កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ កត្តាអ្វី ទើបដាណឺម៉ាក់ ស្មើពិន្ទុ ស្លូវេនី តែបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូល?
26, Jun 2024 , 9:29 pm        
រូបភាព
ដាណឺម៉ាក ឈ្នះកៅអីទៅកាន់វគ្គ ១៦ក្រុមពានរង្វាន់ Euro 2024 ក្នុងនាមជាក្រុមលេខ ២ នៅក្នុងពូល E ក្រោយប្រកួតស្មើក្រុមស៊ែប៊ី ០-០ ទោះជាពួកគេមានពិន្ទុស្មើនឹងក្រុមស្លូវេនី និងស្ថិតិការប្រកួតដូចគ្នាទាំងការស៊ុតបញ្ចូលទី និងបាល់គេស៊ុតចូល រួមទាំងការទទួលពិន័យជាកាតក្នុងការប្រកួតជាដើម។ កត្តាអ្វីខ្លះ ដែលធ្វើឱ្យដាណឺម៉ាកទទួលបានលេខ២ ហើយស្លូវេនី បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣?



ប្រហែលជាមានចម្ងល់ជាច្រើន ទៅលើការផ្តល់កៅលេខ២ ទៅកាន់ដាណឺម៉ាក ខណៈស្លូវេនី ទទួលបានលេខ៣។ ដាណឺម៉ាក់ បញ្ចប់ការប្រកួតត្រឹមលទ្ធផលស្មើ ០-០ ទល់នឹងក្រុមស៊ែប៊ី ដែលជួយឱ្យពួកគេបញ្ចប់ចំណាត់លេខ ២ ពីលើក្រុមស្លូវេនី ដែលមានពិន្ទុដូចគ្នា និងស្ថិតិការប្រកួតដូចគ្នាទាំងស្រុង។ ស្លូវេនី ប្រកួតស្មើក្រុមជម្រើសជាតិអង់គ្លេស ០-០ ដូចគ្នា សម្រាប់ជំនួបង្ហើយពូល E ក្នុងទីក្រុង Cologne។
 
ពូល E នេះទៀតសោត អង់គ្លេសប្រកួតស្មើ បានន័យថាពួកគេ បានបញ្ចប់ការប្រកួតវគ្គចែកពូលដោយមាន ៥ពិន្ទុ នឹងឡើងវគ្គបន្ត ក្នុងនាមជាក្រុមកំពូលតារាង ជាមួយដាណឺម៉ាក នៅ​លេខ ២ និងស្លូវេនី លេខ៣ល្អ។ ដាណឺម៉ាក និងស្លូវេនី ទាំងពីរនេះមាន ៣ពិន្ទុ ដូចគ្នា ពីការប្រកួតស្មើទាំង ៣លើក ដូចគ្នា។ 
 
ស្ថិតិស្មើរបស់ក្រុមទាំងពីរ បានន័យថា ក្រុមពីរនេះមានចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីដូចគ្នា​ ត្រូវបានគេស៊ុតបញ្ចូលទីវិញដូចគ្នា ហើយការកាត់សេចក្តីទៅតាមរូបមន្តរបស់សហព័ន្ធបាល់​ទាត់អឺរ៉ុប UEFA ក្រុមទាំងពីរនេះ ស្ថិតក្នុងនាមជាក្រុមមានស្ថិតិការប្រកួតស្មើគ្នា។ UEFA នឹងត្រូវបន្តទៅគិតថា តើក្រុមមួយណាទទួលបានចំនួនកាតលឿងច្រើនជាងគេ ប៉ុន្តែលើច្បាប់មួយនេះ ទាំងពីរក្រុម គឺមានចំនួនកាតលឿងដូចគ្នាថែមទៀត ក្រោយឆ្លងកាត់ការប្រកួតទាំង ៣លើកនេះ។
 
ផ្អែកទៅលើការទទួលបានចំនួនកាតលឿង ក្រៅពីក្រុមកីឡាករស្លូវេនី ដែលមានចំនួនកាតលឿងស្មើដាណឺម៉ាក ចំនួន៦ដូចគ្នា UEFA ក៏បានឈានដល់ ការគិតចំនួនកាតលឿងក្រុមគ្រូបង្វឹក ដោយជំនួយការរបស់លោក Novakovic Milivoje គ្រូបង្វឹកស្លូវេនី ទទួលបានកាតលឿងមួយ ក្នុងចំណោមការប្រកួតទាំង ៣ប្រកួតនោះ។ លើករណីនេះ ដាណឺម៉ាក មានកំណត់ត្រាល្អជាង ក្នុងនាមជាក្រុមមានវិន័យល្អ ជាងស្លូវេនី។ 
 
ក្រៅពីនេះ បើតាមការពន្យល់របស់អ្នកកាសែតល្បីមួយរូប គឺលោក Will Jeanes របស់កាសែត The Athletic លក្ខខណ្ឌផ្សេងទៀត ដាណឺម៉ាក ឈរនៅចំណាត់ថ្នាក់លេខ ២ ផ្អែកទៅលើការបញ្ចប់ចំណាត់ថ្នាក់ល្អរបស់ពួកគេ ខ្ពស់ជាងស្លូវេនី កាលពីវគ្គជម្រុះតំបន់ នៃព្រឹត្តិការណ៍ Euro 2024។
 
កាលពីវគ្គជម្រុះតំបន់ ទាំងដាណឺម៉ាក និងស្លូវេនី នេះក៏ធ្លាប់ស្ថិតក្នុងពូលជាមួយគ្នាផងដែរ ដោយក្រុមទាំងពីរនេះ បញ្ចប់ការប្រកួតជម្រុះ ដោយមាន ២២ពិន្ទុ ដូចគ្នា។ ប៉ុន្តែយ៉ាងណាកាលនោះ ដាណឺម៉ាក មានស្ថិតិការប្រកួតល្អជាងស្លូវេនី ដោយដាណឺម៉ាក ពេលប៉ះស្លូវេនី ពួកគេបានប្រកួតយកឈ្នះលទ្ធផល ២-១ ចំណែកស្លូវេនី នៅជើងទីពីរ បានត្រឹមតែស្មើ។ 
 
ដាណឺម៉ាក ឈរលេខ ១ ក្នុងពូល ដោយការគិតទៅលើជំនួបធ្លាប់ប៉ះគ្នាទាំង ២លើក ទោះមាន ២២ពិន្ទុស្មើគ្នា និងគ្រាប់ស៊ុតចាញ់ស្លូវេនី ១គ្រាប់ ដោយ ១៩គ្រាប់ ទល់ស្លូវេនី ស៊ុតបញ្ចូល​ទី ២០គ្រាប់ ហើយដាណឺម៉ាករបូតគ្រាប់បាល់ ១០គ្រាប់។ ចំណែកស្លូវេនីរបូតគ្រាប់បាល់ត្រឹមតែ ៩គ្រាប់ ក៏ដោយក្តី៕
 

Tag:
 Euro 2024
  ដាណឺម៉ាក
© រក្សាសិទ្ធិដោយ thmeythmey.com