អន្តរជាតិ
ចិន ពិន័យប្រាក់ក្រុមហ៊ុន Evergrande ៥៧៧លានដុល្លារ ក្រុមហ៊ុន Evergrande និង លោកHui Ka Yan ស្ថាបនិកក្រុមហ៊ុន (ក្នុងរង្វង់)។ រូបភាព AFP
× ក្រុមហ៊ុនចិន Evergrande ដែលកំពុងផុងខ្លួនក្នុងបំណុលដ៏ច្រើនសន្ធឹក នៅថ្ងៃទី៣១ ខែឧសភា ត្រូវបានអាជ្ញាធរចិន ពិន័យជាប្រាក់ ៥៧៧,១លានដុល្លារ ពាក់ព័ន្ធនឹងការបន្លំក្នុងការរកស៊ី។ ចំណែកស្ថាបនិកក្រុមហ៊ុន លោក Hui Ka Yan ក៏ត្រូវបាននិយ័តករចិនពិន័យប្រាក់ប្រមាណ ៦,៦លានដុល្លារផងដែរ។
ខណៈរឿងអាស្រូវជំពាក់បំណុលមិនទាន់ចប់ ក្រុមហ៊ុនចិន Evergrande ត្រូវបានគណៈកម្មការបទបញ្ញត្តិភាគហ៊ុនចិន ពិន័យជាប្រាក់ដ៏ច្រើនសន្ធឹក ដោយសារបន្លំឯកសារ ក្នុងគោលបំណងដាក់លក់មូលបត្របំណុលដ៏ច្រើន។
«នៅចន្លោះឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ក្រុមហ៊ុនអចលនទ្រព្យ Evergrande បានបន្លំការបង្កើនចំណូល និងប្រាក់ចំណេញ មុនពេលកំណត់ ដើម្បីដាក់លក់មូលបត្របំណុលជាសាធារណៈ លើទីផ្សារភាគហ៊ុន»។ គណៈកម្មការបទបញ្ញត្តិភាគហ៊ុនចិន បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញនៅថ្ងៃទី៣១ ខែឧសភា។
ទន្ទឹមនេះ និយ័តករចិន បានពិន័យប្រាក់ប្រមាណ ៥,៥លានដុល្លារលើលោក Hui Ka Yan ដែលជាស្ថាបនិកក្រុមហ៊ុនផងដែរ រួមទាំងហាមឃាត់ឈានជើងចូលផ្សារហ៊ុនមួយជីវិត។
ក្រុមហ៊ុន Evergrande ជាក្រុមហ៊ុនអចនលទ្រព្យខ្នាតយក្សមួយរបស់ចិន ដែលជាប់បំណុលរហូតដល់ ៣០០ពាន់លានដុល្លារឯណោះ។ កាលពីដើមឆ្នាំ តុលាការហុងកុង បានប្រកាសឱ្យក្រុមហ៊ុនទូទាត់ជម្រះបញ្ជីបំណុល ក្រោយមិនមានផែនការសងបំណុលច្បាស់លាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com