លើករណីបាញ់ប្រហារនៅបុរីប៉េងហួតបឹងស្ងោរ ក្នុងខណ្ឌច្បារអំពៅ ដែលបានបណ្ដាលឱ្យមានមនុស្ស២នាក់ស្លាប់ និង២នាក់ទៀតរងរបួស។ 
 
តាមការស៊ើបអង្កេត អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រកឃើញថា លោក ស្រី ស៊ីណា បានជួលផ្ទះនៅបុរីប៉េងហួតបឹងស្ងោរ ឱ្យទៅ សេង ចាន់សុផាត និង សាន ស្រីពេជ្រ។ ស្រាប់តែថ្ងៃទី១៤មិថុនា សាន ស្រីពេជ្រ ក៏មានជម្លោះ ជាមួយ ឡុង លីសុង ដែលជាជនរងគ្រោះ មានផ្ទះជាប់គ្នា។ ពួកគេ ឈ្លោះគ្នាព្រោះរឿងកាប់មែកស្វាយ វាយកំទេចផើងផ្កា និងស្លូខោអាវលយចូលក្នុងបរិវេណផ្ទះ។ 
 
អ្នកជួលផ្ទះ សាន ស្រីពេជ្រ បានប្រាប់ទៅលោក ស្រី ស៊ីណា ដើម្បីឱ្យមកជួយដោះស្រាយ។ លុះដល់ថ្ងៃទី១៧មិថុនា សាន សុខចំរើន ជាអ្នកបើកឡាន ជូនលោក ស្រី ស៊ីណា ទៅផ្ទះកើតហេតុ ហើយលោក ស៊ីណា បានចូលទៅក្នុងផ្ទះរបស់ ឡុង លីសុង ដើម្បីសួរនាំរឿងជម្លោះកាលពីថ្ងៃមុន ។ ពួកគេ ជជែកគ្នារហូតឈានទៅដល់មានជម្លោះពាក្យសម្តី ហើយលោក ស្រី ស៊ីណា ក៏បានដកកាំភ្លើងខ្លី ដែលសៀតនឹងចង្កេះ បាញ់ទៅលើ ឡុង លីសុង ជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ឃើញដូចនេះ ឃីន កញ្ចនា បានស្ទុះទៅជួយ ឡុង លីសុង ក៏ត្រូវលោក ស្រី ស៊ីណា បាញ់៣គ្រាប់ បណ្តាលឱ្យដួលទៅលើដី ហើយស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
 
ចំណែក បុរស២នាក់ទៀតដែលនៅក្នុងផ្ទះកើតហេតុជាមួយគ្នានោះ ក៏ត្រូវបានលោក ស្រី ស៊ីណា បាញ់សំដៅជាច្រើនគ្រាប់ បណ្តាលឱ្យរងរបួសដៃនិងជើង។ ក្រោយធ្វើសកម្មភាពបាញ់រួច ជនសង្ស័យ ស្រី ស៊ីណា បានសុំអ្នកជិះម៉ូតូដែលធ្វើដំណើរតាមដងផ្លូវ លោក ទិន ទូច ហៅ រ៉ាដូ ដើម្បីឱ្យជូនខ្លួនទៅកន្លែងចតឡាន។ 
 
តាមការស្រាវជ្រាវខាងលើ តុលាការសម្រេច បែងចែកករណីខាងលើជា២សំណុំរឿង។ សំណុំរឿងទី១ មានជនសង្ស័យ ស្រី ស៊ីណា បានប្រព្រឹត្តអំពើបាញ់ប្រហារបណ្ដាលឱ្យជន
រងគ្រោះ២នាក់បានស្លាប់។ តុលាការបានចោទប្រកាន់បែបនេះ៖ «តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះនេះពីបទ ឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ»។ 
 
មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌចែកថា អំពើសម្លាប់មនុស្សដោយចេតនា ដែលមិនបានគិតទុកជាមុន។ ឃាតកម្មនេះ ត្រូវផ្ដន្ទាទោសពី១០ទៅ១៥ឆ្នាំ។ 
 
ចំណែក សំណុំរឿងទី២ មានជនសង្ស័យ ស្រី ស៊ីណា បានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះ២នាក់រងរបួស។ ហេតុនេះ​ តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះនេះពីបទ ប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា២៧, មាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ។ សូមជ​ម្រាបថា បទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ។
 
ជាមួយគ្នាដែរ សាន សុខចំរើន ហៅ ឆ្អឹង និង ទិន ទូច ហៅ រ៉ាដូ ត្រូវបានតុលាការ សម្រេចដោះលែងព្រោះមិនមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសខាងលើនេះទេ៕

© រក្សាសិទ្ធិដោយ thmeythmey.com