ជាតិ
វីដេអូលោក ស្រី ស៊ីណា បាញ់ជនរងគ្រោះ៖ រដ្ឋមន្ត្រីព័ត៌មាន ស្នើអ្នកផលិតមាតិកា MMO និងស្ថាប័នព័ត៌មាន កុំចែកចាយបន្ត
22, Jun 2024 , 8:07 pm        
រូបភាព
វីដេអូលោក ស្រី ស៊ីណា បាញ់ប្រហារទៅលើជនរងគ្រោះ4នាក់ បណ្ដាលឲ្យស្លាប់ និងរបួសនោះ ត្រូវបានបែកធ្លាយនៅតាមបណ្ដាញសង្គមនានា នៅល្ងាចថ្ងៃទី22 មិថុនានេះ។ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា អំពាវនាវកុំឲ្យចែកចាយវីដេអូនេះបន្តទៀត។

ក្រោយបែកធ្លាយវីដេអូបាញ់ប្រហារលើជនរងគ្រោះ អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ,អ្នកផលិតមាតិកា,ក្រុម MMO និង​ស្ថាប័នព័ត៌មានមួយចំនួន បានចែកចាយវីដឹអូនេះយ៉ាងព្រោងព្រាត។ លោក នេត្រ ភក្ត្រា ចាត់ទុកទង្វើបែបនេះ មិនគប្បីដល់គ្រួសារសពជនរងគ្រោះឡើយ ខណៈពួកគេកំពុងកាន់ទុក្ខ។ 
 
" ខ្ញុំសូមបងប្អូនអ្នកសារព័ត៌មានបញ្ឈប់ការចែកចាយផ្សព្វផ្សាយបន្ត និងស្នើដល់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់កុំចែករំលែកបន្តនូវរូបភាពដ៏សាហាវឃោរឃៅនេះ ខណៈក្រុមគ្រួសារសាច់ញាតិនៃប្អូនស្រីប្អូនប្រុសដែលបានស្លាប់ កំពុងកាន់មរណទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់កូនក្មួយជាទីស្រឡាញ់របស់ខ្លួន"។ នេះបើតាមសំណេរលើហ្វេសប៊ុករបស់រដ្ឋមន្ត្រីព័ត៌មាន។
 
បើតាមលោក នេត្រ ភក្ត្រា ការផ្សព្វផ្សាយពីរូបភាពនេះ ជាការធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់គ្រួសារជនរងគ្រោះ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃជនរងគ្រោះ។ ជាពិសេសការផ្សព្វផ្សាយឃ្លីបវីដេអូនេះ ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ គឺប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ 
 
"ដូច្នេះ ខ្ញុំសូមបងប្អូនបញ្ឈប់ការផ្សព្វផ្សាយនិងការចែកចាយបន្តនូវវីដេអូឃ្លីបទាំងអស់នោះ។ សូមបងប្អូនទាំងអស់មេត្តាទទួលនូវការគោរពនិងស្រឡាញ់រាប់ពីខ្ញុំ និងសូមចូលរួមទប់ស្កាត់ការចែកចាយឃ្លីបវីដេអូទាំងនេះ"។ រដ្ឋមន្ត្រីព័ត៌មាន បន្ថែម។
 
នៅល្ងាចថ្ងៃនេះដែរ តុលាការសម្រេចចោទ លោក ស្រី ស៊ីណា ពីបទឃាតកម្ម បទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានច្បាប់អនុញ្ញាត ខណៈជនសង្ស័យពីនាក់ទៀត ត្រូវបានដោះលែង ក្រោយរកពុំឃើញថាមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស។

អត្ថបទទាក់ទង
 

Tag:
 ស្រី ស៊ីណា
  អាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com