កីឡាអន្តរជាតិ
អន្តរជាតិ
Reus មានឱកាសបង្ហាញខ្លួនវគ្គផ្តាច់ព្រ័ត្រ UCL មុនចេញពី Dortmund
08, May 2024 , 2:29 pm        
រូបភាព
អាជីពរបស់ខ្សែបម្រើ Marcus Reus នៅក្នុងក្រុម Borussia Dortmund កំពុងតែខិតជិតដល់ទីបញ្ចប់ បន្ទាប់ពីរួមដំណើរអស់រយៈពេល ១២ឆ្នាំ រួចមក។ បន្ទាប់ពី Dortmund បានទម្លាក់ក្រុម Paris Saint Germain ក្នុងលទ្ធផល ១-០ ជំនួបជើងទីពីរវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League បានធ្វើឱ្យការប្រកួតចុងក្រោយដ៏អស្ចារ្យសម្រាប់ Reus គឺស្ថិតនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប នាកីឡដ្ឋាន Wembley។



កាលពីជើងទីមួយស្ថិតក្នុងទឹកដីប្រទេសអាល្លឺម៉ង់ Dortmund បានយកឈ្នះ PSG ម្តងរួចមកហើយជាមួយលទ្ធផល ១-០ និងជើងទីពីរនេះ នៅទឹកដីប្រទេសបារាំង Dortmund បន្តឈ្នះ ១-០ ទៀត ដែលគ្រាប់បាល់ជ័យជម្នះនេះ ធ្វើបានដោយខ្សែការពារ Matt Hammels។
 
តាមរយៈលទ្ធផលនេះ បានជួយ Dortmund ក៏ដូចជា Reus ទទួលបានឱកាសដ៏ធំក្នុងការដណ្តើមពានរង្វាន់ UCL នៅវគ្គផ្តាច់ព្រ័ត្រ ជាថ្មី​ក្នុងរយៈពេល ១១ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៣ ដែលពួកគេបានត្រឹមខកចិត្ត បន្ទាប់ពីចាញ់ Bayern Munich វគ្គផ្តាច់ព្រ័ត្រ។​
 
Reus ខ្សែរបម្រើសញ្ជាតិអាល្លឺម៉ង់ វ័យ៣៤ឆ្នាំ បានចូលរួមជាមួយ Dortmund កាលពីឆ្នាំ ២០១២ បន្ទាប់ពីចំណាយពេលជាងមួយទសវត្សរ៍លេងក្នុងនាមជាកីឡាករក្រុមយុវជនក្លិប។ នៅចុងបញ្ចប់រដូវកាល ២០២៣-២៤នេះ Reus បានសម្រេចចិត្តចាកចេញ ដោយការចេញនេះមានការព្រមព្រៀងគ្នាជាមួយនឹងក្លិបដោយផ្ទាល់។
 
«មិនអាចពិពណ៌នាបាន! បន្ទាប់ពីរយៈពេលជាង ១០ឆ្នាំ ពេលនេះខ្ញុំបានវិលត្រឡប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រជាមួយនឹង Borussia សារជាថ្មី។​ […] របៀបនៃការឈ្នះរបស់យើងបែបណា នឹងគ្មាននរណាម្នាក់និយាយឡើយនៅថ្ងៃស្អែក ការស៊ុតចំបង្គោលទីនឹងមិនមែនជារឿងសំខាន់នៅស្អែកឡើយ។ អ្វីដែលនឹងនិយាយនោះគឺ Dortmund គឺវិលត្រលប់ទៅវគ្គផ្តាច់ព្រ័ត្រជាថ្មី។ គ្មាននរណាម្នាក់បានរំពឹងពីវានោះឡើយ វាពិតជាអស្ចារ្យខ្លាំងណាស់។»។ Rues បាននិយាយបែបនេះក្រោយចប់ការប្រកួត។
 
Dortmund ក្នុងការប្រកួតនោះមានឱកាសស៊ុតត្រឹមតែ ៦លើកតែប៉ុណ្ណោះ តែពួកគេអាចស្វែងរកគ្រាប់បាល់បញ្ចូលទី ខណៈដែលក្លិបម្ចាស់ពានលីគកំពូលបារាំងមានឱកាសស៊ុត ៣១លើក ចំគោលដៅ ៥លើក ប៉ុន្តែគ្មានគ្រាប់បាល់បញ្ចូលទី។
 
បច្ចុប្បន្ន Dortmund ជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ៥ លីគកំពូលអាល្លឺម៉ង់ ជាមួយការប្រកួតលីគនៅសល់ ២ប្រកួតក្នុងដៃ បន្ទាប់ពីឆ្លងកាត់ការប្រកួតក្នុងរដូវកាលដ៏លំបាក។ នៅវគ្គផ្តាច់ព្រ័ត្រ Dortmund អាចនឹងត្រូវជួបក្រុមដែលឈ្នះការប្រកួតរវាង Real Madrid ឬ Bayern Munich ដែលក្រុមទាំងពីរនឹងត្រូវកាត់សេចក្តីគ្នាក្នុងកីឡដ្ឋាន Santiago Bernabeu ដើម្បីទៅជួបតទល់នឹងពួកគេនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងកីឡដ្ឋាន Wembley៕

Tag:
 UEFA Champions League
  Borussia Dortmund
© រក្សាសិទ្ធិដោយ thmeythmey.com