បារាយណ៍នាគព័ន្ធ ឬបារាយណ៍រាជដាក់ ឬបារាយណ៍ជ័យតាដាក ជាបារាយណ៍បុរាណមួយ ត្រូវបានកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ដែលហុំព័ទ្ធដោយកោះ៤ជ្រុង ដោយក្នុងកោះនោះ ជាប្រាសាទនាគព័ទ្ធ។ បារាយណ៍បុរាណមួយនេះ ដើរតួយ៉ាងសំខាន់ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងដល់មនុស្សក្នុងរាជធានីអង្គរធំ នាគព័ន្ធ និងនៅព្រះខ័ន ដែលជាប្រាសាទមួយទៀត សង់ដោយព្រះបាទជ័យវរ្ម័នទី៧ដែរ។
លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌។
លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ លើកឡើងថា សហគមន៍នេះ បង្កើតឡើងដើម្បីអភិវឌ្ឍន៍ផលិតទេសចរណ៍ថ្មី នៅក្នុងរមណីយដ្ឋានអង្គរ និងបង្កើតឱកាសការងារ និងប្រាក់ចំណូលបន្ថែម ដល់ពលរដ្ឋសហគមន៍ចូលរួម គឺភូមិភ្លង់ និងភូមិលាងដៃ។ ភូមិទាំង២នេះ ស្ថិតក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
លោក ទេស សុធីរបញ្ជាក់ ប្រាប់សារព័ត៌មានថ្មីៗបន្ថែម៖ «ចំណូលដែលបានពីទូក(ដឹកភ្ញៀវ)នេះ គឺបានផ្ដល់ទៅដល់ប្រជាជនដែលបានចូលរួមក្នុងសេវាកម្មទេសចរណ៍នេះ។ នេះគឺអាចជួយលើកជីវភាពប្រជាជនក្នុងតំបន់នេះបានមួយកម្រិត»។
បើតាមលោក ទេស សុធីរ ទេសចរដែលមកទទួលសេវាទេសចរណ៍នៅបារាយណ៍នេះ នឹងទទួលបានបទពិសោធថ្មី តាមរយៈការជិះទូក ក្នុងបារាយណ៍ប្រវត្តិសាស្ត្រ ដែលកសាងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧, កំពង់ផែបុរាណ នៃបារាយណ៍, គយគន់ទេសភាពធម្មជាតិ, ទស្សនាសត្វស្លាបកម្រៗមួយចំនួន, ទស្សនាថ្ងៃលិចជាដើម។
ចំពោះតម្លៃជិះទូកនេះវិញបែងចែកជា៣ខ្សែ និងមានតម្លៃទទៃពីគ្នារវាងភ្ញៀវជាតិ និងអន្តរជាតិ។ ខ្សែទី១ មានតម្លៃ១២ដុល្លារ សម្រាប់ភ្ញៀវជាតិ និង២០ដុល្លារ សម្រាប់ភ្ញៀវបរទេស (តម្លៃក្នុងមួយទូកៗ) ដោយមានរយៈពេល២០នាទី។ ដោយឡែកខ្សែទី២ និងទី៣ មានតម្លៃ២៣ដុល្លារ សម្រាប់ភ្ញៀវជាតិ និង៤០ដុល្លារ សម្រាប់ភ្ញៀវបរទេស (តម្លៃក្នុងមួយទូកៗ) ដោយមានរយៈពេល២ម៉ោង និង៣០នាទី។
ទេសចរអាចទិញសំបុត្រជិះទូក នៅទីតាំងផ្ទាល់បាន ដែលស្ថិតនៅផ្នែកខាងកើត នៃប្រាសាទព្រះខ័ន ឬវាយពាក្យ «Baray Reach Dak Community Tour» នៅលើ Google Map។ លោកអ្នកនាងក៏អាចកក់មុនបានដូចគ្នាតាមរយៈលេខទំនាក់ទំនង ០៨៩ ២១១ ៧៣៧៕