កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ពិន័យ Nsue ដែលលេងឱ្យជម្រើសជាតិហ្គីណេអេក្វាទ័រទាំងខុសច្បាប់ ១១ឆ្នាំ
04, Jun 2024 , 4:19 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) សម្រេចពិន័យ Emilio Nsue មិនឱ្យចូលរួមប្រកួតអន្តរជាតិរយៈពេល៦ខែ ក្រោយរកឃើញថាម្ចាស់ស្បែកជើងមាសពានរង្វាន់អាហ្វ្រិក Africa Cup of Nations រូបនេះ លេងឱ្យក្រុមជម្រើសជាតិគីណេអេក្វាទ័ទាំងខុសច្បាប់ ១១ឆ្នាំ។ សហព័ន្ធកីឡាបាល់ទាត់ហ្គីណេអេក្វាទ័រ ក៏រងពិន័យជាប្រាក់យ៉ាងច្រើនផងដែរ ចំនួន ១៦៤,០០០ ដុល្លារ។



កាលពីខែធ្នូ ឆ្នាំ ២០១៣ FIFA មិនអនុញ្ញាតឱ្យ Nsue លេងឱ្យក្រុមជម្រើសជាតិ គីណេអេក្វាទ័រ ឡើយ ដោយសាររូបគេបង្ហាញខ្លួនច្រើនដងក្នុងក្រុមយុវជនអេស្ប៉ាញ ពី U-16 រហូតដល់ U-21។

យ៉ាងណាក៏ដោយប្រធានក្រុមហ្គីណេអេក្វាទ័ររូបនេះ នៅតែបន្តតំណាងឱ្យក្រុមដោយមិនគិតពីអ្វីទាំងអស់ រហូតបង្ហាញខ្លួន៤៣ប្រកួត និងរកបាន២២គ្រាប់។ ១១ឆ្នាំក្រោយ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក បើកការស៊ើបអង្កេតជាថ្មីលើសិទ្ធិរបស់ Nsue ក្នុងខែមីនា ឆ្នាំ២០២៤ ដោយខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះ ទទួលបានរយៈពេល ៦ថ្ងៃដើម្បីឆ្លើយតប ប៉ុន្តែ FIFA អះអាងថា មិនមានការឆ្លើយតបណាមួយដែលស្ថាប័នខ្លួនទទួលបានឡើយ។
 
ក្រោយការវិនិច្ឆ័យ FIFA នៅថ្ងៃទី៣ ខែមិថុនា បានសម្រេចដកសិទ្ធិរបស់ Nsue មិនឱ្យចូលរួជាមួយហ្គីណេអេក្វាទ័រក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup 2026 តំបន់អាហ្វ្រិក ទល់ណាមីប៊ី និងលីបេរីយ៉ា។ 
 
លើសពីនេះ FIFA ក៏បានហាម Nsue មិនឱ្យបង្ហាញខ្លួនក្នុងការប្រកួតអន្តរជាតិរយៈពេល ៦ខែ និងពិន័យសហព័ន្ធកីឡាបាល់ទាត់ហ្គីណេអេក្វាទ័រជាប្រាក់ ១៦៤,០០០ ដុល្លារថែមទៀត។
 
Nsue ដែលសព្វថ្ងៃប្រកបអាជីពក្នុងក្រុម CF Intercity នៃលីគទី៣អេស្ប៉ាញ បានឈ្នះស្បែកជើងមាសក្នុងព្រឹត្តិការណ៍ Africa Cup of Nations ឆ្នាំ២០២៣ ក្រោយស៊ុតបញ្ចូលទី៥គ្រាប់ច្រើនជាងគេនៅ ក្នុងការបង្ហាញខ្លួនចំនួន៤ប្រកួត។ Nsue ធ្លាប់លេងឱ្យក្លិបធំៗដូចជា Mallorca, Real Sociedad, Middlesbrough និង Birmingham City ជាដើម ចាប់តាំងពីប្រកបអាជីពជាកីឡាករបាល់ទាត់ពីឆ្នាំ ២០០៦មក៕
 

Tag:
 FIFA
  Emilio Nsue
© រក្សាសិទ្ធិដោយ thmeythmey.com