ជាតិ
បុរសម្នាក់នៅមណ្ឌលគិរី បានស្លាប់ ដោយសារសត្វថ្លែនខាំ
23, Jun 2024 , 11:29 am        
រូបភាព
សមត្ថកិច្ចពិនិត្យសពជនសង្គ្រោះ។ រូបពី GCNP
សមត្ថកិច្ចពិនិត្យសពជនសង្គ្រោះ។ រូបពី GCNP
ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់វ័យ៥០ឆ្នាំ នៅខេត្តមណ្ឌលគិរី ត្រូវបានសត្វថ្លែនខាំ បណ្តាលឱ្យស្លាប់បាត់បង់ជីវិត អំឡុងពេលបញ្ជូនទៅសង្គ្រោះបន្ទាន់។ នេះបើតាមការចេញផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ។

បុរសវ័យ៥០ឆ្នាំ ត្រូវបានសត្វថ្លែនមួយក្បាលខាំបណ្តាលឱ្យស្លាប់បាត់បង់ជីវិត ក្រោយដឹក ទៅសង្រ្គោះនៅមណ្ឌលសុខភាពស្រុកកែវសីម៉ាខេត្តមណ្ឌលគិរី។ ហេតុការណ៍នេះ កើតឡើង កាលពីថ្ងៃទី២១មិថុនា ស្ថិត​នៅក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា។ 
 
ប្រពន្ធជនរងគ្រោះ អះអាងថា ប្ដីសម្រាកនៅលើផ្ទះ ជាមួយកូនៗចំនួន៣នាក់ទៀត ក្នុងមុងជាមួយគ្នា។ លុះដល់ម៉ោងប្រមាណ១២យប់ រំលងអាធ្រាតឈានចូលថ្ងៃទី២១មិថុ​នា ប្ដីបានស្រែកហៅឱ្យគាត់យកកូនៗពីមុង ដោយស្មានថា ប្ដីត្រូវសត្វពស់ចឹក។ ប៉ុន្តែ រកមើលឃើញតែសត្វថ្លែន១ក្បាល។ ភ្លាមៗជនរងគ្រោះ ក៏បានវាយសត្វថ្លែននោះ តែវាយមិនត្រូវ ហើយសត្វថ្លែនក៏បានជ្រុះទៅដីបាត់។
 
«ក្រោយពេលសត្វថ្លែននោះ ខាំបានប្រហែល១ម៉ោង ប្ដីមានអាការៈចុកទ្រូង និងរឹងថ្គាម រហូត​ដល់ម៉ោង៣ទាបភ្លឺ ប្ដីគាត់មានអាការៈធ្ងន់ធ្ងរទៅៗ ដោយរឹងថ្គាមនិយាយពុំកើតនិងបែកពពុះមាត់»។នេះជាអាការរបស់ជនរងគ្រោះ ដែលប្រពន្ធបានរៀបរាប់ប្រាប់សមត្ថកិច្ចទៀតថា អាការជនរងគ្រោះ កាន់តែធ្ងន់ធ្ងរ រហូតដល់ម៉ោង៥ព្រឹក ទើបអ្នកជិតខាងជួយជូនជនរងគ្រោះ ទៅសង្គ្រោះនៅមណ្ឌលសុខភាព។ ប៉ុន្តែជនរងគ្រោះ បានស្លាប់បាត់បង់​ជីវិតបាត់ទៅហើយ អំឡុងពេលបញ្ជូនទៅ។
 
ករណីនេះ ក៏មានវេជ្ជបណ្ឌិតបានពិនិត្យលើសាកសពដែរ រួមទាំងកម្លាំងប៉ុស្ដិ៍នគរបាលស្រែព្រះ បានធ្វើកោសលវិច្ឆ័យទៅលើដងខ្លួននៃសពជនរងគ្រោះ។ ពួកគេ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារសត្វថ្លែនខាំ ពិតប្រាកដមែន។ 
 
សូមជម្រាបថា ករណីថ្លែងខាំ បណ្ដាលឱ្យស្លាប់នេះ មិនមែនជាករណីដំបូងឡើយ។ កាលពីថ្ងៃទី៣១ ឧសភា ក៏មានក្មេងស្រីម្នាក់ នៅមណ្ឌលគិរី បានស្លាប់ដោយសារថ្លែនខាំដែរ៕
 
 

Tag:
 ថ្លែនខាំ
  មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com