កីឡាអន្តរជាតិ
អន្តរជាតិ
PSG ធ្លាក់ពី UCL វគ្គ១/២! គ្រូបង្វឹក កីឡាករ ប្រធានក្លិប ថាក្រុមកំពុងអភិវឌ្ឍទៅមុខ
08, May 2024 , 11:59 am        
រូបភាព
ក្លិប Paris Saint Germain បានខកខានឈានជើងឡើងវគ្គផ្តាច់ព្រ័ត្រលើកទីពីររបស់ខ្លួន ក្នុងពានរង្វាន់ UEFA Champions League រដូវកាល ២០២៣-២៤។​ ទោះជួបការខកចិត្តក្រោយចាញ់ក្រុម Borussia Dortmund លទ្ធផលសរុបទាំង ២ជើង ២-០ ប៉ុន្តែក្លិបយក្សបារាំង បានបង្ហាញពីការអភិវឌ្ឍក្រុមបានយ៉ាងល្អទាំងការប្រកួតក្នុងស្រុក និងក្នុងតំបន់។​



Paris Saint Germain ទើបតែផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង និងប្រព័ន្ធលេងរបស់ក្រុម ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី លោក Luis Enrique ក្នុងរដូវកាល ២០២៣-២៤។ ទោះរបូតឱកាសពានរង្វាន់ UCL ប៉ុន្តែ PSG បានឈ្នះពានរង្វាន់ក្នុងស្រុក ១ រួចមកហើយ គឺពាន Ligue 1។ 
 
ក្រុមម្ចាស់ជើងឯក Ligue 1 ត្រូវបានក្រុមលេខ ៥ នៅក្របខណ្ឌ Bundesliga ទម្លាក់ចេញពីការប្រកួតជំនួបពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្របខណ្ឌអឺរ៉ុប​ បន្ទាប់ពីរងបរាជ័យទាំងក្រៅដី និងក្នុងដី លទ្ធផល ១-០ ដូចគ្នា សរុបទាំងពីរជើង ២-០។ PSG ស៊ុតចំបង្គោល និងរបាទី ៦ លើក ក្នុងចំណោមឱកាសស៊ុតសរុប ៣១លើក ក្នុងការប្រកួតស្ថិតក្នុងកីឡដ្ឋាន Parc des Princes។
 
ទោះជាក្រុមបរាជ័យធ្លាក់នៅត្រឹមវគ្គ ១/២ ចុងក្រោយ ប៉ុន្តែលោក Luis Enrique បានទទួលស្គាល់ពីលទ្ធផលនៃការប្រកួត និងបានសរសើរកីឡាករថាបានខិតខំអស់ពីសមត្ថភាពដែលមាន។ 
 
លោក Enrique បាននិយាយដូច្នេះ៖«យើងមិនអន់នោះទេសម្រាប់ការប្រកួតទាំង ២ជើងនេះ ប៉ុន្តែបាល់ទាត់តម្រូវឱ្យឈ្នះទៅលើនរណាដែលអាចស៊ុតបញ្ចូលទីបាន មិនមែនសម្រាប់អ្នកដែលស៊ុតចំរបាទី ឬបង្គោលទីនោះទេ។ គោលដៅខ្ញុំគឺប្រយុទ្ធដើម្បីពានរង្វាន់។ រាត្រីនេះខ្ញុំពិតជាមានមោទកភាពចំពោះកូនក្រុមខ្ញុំខ្លាំងណាស់ កីឡាករទាំងអស់។»។ 
 
អតីតគ្រូបង្វឹកក្រុម Barcelona និងជម្រើសជាតិអេស្ប៉ាញ ថែមទាំងបានអបអរដល់ក្រុម Borussia Dortmund សម្រាប់ការឈានជើងឡើងវគ្គផ្តាច់ព្រ័ត្រ។



ដោយឡែកខ្សែការពារ Marquinhos ជាប្រធានក្រុមវិញ បានលើកឡើងថាក្រុមកំពុងតែទទួលបានផលវិជ្ជមានពីការអភិវឌ្ឍក្រុម ខណៈក្រុមស្ថិតក្នុងគម្រោងថ្មី និងជារដូវកាលដំបូងដែលមានអ្នកចាត់ការថ្មី។ «យើងមិនមានប្រសិទ្ធភាពនៅឡើយការប្រកួតនេះ ពួកគេមានគុណភាពធ្វើបានល្អ ពួកគេស៊ុតបញ្ចូលទីបាន ២គ្រាប់ និងឈ្នះទាំងពីរប្រកួត។ មានរឿងច្រើនដែលយើងត្រូវកសាងឡើងវិញ។ តាំងពីចាប់ផ្តើមរដូវកាលមក គ្មាននរណាជឿទេថាយើងអាចដើរបានវែងឆ្ងាយបែបនេះ យើងធ្វើដំណើរជាមួយឧបស័ក្កជាច្រើន ហើយយើងត្រូវតែចងចាំថានេះគឺជាគម្រោងថ្មីរបស់ក្រុម ជាមួយនឹងគ្រូបង្វឹកថ្មី។ រឿងរ៉ាវវិជ្ជមាននឹងមករកយើងនៅរដូវកាលក្រោយ។»។ នេះបើតាមសម្តីរបស់ Marquinhos។ 
 
រយៈពេល ៥ឆ្នាំចុងក្រោយ PSG បានឈានជើងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួន ៣ លើក ដែលជារឿងមួយដែលគ្មាក្លិបណាអាចនឹងធ្វើបានដោយងាយៗ។ ទោះជាយ៉ាងណាការចាញ់ប្រកួតទាំងពីរជើង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានក្លាយជាលើកទី៣ ដូចគ្នាសម្រាប់ PSG ដោយកាលពីឆ្នាំ ១៩៩៥ ពួកគេចាញ់ AC Milan និងឆ្នាំ ២០២១​ ក្រោមថ្វីជើង Man City ហើយពេលនេះ Dortmund។ 
 
​PSG ឡើងវគ្គផ្តាច់ព្រ័ត្រលើកដំបូងអំឡុងពេលវិបត្តិជំងឺកូវីដ​-១៩ នៅក្នុងឆ្នាំ ២០២០ បន្ទាប់ពីពួកគេបំបាក់ក្រុម RB Leipzig វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបែរជាចាញ់ក្រោមថ្វីជើង Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រ។
 
ទោះ PSG ហាក់បីមិនសូវបង្ហាញភាពអស្ចារ្យខ្លាំងប៉ុន្មាននារដូវកាលនេះ ប៉ុន្តែពួកគេបានបង្ហាញរួចជាស្រេចថាក្រុមបានត្រៀមខ្លួនរួចរាល់ ដើម្បីចាប់យកទម្រង់លេងថ្មី។ កាលពីដើមរដូវកាលលោក Enrique ធ្លាប់បានលើកឡើងដូចគ្នាថាក្រុមកំពុងរៀបចំទម្រង់លេងនៅពេលគ្មានវត្តមាន Kylian Mbappe ដែលត្រូវបានគេរំពឹងថានឹងចាកចេញក្រោយចប់រដូវកាលនេះ។
 
យ៉ាងណាវិញ លោក Nasser Al Khelaifi បានលើកទឹកចិត្តដល់ក្រុមទោះជាចាញ់ការប្រកួត ខណៈបានបញ្ជាក់ថាក្លិបកំពុងកសាងក្រុមដ៏ខ្លាំងមួយប្រចាំតំបន់អឺរ៉ុប ដែលស្ថិតក្រោមគ្រោងការអភិវឌ្ឍរយៈពេលវែង។
 
ប្រធានក្លិប PSG បានបញ្ជាក់ដូច្នេះ៖«កីឡាករ និងគ្រូបង្វឹកបានផ្តល់គ្រប់យ៉ាងដែលពួកគេមាន។ អបអរដល់ Dortmund យើងគួរតែទទួលបានលទ្ធផលល្អជាងនេះ យ៉ាងណានេះជាការប្រកួតដ៏លំបាក។ ខ្ញុំពិតជាមានមោទកភាពសម្រាប់ក្រុមខ្ញុំ ក្រុមដែលមានវ័យក្មេងបំផុតក្នុងអឺរ៉ុប។ យើងឈានជើងដល់វគ្គនេះ ៣លើក ក្នុង ៥ឆ្នាំចុងក្រោយ វាមិនមែនគោលដៅយើងទេ គោលដៅគឺនៅតែវគ្គផ្តាច់ព្រ័ត្រដដែល។ នេះហើយជាបាល់ទាត់ អ្នកត្រូវតែទទួលយកវា ហើយពេលខ្លះវាក៏មិនស្មើភាពដូចគ្នាដែរ យើងទទួលយកវា។»៕​

Tag:
 Paris Saint Germain
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com