ជាតិ
ដំណាំរងផលប៉ះពាល់ពី«ដង្កូវហ្វូង»កើនឡើងជាង២ម៉ឺនហិកតា ខណៈមន្រ្តីឱ្យកសិករតាមដានជាប្រចាំ
24, Jun 2024 , 4:09 pm        
រូបភាព
រូប​ភាព៖ អគ្គនាយកដ្ឋានកសិកម្ម
រូប​ភាព៖ អគ្គនាយកដ្ឋានកសិកម្ម
ដំណាំប្រហែល ២៣,២២៦ហិកតា ស្ថិតក្នុងខេត្តចំនួន១៥ កំពុងរងផលប៉ះពាល់ពីការផ្ទុះឡើងនៃវត្តមាន «ដង្កូវហ្វូង»។​ ក្នុងបរិបទនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវកសិករទូទាំងប្រទេសចុះពិនិត្យស្រែចម្ការឱ្យបានជាប់ជាប្រចាំ ដើម្បីអន្តរាគមន៍ទាន់ពេលវេលា។ បើសិនជាយឺតយ៉ាវ សមាសភាពចង្រៃនេះ នឹងបំផ្លាញដំណាំខ្ទេចគ្មានសល់ ដោយប្រើពេលត្រឹមតែ២ទៅ៣ថ្ងៃប៉ុណ្ណោះ។



ក្នុងដំណើរចុះពិនិត្យការរាលដាលដង្កូវហ្វូង នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ មិថុនា លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយកកសិកម្ម​នៃក្រសួង​កសិកម្ម បានលើកឡើងថា បច្ចុប្បន្ន ខេត្តមួយចំនួនរបស់កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលផ្ទុះឡើងនៃវត្តមាន«ដង្កូវហ្វូង»។​ ហេតុនេះ ទាមទារឱ្យកសិករទាំងអស់ចុះពិនិត្យស្រែជាប្រចាំ ដើម្បីអន្តរាគមន៍សង្រ្គោះទាន់ពេលវេលា។ 
 
លោកថា ប្រសិនបើកសិករយឺតយ៉ាវក្នុងការតាមដានស្រែចម្ការ និងចាត់វិធានការមិនទាន់ពេលទេនោះ «ដង្កូវហ្វូង» អាចបំផ្លាញស្រូវ ឬដំណាំផ្សេងៗខ្ទេចគ្មានសល់ ដោយពេលត្រឹម២ទៅ៣ថ្ងៃប៉ុណ្ណោះ។ មកដល់ពេលនេះ «ដង្កូវហ្វូង» បានរីករាលដាលដល់ ១៥ខេត្តហើយ ដែលធ្វើឱ្យប៉ះពាល់ដំណាំប្រហែល ២៣,២២៦ហិកតា ក្នុងនោះ មានស្រូវ ១៤,៨៦៦ ប៉ុន្តែជួយសង្រ្គោះបាន ៦,៩៤៨ហិកតា, សាកវប្បកម្ម និងដំណាំរួមផ្សំ ៥៨ហិកតា និងឧស្សាហកម្ម ៨,៣៦០ហិកតា និងសង្រ្គោះបាន ៥,៧១៣ហិកតា។ ខេត្តរងផលប៉ះពាល់ រួមមាន កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ ក្រចេះ ព្រះវិហារ សៀមរាប ស្ទឹងត្រែង តាកែវ កំពង់ស្ពឺ ប៉ៃលិន ត្បូងឃ្មុំ ស្ទឹងត្រែង បន្ទាយមានជ័យ ឧត្តរមានជ័យ និងកោះកុង។ 
 
ជាមួយគ្នានេះ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លើកទឹកចិត្តឱ្យកសិកររាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ឬផ្តល់ព័ត៌មានទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក-ខេត្ត ដើម្បីជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស និងវិធីសាស្ត្រនៃការជ្រើសរើសថ្នាំកសិកម្មសម្រាប់បាញ់សម្លាប់ដង្កូវទាន់ពេលវេលា៕
 

Tag:
 ក្រសួងកសិកម្ម
  ដង្កូវហ្វូង
  អគ្គនាយកដ្ឋានកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com