ជាតិ
លោក គួច ចំរើន៖ អ្នកកណ្តាល​សុំផ្ញើខ្លួន និងការងារជោគជ័យផង!
01, Jul 2024 , 1:59 pm        
រូបភាព
លោក គួច ចំរើន ទទួលត្រាអភិបាលខត្តពីលោកឧបនាយករដ្ឋមន្ត្រី ស សុខា
លោក គួច ចំរើន ទទួលត្រាអភិបាលខត្តពីលោកឧបនាយករដ្ឋមន្ត្រី ស សុខា
លោក គួច ចំរើន បាន​ចូល​កាន់តំណែង​ជាផ្លូវការជាអភិបាល​ខេត្តកណ្តាល នាថ្ងៃទី១ ខែកក្កដា នេះ។ «អ្នក​កណ្តាល សុំផ្ញើ​ខ្លួន និងការងារជោគជ័យ​ផង»។ អតីតអភិបាល​ខេត្តព្រះសីហនុ បាន​សរសេរ​យ៉ាងដូច្នេះ​នៅ​លើគណនី​ហ្វេសប៊ុក​របស់ខ្លួន ជាមួយ​នឹង​រូបថតមួយសន្លឹក​ដែលលោកឈរមុខក្លោង​ទ្វារចូល​សាលាខេត្តកណ្តាល ទីដែល​លោក​ត្រូវបានការងារជំនួស​លោក គង់ សោភ័ណ្ឌ។

 
លោក គួច ចំរើន ត្រូវ​បាន​ព្រះករុណា ព្រះ​មហាក្សត្រ ផ្ទេរ និង​តែង​តាំង​ជា​អភិបាលខេត្ត​កណ្ដាល តាមរយៈព្រះរាជក្រឹត្យមួយ​ចុះ​កាល​ពី​ថ្ងៃ​ទី​២៤ ខែមិថុនា។ ពិធី​ចូលកាន់តំណែងផ្លូវការត្រូវបាន​រៀបចំឡើង​នាព្រឹកថ្ងៃទី១ ខែកក្កដា នេះ ក្រោមអធិបតីភាព​​លោកឧបនាយករដ្ឋមន្ត្រី ស សុខា ​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ។ មុន​ចូល​កាន់​តំណែង​ជា​អភិបាល​ខេត្ត​កណ្ដាលនេះ​ លោក គួច ចំរើន បាន​កាន់​តួនាទី​ជា​អភិបាល​ព្រះ​សីហនុ បាន​រយៈពេល ៥ឆ្នាំ ពោល​ចាប់តាំង​ពី​ឆ្នាំ​២០១៩មក​។ 
 
អភិបាលខេត្ត​កណ្ដាល​ថ្មីរូបនេះ បាន​បង្ហោះ​រូបភាព​មួយសន្លឹក​នៅ​មុខ​សាលា​ខេត្ត​កណ្ដាល ដោយ​ភ្ជាប់​ជាមួយ​ខ្លឹមសារ «អ្នកកណ្តាល សុំផ្ញើខ្លួន និងការងារជោគជ័យផង» ជាចំណងជើង។ ក្នុងរយៈពេល១០ឆ្នាំនេះ លោក គួច ចំរើន ​បានប្តូរការងារ៦កន្លែង​ ក្នុង​នោះ​​ខណ្ឌមានជ័យ, ខណ្ឌដូនពេញ, អគ្គរដ្ឋបាល, ខេត្តកំពង់ចាម​, ខេត្តព្រះសីហនុ និង​ខេត្តកណ្តាល។ 
 
លោក គួច ចំរើន បាន​លើក​ឡើង​ដូច្នេះ៖«ការងារច្រើ​នកន្លែង​ ថ្មីរហូត​ហត់បន្តិចមែនតែបទពិសោធច្រើនមិត្ត​ភក្តិមិត្តក៏ច្រើន​ ទំនាក់ទំនងក៏ច្រើន​​ ស្គាល់សង្គមនិងមនុស្សក៏ច្រើន។
រីករាយចំពោះការងារទាំងអស់ដែលបានបន្សល់ស្នាមញញឹម​ និងក្តីនឹករលឹក»។ 

រូបភាពពីហ្វេសប៊ុក​បេះដូងប្រជាជនខេត្តកណ្ដាល

វត្ត​មាន​របស់​អភិបាល​ខេត្ត​កណ្ដាលថ្មីនេះបាន​ធ្វើ​ឱ្យ​ប្រជា​ជន​ខេត្ត​កណ្ដាល​មួយចំនួន សម្ដែង​ការ​សាទរ។ ម្ចាស់​គណនីឈ្មោះមុត ស្រីនាង បា​នសរសេរ​ក្នុង​ខំមិន​បញ្ចេញមិតថា៖«ក្នុងនាមពលរដ្ឋខេត្តកណ្តាលមួយរូបសូមស្វាគមន៍ឯកឧត្តមដោយក្តីរីករាយបំផុត»។ ដោយ​ឡែកម្ចាស់​គណនី​ឈ្មោះ Dara Torn បាន​សរសេរថា៖«សូមស្វាគមន៍ឯកឧត្តមសម្រាប់ភារកិច្ចថ្មីនៅទឹកដីខេត្តកណ្តាល។

ខ្ញុំជាប្រជាពលរដ្ឋនៅតាខ្មៅ សង្ឃឹមថានឹងមានគម្រោងអភិវឌ្ឍថ្មី ដើម្បីឱ្យ​សេដ្ឋកិច្ចសង្គម បរិស្ថាន សន្តិសុខ និង ដើរបានជឿនលឿនជាង តម្រូវការប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល»។ 
 
ក្រៅ​ពី​មតិ​សាទរ ក៏​មាន​យោបល់មួយចំនួនទៅ​កាន់​អភិបាលខេត្ត​ថ្មី ចូលរួម​ដោះស្រាយ​បញ្ហាផងដែរ។ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Longdy Chea បានរៀបរាប់​ថា៖​ «សូមលោកពូជួយរៀបចំសណ្តាប់ធ្នាប់តាមផ្សារត្រី និងបន្លែ ក្នុងក្រុងតាខ្មៅផងព្រោះខាងសណ្តាប់ធ្នាប់យកផ្លូវសាធារណៈ​ធ្វើតូបឱ្យ​អាជីវករលក់ស្ទើរអស់ផ្លូវជិះនិងដើរហើយ»។ រី​ឯ​ម្ចាស់​គណនីហ្វេសប៊ុក​ឈ្មោះ Wattanac Dawuth សរសេរថា៖«ខ្ញុំប្រជាពលរដ្ជខេត្តកណ្តាលសូមស្វាគមន៍ឯក​ឧត្តម ចំពោះវត្តមានដ៏​កក់ក្តៅ ក្នុងខេត្តកណ្តាល។ ហើយសង្ឃឹមថាផ្លូវក្រោយជាប់សាលាខេត្តកណ្តាល នឹង​លែងលិចទឹកទៀតហើយត្រឹមវត្តមានឯក​ឧត្តម»។ 
 
សូម​បញ្ជាក់ថា លោក គង់ សោភ័ណ្ឌអតី​ត​អភិបាលខេត្ត​កណ្ដាលត្រូវ​បាន​ព្រះ​មហាក្សត្រ​តែង​តាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​កាល​ពីថ្ងៃទី​២៤ មិថុនា​ផងដែរ៕ 



Tag:
 អភិបាលខេត្ត​
  កណ្ដាល
 
© រក្សាសិទ្ធិដោយ thmeythmey.com