ជាតិ
សេដ្ឋកិច្ច
ក្នុងខែមេសា កម្ពុជាទទួលបានការវិនិយោគថ្មី២២គម្រោង ជាមួយទុនជាង៣០០លានដុល្លារ​
07, May 2024 , 8:59 pm        
រូបភាព
លោក​ ស៊ុន ចាន់ថុល អនុប្រធានទី១​ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ រូបថត៖ CDC
លោក​ ស៊ុន ចាន់ថុល អនុប្រធានទី១​ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ រូបថត៖ CDC
កម្ពុជា ទទួលបានការវិនិយោគថ្មីចំនួន២២គម្រោងទៀត ដែលមានទុនរហូតដល់៣០៩លានដុល្លារ កាលពីខែមេសា ឆ្នាំ២០២៤កន្លងទៅ​។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) គម្រោងទាំងនេះអាចបង្កើតការងារជូនប្រជាពលរដ្ឋបាន ២៣ ០០០កន្លែង។​

 
ក្នុងចំណោមគម្រោងវិនិយោគទាំង២២គម្រោងនេះ មាន១៤គម្រោង ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ខណៈ៨គម្រោងទៀត មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់CDC នាថ្ងៃទី៧ឧសភា ដែលបានបង្ហាញថា ទីតាំងដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេ គឺខេត្តកំពង់ស្ពឺ​មាន៧គម្រោង ស្វាយរៀង៦គម្រោង រាជធានីភ្នំពេញ៣គម្រោង ខេត្តកណ្តាល បាន៣គម្រោង ខេត្តព្រះសីហនុ២គម្រោង និង១គម្រោងទៀតស្ថិតនៅខេត្តបន្ទាយមានជ័យ។​
 
បើតាមCDC គម្រោងវិនិយោគទាំងនោះមាន ការផលិតស្រោមជើង, ស្រោមដៃ, កន្សែងបង់ក, មួក, និងស្បែកជើងពាក់ក្នុងផ្ទះ, ការពង្រីកផលិតកម្មផលិតសំបកកង់យានយន្ត និងម៉ាស៊ីនភ្លើងទូប៊ីនចំហាយទឹក, គម្រោងផលិតបន្ទះហ្វាំងគ្រប់ប្រភេទ និងគម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូមជាដើម។​ CDC បានបញ្ជាក់ថា៖ «ក្នុងខែមេសា ឆ្នាំ២០២៤ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែករហូតដល់ទៅ៩៨ភាគរយនៃទុនវិនិយោគសរុប»។
 
គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគសរុប ១២៨គម្រោង ដែលមានទុនប្រមាណ ២ ៥០០លានដុល្លារ។ គម្រោងទាំងនេះ អាចបង្កើនការងារឱ្យពលរដ្ឋបានជាង ១៣ម៉ឺនកន្លែង៕  
 

Tag:
 វិនិយោគ
  CDC
© រក្សាសិទ្ធិដោយ thmeythmey.com