ជាតិ
ព័ត៍មានសុខភាព
សុខភាព
មិនបានទេ ​! សញ្ញា​ព្រមាន​ជំងឺ​ខ្សោយតម្រងនោមដែល​យើង​គ្រប់​គ្នា​​ប្រុង​ប្រយ័ត្ន
25, Jun 2024 , 6:59 am        
រូបភាព
ថ្វីបើ​មានការ​សិក្សា​ជា​ច្រើន​បង្ហាញ​ឲ្យ​ដឹង​ថា ជំងឺ​ខ្សោយតម្រងនោម​ភាគច្រើន​កើតឡើង​លើ​មនុស្ស​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​ទៅ​ក៏​ដោយ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា មនុស្ស​អាយុ​ក្រោម​នេះ​គឺ​មិន​មានការ​ប្រឈម​មុខ​នោះ​ដែរ ​។

 
តម្រងនោម​មាន​នាទី​សំខាន់​ណាស់​ចំពោះ​រាង​កាយ ដោយ​វា​ជា​កន្លែង​ដែល​ប្រមូល​នូវ​កាក​សំណល់​ទាំង​អស់ពី​ក្នុង​ខ្លួន​បញ្ចេញ​ចោល​តាម​ទឹកនោម​។ ក្រៅពី​នេះ វា​ក៏​ជួយ​រក្សា​តុល្យភាព​អេ​ឡិច​ត្រូ​លី​ត្រ​ក្នុង​ឈាម រក្សា​កម្រិត pH និង សីតុណ្ហភាព​ផង​ដែរ​។
 
ទោះបីជា​យ៉ាងណា​ក៏​ដោយ ខាងក្រោម​នេះ​គឺជា​សញ្ញា​ប្រកាស​អាសន្ន​មួយ​ចំនួន​នៃ​ជំងឺ​ខ្សោយតម្រងនោម ដែល​អ្នក​គួរតែ​ចង​ចាំ និង​ស្វែង​យល់​មុន​នឹង​វា​ក្លាយទៅជា​បញ្ហា​ដែល​មិន​អាច​ដោះស្រាយ​បាន​៖
 
ពណ៌​របស់​ទឹកនោម​មានការ​ប្រែប្រួល

ទឹកនោម​មាន​ពណ៌​របស់​វា​ដែល​អាច​ជួយ​បញ្ជាក់​ថា អ្នកមាន​តម្រងនោម​ប្រកបដោយ​សុខភាព​ល្អ ឬ​អត់​។ កាលណា​ទឹកនោម​មាន​ពណ៌​លឿងចាស់ វា​អាច​ជា​សញ្ញា​បញ្ជាក់​ថា​តម្រងនោម​មាន​បញ្ហា​តិចតួច ពណ៌​ត្នោត មាន​បញ្ហា​ធ្ងន់ធ្ងរ ពណ៌​បៃតង មាន​គ្រោះថ្នាក់​ខ្លាំង មាន​ពពុះ អាច​នឹង​ខ្សោយតម្រងនោម​។ ដូច្នេះ​ចូរ​តាមដាន​លើ​បញ្ហា​ទាំងនេះ​ផង​។
 
ឈឺចង្កេះ​តិចតួច ទៅ​ធ្ងន់ធ្ងរ
តើ​អ្នកចេះ​តែ​ធ្លាប់​មាន​អាកា​រៈ​ឈឺចង្កេះ​តិចតួច ឬ​ធ្ងន់ធ្ងរ​ជាប់​រហូត​ដែរ​ទេ? រឿង​នេះ​អាច​ដោយសារ​តែ​ជំហរ​នៃ​ការ​គេង​មិនល្អ ឬ​អង្គុយ​យូរ​ពេក ប៉ុន្តែ​ក៏​អាច​ដោយសារ​តែ​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​ដែរ​។ បើសិនជា​រឿង​នេះ​កើតឡើង​ជាមួយនឹង​ការ​នោម​ឈឺ នោះ​វា​អាច​ជា​សញ្ញា​ព្រមាន​មួយ​នៃ​ភាព​គ្រោះថ្នាក់​របស់​តម្រងនោម​ហើយ​។
 
ហើម​ខ្លួន
ចាប់តាំងពី​តម្រងនោម​មាន​នាទី​បញ្ចេញ​កាក​សំណល់ និង​ជាតិពុល​ពី​ក្នុង​ខ្លួន​មក រាល់​អ្វី​ៗ​គ្រប់យ៉ាង​ដែល​ធ្វើ​ឲ្យ​ដំណើរ​ការណ៍​របស់​សរីរាង្គ​មួយ​នេះ​មានការ​រំខាន វា​នឹង​ចេញ​ជា​អាកា​រៈ​ហើម​រាង​កាយ​ដើម្បី​បញ្ជាក់​អំពី​ភាព​មិន​ប្រក្រតី​ហើយ​។ បើសិនជា​អ្នក​យល់​ថា មានការ​ហើម និង​ឈឺចាប់​ក្នុង​ពោះ គ្រ​លាន ឬ​ចំហៀង​ខ្លួន​ខុសធម្មតា នោះ​អាច​ជា​សញ្ញា​បញ្ជាក់​ថា តម្រងនោម​កំពុង​តែ​ធ្វើការ​មិន​បាន​ល្អ​ហើយ​។
 
មាន​បញ្ហា​ស្បែក​ញឹកញាប់

ក្រៅពី​ហើម​ដែល​បញ្ជាក់​ថា តម្រងនោម​ធ្វើការ​មិន​បាន​ល្អ ការ​ដែល​មាន​បញ្ហា​ស្បែក​ជា​ញឹកញាប់​ក៏​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​អំពី​ជំងឺ​នៅ​តម្រងនោម​ដែរ​។ នៅ​ពេល​ដែល​ជាតិពុល​កកកុញ​ក្នុង​ខ្លួន​ច្រើន វា​នឹង​ជ្រាប់​ចេញ​ទៅ​តាម​ស្បែក ដែល​ជា​ហេតុ​នាំ​ឲ្យ​មានការ​បង្ក​រោគ​លើ​ស្បែក កន្ទួល​រមាស់ និង​ជំងឺ​ស្បែក​ផ្សេង​ៗ​ទៀត​។
 
ដូច្នេះ ចូរ​ស្វែង​យល់​អំពី​អាកា​រៈទាំង​នេះ​ឲ្យ​មែនទែន​ផង ព្រោះ​វា​អាច​ជួយ​អ្នក​ចៀស​ផុត​ពី​ផលវិបាក​របស់​ជំងឺ​តម្រងនោម​បាន​។ បើសិនជា​អ្នករក​ឃើញ​ថា​មាន​អាកា​រៈទាំង​អស់​ដូច​ខាងលើ​មែន ចូរ​កុំ​ភ្លេច​ស្វែងរក​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ឲ្យ​បាន​លឿន​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com