កីឡាអន្តរជាតិ
អន្តរជាតិ
លីគបាល់ទាត់ប្រេស៊ីល ផ្អាកការប្រកួត ព្រោះទឹកជំនន់លិចកីឡដ្ឋាន
08, May 2024 , 9:29 pm        
រូបភាព
សហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) នាថ្ងៃទី៧ ខែឧសភា បានប្រកាសឱ្យផ្អាកការប្រកួតលីគជាតិរបស់ខ្លួន ក្នុងរយៈពេល ២០ថ្ងៃ ព្រោះតែបញ្ហាទឹកជំនន់ ដែលបណ្តាលឱ្យលិចកីឡដ្ឋានមួយចំនួនផង។



រដ្ឋ Rio Grande do Sulhas ត្រូវបំផ្លិចបំផ្លាញដោយបញ្ហាទឹកជំនន់ ចាប់តាំងពីសប្តាហ៍មុន។ ក្លិបចំនួន ៣ រួមមាន Internacional, Gremio និង Juventude ត្រូវបានសហព័ន្ធ CBF សម្រេចអនុញ្ញាតឱ្យផ្អាកការប្រកួត ព្រោះតែរងផលប៉ះពាល់ពីទឹកជំនន់។
 
បើតាមសេចក្តីប្រកាសរបស់ CBF៖«ស្ថាប័ន CBF សូមប្រកាសថារាល់ការប្រកួតដែលត្រូវប៉ះក្រុមមកពីរដ្ឋ​ Rio Grande do Sul ក្នុងការប្រកួតលីគថ្នាក់ជាតិ ទាំងក្រៅដី និងក្នុងដី ត្រូវតែផ្អាករហូតដល់ថ្ងៃទី២៧ ខែឧសភា។»។
  


បញ្ហាទឹកជំនន់ក្នុងប្រទេសប្រេស៊ីលទៀតសោត អាជ្ញាធរប្រេស៊ីលបាននិយាយថា យ៉ាងហោចមនុស្ស ៨៣នាក់ ត្រូវបានស្លាប់នៅក្នុងរយៈពេល ៧ថ្ងៃចុងក្រោយមកនេះ ហើយមនុស្ស ១១១នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
 
កីឡដ្ឋានដែលជាទីតាំងរបស់ក្លិប Internacional និង Gremio ក្នុងទីក្រុង Porto Alegre រងផលប៉ះពាល់ខ្លាំងដោយទឹកជន់លេចចូលក្នុងកីឡដ្ឋានតែម្តង។



ចំពោះបញ្ហាទឹកជំនន់ ខ្សែប្រយុទ្ធ Neymar Jr ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម ដើម្បីជួយតាមគ្រប់មធ្យោបាយដែលរូបគេអាចធ្វើទៅបាន តាមរយៈពេលសំណេរដូច្នេះថា៖«ការប្រកាសនេះគឺដើម្បីលើកទឹកចិត្តមនសុស្សឱ្យជួយកាន់តែច្រើន។ ខ្ញុំសូមអរគុណដល់អ្នកបើកយន្តហោះរបស់ខ្ញុំ និងអ្នកទាំងអស់ដែលពាក់ព័ន្ធ ខ្ញុំនៅទីនេះពីចម្ងាយអធិស្ឋានឱ្យអ្វីៗវិលមករកភាពប្រក្រតីឡើងវិញ។ […]។»។
 
ជំនន់ទឹកភ្លៀងដ៏ធំ បានធ្វើឱ្យមានផលប៉ះពាល់ខ្លាំងដល់ប្រទេសប្រេស៊ីល ដោយមនុស្សប្រមាណ ៨០,០០០នាក់ ត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះសម្បែង។ មនុស្សប្រហែល ១៥,០០០នាក់ បានជ្រកកោននៅក្នុងសាលារៀន កន្លែងហាត់ប្រាណ និងកន្លែងស្នាក់នៅបណ្តោះអាសន្នផ្សេងទៀត៕

Tag:
 ប្រេស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com