ជាតិ
អុកស្វាម ជំរុញរដ្ឋាភិបាលឱ្យផ្ដល់កិច្ចគាំពារ ដល់កម្មករនៅរោងចក្រម៉ៅការបន្ត
23, Jun 2024 , 3:59 pm        
រូបភាព
កម្មកររោងចក្រ ចេញពីធ្វើការ។ រូបពី អុកស្វាម
កម្មកររោងចក្រ ចេញពីធ្វើការ។ រូបពី អុកស្វាម
ភ្នំពេញ៖ អុកស្វាមស្រាវជ្រាវឃើញថា កម្មករកាត់ដេរនៅរោងចក្រម៉ៅការបន្ត នៅកម្ពុជា ជួបបញ្ហាប្រឈមខ្លាំង លើបញ្ហាកិច្ចសន្យាការងារ ប្រាក់បៀវត្សរ៍ ច្បាប់ឈប់សម្រាក សិទ្ធិទទួលបានការគាំពារសង្គម និងចូលបំពេញការងារទាំងនៅជាអនីតិជនជាដើម។ តាមការស្រាវជ្រាវនេះ អង្គការអុកស្វាម បានរៀបចំវេទិកាថ្នាក់ជាតិស្តីពី កិច្ចសន្ទនាគោលនយោបាយ និងផ្សព្វផ្សាយរបាយការណ៍នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី២១មិថុនា។

របាយការណ៍ស្រាវជ្រាវ «ការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គម ក្នុងចំណោមកម្មការិនីរោងចក្រម៉ៅការដេរបន្ត នៅកម្ពុជា» បានសិក្សាលើកម្មករកាត់ដេរនៅរោងចក្រម៉ៅការបន្ត ចំនួន៦០៥នាក់ ក្នុងរាជធានីភ្នំពេញ កំពង់ស្ពឺ និងស្វាយរៀង។ ផលិតផលក្នុងរោងចក្រម៉ៅការបន្តទាំងនោះ គឺត្រូវបានបញ្ជូនទៅរោងចក្រក្នុងប្រព័ន្ធដែលបានចុះបញ្ជី ពិសេសជាមួយ BFC (Better Factories Cambodia) របស់គម្រោង ILO និង សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) សម្រាប់នាំចេញទៅកាន់ទីផ្សារពិភពលោក។ 
 
បើតាមការស្ទង់មតិ ក្នុងចំណោមកម្មកខាងលើ មាន១១ភាគរយ មានកិច្ចសន្យាការងារ ជាលាយលក្ខណ៍អក្សររយៈពេល៣ទៅ៦ខែ ខណៈ៨៩ភាគរយទៀត មានកិច្ចសន្យាការងារ ត្រឹមរយៈពេលខ្លី ឬបណ្ដោះអាសន្នប៉ុណ្ណោះ។ ពួកគេទាំងនោះ បើកប្រាក់មិនទៀងទាត់ឡើយ គឺត្រឹម៣០ភាគរយបើកប្រាក់ប្រចាំខែ ហើយ៧០ភាគរយបើកប្រាក់ប្រចាំថ្ងៃ។ 
 
បញ្ហានេះ អ្នកស្រី គឹម លី ដែលធ្លាប់ធ្វើការនៅរោងចក្រម៉ៅការបន្ត បានប្រាប់សារព័ត៌មានថ្មីៗថា កម្មករមិនមានប័ណ្ណបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) និងបើកប្រាក់មិនទៀងទាត់ឡើយ។ ជាមួយគ្នាដែរ អ្នកស្រីកត់សម្គាល់ឃើញ កម្មករភាគច្រើនក្នុងរោងចក្រម៉ៅការបន្ត នៅមានកម្រិតចំណេះដឹង ពុំបានគិតពីអត្ថប្រយោជន៍រយៈពេលវែង។ 
 
«ខ្ញុំធ្វើក្នុងរោងចក្រម៉ៅការបន្ត នៅម្ដុំផ្លូវ២០០៤ ក្នុងក្រុងភ្នំពេញ កាលពីចុងឆ្នាំ២០២៣។ ក្នុងរោងចក្រនោះ មានអ្នកទទួលប្រាក់ឈ្នួលប្រចាំថ្ងៃនិងប្រចាំខែ។ ប៉ុន្តែពិបាកបើកប្រាក់ខែ ជាក់ស្ដែងបើបន្ទាន់ការងារត្រូវថែមម៉ោង គឺតម្រូវឱ្យកម្មករត្រូវតែថែមម៉ោងជាចាំបាច់។ បើមិនដូច្នេះ គឺថៅកែកាត់ប្រាក់ឈ្នួលកម្មករ បើកប្រាក់មិនគ្រប់ចំនួនឱ្យពួកគេ»។ នេះជាការលើកឡើងរបស់ អ្នកស្រី គឹម លី ហើយបន្ថែមថា កម្មករទាំងនោះ មិនមាន ប.ស.ស ឡើយ។ ដូច្នេះ បើពួកគេដួលសន្លប់ ឬមានគ្រោះថ្នាក់ការងារ នឹងត្រូវថៅកែកាត់ប្រាក់ឈ្នួល ហើយចេញថ្លៃព្យាបាលដោយខ្លួនឯង។  
 
កម្មករវ័យ៤៤ឆ្នាំរូបនេះ ដែលបានចូលរួមទិកាថ្នាក់ជាតិស្តីពី កិច្ចសន្ទនាគោលនយោបាយ និងផ្សព្វផ្សាយរបាយការណ៍នេះ ដែលរៀបចំដោយអង្គការអុកស្វាមនេះ បានអះអាងប្រាប់ទៀតថា មូលហេតុដែលខ្លួននិយាយក្នុងវេទិកាសាធារណៈឱ្យអង្គការពាក់ព័ន្ធបានដឹងឮ ពីផលវិបាករបស់កម្មករ ដែលធ្វើការក្នុងរោងចក្រម៉ៅការបន្ត ព្រោះអ្នកស្រីយល់ថា កម្មករទាំងនោះខ្លះ ពុំមានឱកាស និងពុំហ៊ាននិយាយបើកចំហឡើយ។ 
 
«គាត់(កម្មករធ្វើការនៅរោងចក្រម៉ៅការបន្ត)ខ្លាចធ្វើអីមួយខ្លួនឆ្គង និយាយមិនល្អពីកន្លែងការងារ រោងចក្រអត់ទទួលពួកគាត់ឱ្យធ្វើការវិញ! យើងណែនាំឱ្យគាត់ទៅធ្វើការរោងចក្រចុះបញ្ជីត្រឹមត្រូវ មានប្រាក់ប្រចាំខែដែរ តែគាត់ខ្លាចត្រូវផ្គត់ផ្គង់គ្រួសារអត់គ្រប់គ្រាន់ ដោយសារធ្វើការគិតថ្ងៃ មើលទៅបានច្រើនជាងខែ ប៉ុន្តែពួកគាត់គ្មានថ្ងៃសម្រាក់ត្រឹមត្រូវ គ្មានអត្ថប្រយោជន៍ពេញលេញឡើយ!»។ នេះជាការលើកឡើងរបស់ អ្នកស្រី គឹម លី។ 
 
របាយការណ៍ដដែល បង្ហាញថា កម្មកររោងចក្រម៉ៅការបន្តមាន៥១ភាគរយ ធ្វើការលើ៤៨ម៉ោងក្នុងមួយសប្ដាហ៍ ដែលលើសពីស្ដង់ដាកំណត់ដោយច្បាប់ការងារ។ កម្មករនិយោជិតទាំងនោះ ទទួលបានប្រាក់ឈ្នួលសុទ្ធជាមធ្យមត្រឹមតែ១៧២ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ ទន្ទឹមនឹងនេះ កម្មកររោងចក្រម៉ៅការបន្ត ត្រឹមតែ៩ភាគរយប៉ុណ្ណោះ ទទួលបានប្រាក់អតីតភាពការងារ ហើយ៣៧ភាគរយទទួលបានប្រាក់ឧបត្ថម្ភថ្លៃធ្វើដំណើរ។ ជាមួយគ្នាដែរ មានតែកម្មករ១១ភាគរយប៉ុណ្ណោះ មានប័ណ្ណ ប.ស.ស ខណៈពួកគេជាង៨៣ភាគរយ បានដឹងឮពីអត្ថប្រយោជន៍ ប.ស.ស។ 
 
ជាងនេះទៅទៀត ៩១ភាគរយនៃកម្មករធ្វើការរោងចក្រម៉ៅការបន្ត មិនទទួលបានច្បាប់ឈប់សម្រាក់ប្រចាំឆ្នាំ ដែលមានប្រាក់ឈ្នួល។ កម្មករជាស្ត្រី ៦២ភាគរយ ត្រូវបានថៅកែអនុញ្ញាតឱ្យសម្រាក់លំហែមាតុភាព ប៉ុន្តែមាន១៤ភាគរយប៉ុណ្ណោះ ទទួលបានប្រាក់ឈ្នួលអំឡុងពេកលំហែមាតុភាព។ ក្នុងរោងចក្រម៉ៅការបន្ត ត្រូវការរកឃើញថា មាន៣៤ភាគរយ មានអាយុក្រោម១៨ឆ្នាំ ហើយ៨ភាគរយអាយុក្រោម១៥ឆ្នាំ។ 
 

លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអុកស្វាមប្រចាំកម្ពុជា។ រូបពី អុកស្វាម

ជុំវិញបញ្ហាប្រឈមខ្លាំង និងខ្វះកិច្ចគាំពាំដល់កម្មករធ្វើការក្នុងរោងចក្រកាត់ដេរម៉ៅការបន្តនេះ សារព័ត៌មានថ្មីៗ (ThmeyThmey) ពុំអាចសុំការឆ្លើយតបបន្ថែមពីលោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឡើយ។ 
 
ទាក់ទិននឹងការស្រាវជ្រាវខាងលើ លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអុកស្វាមប្រចាំកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មាន នឹងលើកយកបញ្ហារបស់កម្មករក្នុងរោងចក្រម៉ៅការបន្ត ដែលរកឃើញទៅពិភាក្សាជាមួយភាគីពាក់ព័ន្ធ ពិសេសក្រសួងការងារបន្ថែម ដើម្បីរកដំណោះស្រាយ។ ក្នុងនាមជា អង្គការអុកស្វាម លោកស្រីអះអាងថា អុកស្វាមមានបេសកកម្មរួមចំណែកកសាងសង្គមមួយ ដែលគ្មានភាពក្រីក្រ និងអយុត្តិធម៌។ 
 

អ្នកស្រី គឹម លី អតីតកម្មកររោងចក្រកាត់ដេរក្នុងរោងចក្រម៉ៅការបន្ត។ រូបដោយ វតី 

«យើងប្តេជ្ញាសហការ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយភាពក្រីក្រ និងដោះស្រាយវិសមភាព ក្នុងចំណោមកម្មករ-និយោជិត ក្រុមប្រជាជនងាយរងគ្រោះ និងគ្រួសារជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ។ ការស្រាវជ្រាវនេះ បានបង្ហាញឱ្យឃើញពីចំណុចមួយចំនួន ដែលយើងត្រូវបន្តសហការជាមួយរាជរដ្ឋាភិបាល ក្រុមហ៊ុនបញ្ជាទិញ អ្នកប្រើប្រាស់ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាថាកម្មករនិយោជិតនៅតាមរោងចក្រម៉ៅការដេរបន្ត ទទួលបានការងារសមរម្យ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ដូចគ្នាទៅនឹងកម្មករនិយោជិតធ្វើការ នៅតាមរោងចក្រសហគ្រាសដែលបានចុះបញ្ជីការដែរ»។ នាយិកានៃអង្គការអុកស្វាមប្រចាំកម្ពុជាបានសង្កត់ធ្ងន់បែបនេះ។ 
 
សូមជម្រាបថា រោងចក្រម៉ៅការដេរបន្ត សំដៅលើរោងចក្រដែលពុំបានចុះបញ្ជិការត្រឹមត្រូវជាមួយក្រសួងពាក់ព័ន្ធ ដូចនៅក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិសន្តិសុខសង្គម។ រោងចក្រទាំងនេះព្រមព្រៀមផលិតឬកាត់ដេរ ឱ្យភាគីរោងចក្រកាត់ដេរធំៗម្ខាងទៀត ដែលភាគច្រើនបានចុះបញ្ជិការត្រឹមត្រូវជាមួយក្រសួងពាក់ព័ន្ធ និងទទួលបានការបញ្ជាទិញពីម៉ាកសម្លៀកបំពាក់ល្បីៗលើលោក៕ 
 
 
 
 
 

Tag:
 កម្មករ
  អុកស្វាម
© រក្សាសិទ្ធិដោយ thmeythmey.com