សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
IMF អនុម័តប្រាក់កម្ចីជាង ២ពាន់លានដុល្លារដល់អ៊ុយក្រែន
29, Jun 2024 , 4:29 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន​លោក Volodymyr Zelenskyy ចាប់ដៃលោកស្រី Kristalina Georgieva  នាយកគ្រប់គ្រង IMF។ រូបភាព ៖ AFP
ប្រធានាធិបតីអ៊ុយក្រែន​លោក Volodymyr Zelenskyy ចាប់ដៃលោកស្រី Kristalina Georgieva នាយកគ្រប់គ្រង IMF។ រូបភាព ៖ AFP
មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានអនុម័តប្រាក់កម្ចីជាង ២,២ពាន់លានដុល្លារដល់អ៊ុយក្រែន សម្រាប់ជាជំនួយពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅក្នុងប្រទេស។

 
នៅថ្ងៃទី២៨ ខែមិថុនា ក្រុមប្រឹក្សាប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអនុម័តប្រាក់កម្ចីដែលមានតម្លៃ ២,២ពាន់លានដុល្លារដល់អ៊ុយក្រែន ក្រោមកម្មវិធីប្រាក់កម្ចីដែលមានស្រាប់។ 
 
សេចក្តីថ្លែងការណ៍របស់ IMF បានបញ្ជាក់យ៉ាងច្បាស់ថា ប្រាក់កម្ចីខាងលើនឹងត្រូវប្រើប្រាស់សម្រាប់ជំនួយជាថវិកាសម្រាប់អ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងប្រាក់កម្ចីរយៈពេល ៤៨ខែ ដែលទំហំសរុបប្រមាណ ៧,៦ពាន់លានដុល្លារ។
 
នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បានវាយតម្លៃថា ទោះបីជាមានជម្លោះក៏ដោយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់អ៊ុយក្រែនត្រូវបានរក្សាតាមរយៈការបង្កើតគោលនយោបាយដោយរដ្ឋាភិបាលអ៊ុយក្រែន ព្រមទាំងការគាំទ្រយ៉ាងសំខាន់ពីជំនួយខាងក្រៅ។
 
លោកស្រីសង្គត់ធ្ងន់ថា៖ «សេដ្ឋកិច្ចរបស់ប្រទេសនេះនៅតែមានភាពធន់នឹងការឆ្លុះបញ្ចាំងពីការបន្តសម្របខ្លួនរបស់ប្រជាជន និងអាជីវកម្ម»។
 
បើតាមការវាយតម្លៃរបស់ IMF នៅក្នុងត្រីមាសទី១ សេដ្ឋកិច្ចរបស់អ៊ុយក្រែនមាននិរន្តរភាពជាងការរំពឹងទុក ប៉ុន្តែបានព្រមានថា អនាគតនឹងមិនមានភាពវិជ្ជមានខ្លាំងនោះទេ។
 
IMF រំពឹងថា សេដ្ឋកិច្ចរបស់អ៊ុយក្រែននឹងកើនឡើងពី ២,៥-៣,៥ភាគរយនៅឆ្នាំនេះ ទាបជាងការព្យាករខែមេសា ៣,២ភាគរយបន្តិច។ ការព្យាករសម្រាប់ឆ្នាំ ២០២៥ គឺមានអត្រា ៥,៥ភាគរយដែលជាការថយចុះខ្លាំងបើធៀបនឹងការព្យាករចំនួន ៦,៥ភាគរយដែលបានផ្តល់ឱ្យក្នុងខែមេសា៕ 

Tag:
 IMF
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com