ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ករណីលោក ស្រី ស៊ីណា៖ រដ្ឋមន្រ្តីយុត្តិធម៌ ថា ការធ្វើសន្និសីទកាសែត មិនមែនដើម្បីការពារតុលាការឡើយ
26, Jun 2024 , 3:39 pm        
រូបភាព
ក្រសួងយុត្តិធម៌ ធ្វើសន្និសីទកាសែត ជុំវិញករណីជនសង្ស័យលោក ស្រី ស៊ីណា ដែលបានប្រហារលើជនរងគ្រោះ បណ្ដាលឱ្យស្លាប់ និងរបួសនេះ មិនមែនដើម្បីចេញមុខការពារតុលាការ ដែលបានដាក់បទចោទលើជនល្មើសនោះទេ។ រដ្ឋមន្រ្តីយុត្តិធម៌ លោក កើត រិទ្ធ អះអាងបែបនេះ នៅក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃទី២៦ មិថុនា ឆ្លើយតបនឹងការលើកឡើងថា ក្រសួងមិនគួរចេញមុខធ្វើសន្និសីទកាសែត ការពារតុលាការនោះទេ។



«ការលើកឡើងមិនខុសទេ តែក៏មិនត្រឹមត្រូវដែរ»។ នេះបើតាមលោក កើត រិទ្ធ ដែលបានបន្ថែមថា ការធ្វើសន្និសីទកាសែតនេះ មិនមែនដើម្បីការពារតុលាការនោះទេ ព្រោះបើចៅក្រមធ្វើខុស, ចៅក្រមបំពានច្បាប់ នោះចៅក្រម ក៏នឹងត្រូវទទួលខុសត្រូវ ទាំងផ្លូវវិន័យ និងផ្លូវច្បាប់ផងដែរ។
 
តុលាការ និងចៅក្រម មិនមានសិទ្ធិចេញមុខបកស្រាយ និងធ្វើសន្និសីទកាសែត បង្ហាញសាធារណជន និងអ្នកសារព័ត៌មាន អំពីការសម្រេចណាមួយក្នុងសំណុំរឿងនោះទេ ព្រោះជាគោលការណ៍ច្បាប់ គឺមិនអនុញ្ញាតឱ្យស្ថាប័នអំណាចកំពូលមួយនេះ ធ្វើដូច្នេះឡើយ។ នេះបើតាមលោក កើត រិទ្ធ។
 
រដ្ឋមន្រ្តីយុត្តិធម៌ បានបន្ថែមថា៖«ហើយម្យ៉ាងទៀត រាល់សេចក្តីសម្រេចត្រូវឆ្លងកាត់តាមនីតិវិធីមួយច្បាស់លាស់ ដែលភាគីពាក់ព័ន្ធក្នុងសំណុំរឿង ប្រើប្រាស់រាល់ទឡ្ហីករណ៍នានា ដើម្បីការពារផលប្រយោជន៍ខ្លួនទៅតាមផ្លូវច្បាប់…»។
 
បើតាមលោក កើត រិទ្ធ ការធ្វើសន្និសីទកាសែតនេះ គឺចង់បង្ហាញដល់សាធារណជន ពីគោលជំហរ ចំណាការ និងការអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងសំណុំរឿងនេះ៕

អត្ថបទទាក់ទង
 

Tag:
 កើត រិទ្ធ
  យុត្តិធម៌
  ស្រី ស៊ីណា
© រក្សាសិទ្ធិដោយ thmeythmey.com